Apple កំពុងស៊ើបអង្កេតមើលថា តើ iPhone SE ពិតជាមានបញ្ហាប្រព័ន្ធសំឡេង (Audio) អន់គុណភាពពេលភ្ជាប់តាម Bluetooth មែនឬអត់
ថ្មីៗនេះមានការត្អូញត្អែរពីអតិថិជនបង្ហោះឡើងនៅលើវែបសាយបញ្ចេញមតិរបស់ Apple ថា ទូរស័ព្ទ iPhone SE មានបញ្ហាមួយទាក់ទងនឹងគុណភាពសំឡេង (អូឌីយូ) ពេលភ្ជាប់ទៅកាន់ឧបករណ៍បន្សំ (accessories) តាម Bluetooth។
មតិរបស់អតិថិជនក៏បានលើកឡើងថា បញ្ហាមិនមែនកើតតែនៅលើការភ្ជាប់តាម Bluetooth នោះទេ គឺសូម្បីតែដោតខ្សែតាមរន្ធកាសផ្ទាល់ក៏មានបញ្ហាសំឡេងអន់គុណភាពដែរ។ បញ្ហាដែលត្រូវគេរកឃើញគឺនៅពេលគេភ្ជាប់ទូរស័ព្ទ iPhone SE ជាមួយនឹងឧបករណ៍បំពងសម្លេង (speaker) ក្នុងរថយន្តតាម Bluetooth។
សំឡេងអន់គុណភាពត្រូវគេរាយការណ៍ថា វាមានលក្ខណៈដូចជាសំឡេងកង់ ឬស្រដៀងមនុស្សយន្ត (រ៉ូបូត) និងខូចទ្រង់ទ្រាយសំឡេង នៅពេលខលទូរស័ព្ទ ប្រព័ន្ធមុខងារសំឡេងនៅលើ GPS និងមុខងារខលវីដេអូ FaceTime ក៏ដូចគ្នា ប៉ុន្តែសេវាកម្មតន្ត្រីអនឡាញ (streaming music) ពុំជះឥទ្ធិពលឡើយ។
ពេលនេះក្រុមបច្ចេកទេសរបស់ Apple កំពុងស៊ើបអង្កេតស្វែងរកបញ្ហាដែលអតិថិជនបានរាយការណ៍ខាងលើ និងដើម្បីប្រញាប់ដោះស្រាយជូនអតិថិជន។ សូមបញ្ជាក់ថា បញ្ហានេះ វាមានលក្ខណៈស្រដៀងនឹងបញ្ហាដែលបានកើនមានក្នុងខែតុលា ឆ្នាំ២០១៤ គឺទៅលើតំណភ្ជាប់ Bluetooth ជាមួយប្រព័ន្ធអូឌីយូរថយន្តដោយប្រើ iPhone ដែរ ក្រោយពីបានអាប់ដេតប្រព័ន្ធទៅ iOS 8។ យ៉ាងណាក្រោយពេលបញ្ចេញ iOS 8.1 បញ្ហាក៏ត្រូវបានដោះស្រាយវិញ៕