Honor ចេញ​ Laptop ដំបូង​របស់​ខ្លួន​ MagicBook សមត្ថភាព​ខ្លាំង​ប្រើ​ CPU ជំនាន់​ទី៨​



នៅ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ Honor ​នៅ​សប្ដាហ៍​នេះ ក្រុមហ៊ុន​ថែមទាំង​បាន​បង្ហាញ​កុំព្យូទ័រ​យួរដៃ​ដំបូង​របស់​ខ្លួន​ផង​ដែរ ដែល​មាន​ឈ្មោះ Honor MagicBook។ កុំព្យូទ័រ notebook ​ដំបូង​នេះ ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ស្លីម កម្រាស់ និង​គែម​អេក្រង់​ស្ដើង​ទាន់សម័យ។ ​ឡេបថប​អេក្រង់ ១៤អ៊ីញ​ថ្មី​ដំបូង​របស់ Honor ​នេះ​នឹង​មាន​លក់​ចាប់ពី​សប្ដាហ៍​ក្រោយ ជាមួយ​តម្លៃ​ចាប់ពី ៨០០ដុល្លារ ដែល​នឹង​មាន​ជម្រើស​លក្ខណៈ​សម្បត្តិ​ពីរ​ផ្សេង​គ្នា។

Honor MagicBook ​ប្រើ CPU intel Core i7-8550U ​គាំទ្រ RAM 8GB ​និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB ​ក៏​ដូច​ជា​ក្រាហ្វិក NVIDIA GeForce MX150 ​។ ម៉ូដែល​លក្ខណៈ​សម្បត្តិ​នេះ​នឹង​មាន​លក់​ក្នុង​តម្លៃ ៥៦៩៩យន់ ឬ​ប្រហែល ៩០០ដុល្លារ។ រីឯ​ម៉ូដែល​លក្ខណៈ​សម្បត្តិ​មួយ​ទៀត នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ត្រឹម ៨០០ដុល្លារ ឬ ៤៩៩៩យន់ ​ហើយ​ប្រើ​ CPU ​ប្រភេទ Intel Core i5-8250U ​អម​ដោយ RAM 8GB ​និង​មាន​អង្គ​ចងចាំ​ 256GB ​ហើយ​មាន​ក្រាហ្វិក NVIDIA GeForce MX150។

​កុំព្យូទ័រ MagicBook ​ប្រើ​ថាមពល 57Wh ​ដែល​អាច​សាកថ្ម​នៅ​ចន្លោះ​ពី ១២ម៉ោង ទៅ ១៣ម៉ោង​ក្រោយ​សាកថ្ម​ពេញ។ ម៉ាស៊ីន notebook ​ទំនើប​នេះ មាន​រន្ធ USB Type-C, USB 3.0 Type-A ​និង USB 2.0 ​Type-A ក៏​ដូច​ជា​រន្ធ HDMI ​និង​មាន​មុខងារ​ស្កេន​ក្រយៅដៃ ហើយ​កាន់តែ​ពិសេស​វា​បាន​បំពាក់ speaker ដល់​ទៅ៤ ​ជាមួយ​បច្ចេកវិទ្យា Dolby Atmos។ សម្រាប់​ព័ត៌មាន​លំអិត​បន្ថែម​អំពី​លក្ខណៈ​សម្បត្តិ​នៃ Honor MagicBook ​អាច​ចូល​ទៅ​កាន់​វែបសាយ​ផ្លូវការ​របស់ Huawei Honor។ ​ក្រុមហ៊ុន Honor មិន​ទាន់​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នឹង​ដាក់​លក់​ Laptop រាង​ស្លីម​ដំបូង​របស់​ខ្លួន​នៅ​ឡើយ៕ ​ដោយ៖ រឹទ្ធិរាជ
X
5s