ក្រុមហ៊ុន Sony ទម្លាយការពិតពីមូលហេតុដែលខ្លួនបោះបង់ចោលរន្ធកាស Headphone Jack
នៅសមាជទូរស័ព្ទពិភពលោក MWC កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Sony បានបង្ហាញចេញស្មាតហ្វូនស៊េរីថ្មី Xperia XZ2។ ខណៈដែលស្មាតហ្វូនភាគច្រើននាពេលបច្ចុប្បន្នត្រូវបានឌីហ្សាញបន្ថយសាច់គែមអេក្រង់កាន់តែស្ដើង និងមានលក្ខណៈកោងនោះ ចំណែក Sony ក៏បានធ្វើការផ្លាស់ប្ដូរមួយគឺបានដករន្ធកាស headphone jack ចេញពីស្មាតហ្វូនស៊េរីក្រោយរបស់ខ្លួន។ ពេលនេះក្រុមហ៊ុនបានពន្យល់ពីមូលហេតុរបស់ខ្លួននៅពីក្រោយការដករន្ធកាស ដែលវាហាក់ជាការដើរតាមគន្លងលក្ខណៈនៃ iPhone 7 របស់ Apple ។
https://youtu.be/tCBPCcjTEu0
នៅក្នុងព្រឹត្តិការណ៍ MWC 2018 របស់ Sony Mobile ក្រុមហ៊ុនជប៉ុននេះ ត្រូវបានសាធារណជនសួរទៅកាន់ខ្លួនថា តើហេតុអ្វីបានជាដករន្ធកាស Jack នៅលើស្មាតហ្វូនថ្មីទាំងពីរ Xperia XZ2 និង XZ2 Compact ។ ចម្លើយគឺថា ជាការពិតណាស់ គឺដើម្បីបង្កើតការរចនាដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុន Sony បានលើកឡើងថា ៖ “នេះគឺជាផ្នែកមួយនៃការផ្លាស់ប្ដូររចនាបថជុំវិញទូរស័ព្ទ។ ក្នុងគោលបំណង ដើម្បីបង្កើតរចនាបថរូបរាងទូរស័ព្ទឱ្យបានស្អាត អ្នករចនារបស់យើងត្រូវការដករន្ធកាសចេញ។ លើសពីនេះទៀត យើងដឹងពីតម្រូវការចង់បាននៅលើទីផ្សារ ដែលកំពុងចាប់អារម្មណ៍ខ្លាំងលើកាសឥតខ្សែជាងកាសប្រើខ្សែ"។
https://youtu.be/2YmHUbzYg04
យ៉ាងណា ការឌីហ្សាញដករន្ធកាសនៅលើស្មាតហ្វូន Sony ថ្មីនេះ ហាក់ដូចជាចម្លែកខុសគេបន្តិច ខណៈសូម្បីតែស្មាតហ្វូនកំពូលរបស់ Samsung គឺ Galaxy S9 និង S9+ នៅតែរក្សារន្ធកាសដ៏មានអាយុកាលជាយូរមកហើយនេះដដែល។ ប៉ុន្តែអ្នកក៏អាចប្រើដុំតំណ adapter សម្រាប់ប្រើជាមួយកាសខ្សែបាន ហើយ adapter នោះគាំទ្របច្ចេកវិទ្យា Hi-Res Audio របស់ Sony ផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ techspot