កាមេរ៉ារបស់ Mate 9 អាច​ដល់ 4X optical zoom និង​មាន​​អេក្រង់​កោង ​ដូច Note 7 តែ​​អ្នក​អាច​​ស្លុត​ចិត្ត​នឹងតម្លៃ​ក៏​ថា​បាន​



សង្កេតឃើញមួយរយៈពេលចុងក្រោយ បណ្ដាសារព័ត៌មានអន្តរជាតិធំៗមួយចំនួន បានចុះផ្សាយព្រោងព្រាតពីលក្ខណៈសម្បត្តិដែលត្រូវរំពឹងទុកនៅលើកំពូលស្មាតហ្វូនកូនកាត់ថេប្លេតត្រកូល Mate គឺ Huawei Mate 9។ ចំណែកពេលនេះ គណនីល្បីឈ្មោះនៅលើបណ្ដាញសង្គម Twitter ដែលទាយកម្រខុស @evleaks បានអះអាងថា Huawei Mate 9 នឹងមានសមត្ថភាពកាមេរ៉ា 4X optical zoom ប៉ុន្តែបើបានឮតម្លៃវិញ ប្រហែលអាចធ្វើឱ្យលោកអ្នកស្លុតចិត្តបាន។ តម្លៃ Huawei Mate 9 Pro អាចឈានដល់ ១៣០០ដុល្លារអាមេរិកខ្ពស់ជាង Galaxy Note 7 និង Galaxy S7 edge របស់ Samsung ទៅទៀត ហើយប្រហាក់ប្រហែលនឹងទូរស័ព្ទ iPhone ពេលចេញលក់លើទីផ្សារពេលដំបូងទៅហើយ។ តម្លៃនេះ គឺនិយាយទៅលើម៉ូដែល Mate 9 Pro ដែលនឹងមានអេក្រង់កោងបញ្ឆិតសងខាង (dual curved screen) ដូចជា Note 7 ដែរ និងមានទំហំអេក្រង់ ៥,៩អ៊ីញកម្រិត Quad HD មានមេម៉ូរីទំហំ 256GB ដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Android 7.1 Nougat ពីក្នុងប្រអប់ស្រាប់។ លក្ខណៈសម្បត្តិប៉ុណ្ណេះ ប្រហែលប្រិយមិត្តសុទ្ធតែលាន់មាត់សរសើរណាស់ហើយ ប៉ុន្តែអ្នកដឹងពីតម្លៃវិញ ប្រហែលអាចឱ្យអ្នកពិចារណាយូរបន្តិច ដោយសារតម្លៃរបស់វា ប្រហាក់ប្រហែលនឹង iPhone ទៅហើយ។ បន្ទាប់ពីបញ្ចេញសមិទ្ធផលទូរស័ព្ទកំពូល P9 ជាមួយបច្ចេកវិទ្យាកាមេរ៉ា Leica បានជួយលើកស្ទួយមុខមាត់ក្រុមហ៊ុន រឹតតែមានឈ្មោះបោះសំឡេង ជាក្រុមហ៊ុនមានសមត្ថភាពផលិតស្មាតហ្វូនមានកាមេរ៉ាច្បាស់ល្អ លើពិភពលោក។ គេរំពឹងថា Huawei នឹងរឹតតែអភិវឌ្ឍបច្ចេកវិទ្យាកាមេរ៉ារបស់ទូរស័ព្ទត្រកូល Mate ថ្មីនេះ ឱ្យរឹតតែទំនើបជាងមុន ដោយបន្ថែមសមត្ថភាព 4x Optical Zoom ស្រដៀងនឹង iPhone 7 Plus ដែរ គឺប្រើ lens ប្រភេទ "telephoto" ផ្ដល់ទំហំរូបធំជាងកម្រិត wide-angle ទៅទៀត៕  
X
5s