ប្រសិនបើស្មាតហ្វូន Huawei ប្រើ Facebook ឫ Google លែងបាន ក្រុមហ៊ុន Yako នឹងសង់ពេញថ្លៃ!​ភ្នំពេញ ថ្ងៃទី​​ 8 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជាតំណាងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនHuawei ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីធ្វើសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីម្សិលមិញ នៅ​ Hard Rock Café ដើម្បីឆ្លើយតបទៅនិងព័ត៌មានផ្សេងៗពីផលិតផល Huawei។

លោក Jonny នាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Yako Technology បានធ្វើសេចក្តីថ្លែងការណ៍ថា​ “ ប្រសិនបើ ស្មាតហ្វូនឫថេបប្លេត Huawei ណាមួយ ដែលបានចែកចាយដោយក្រុមហ៊ុនយ៉ាកូ ទាំងម៉ូដែលចាស់និងម៉ូដែលកំពុងមានលក់នៅលើទីផ្សារ មានបញ្ហាក្នុងការប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុនយ៉ាកូ នឹងធ្វើការទទួលខុសត្រូវ ចំពោះអតិថិជន។​ ប្រសិនបើបន្ទាប់ពីការត្រួតពិនិត្យ ឫការជួសជុលដោយ ក្រុមហ៊ុនយ៉ាកូ រួចហើយ ប៉ុន្តែស្មាតហ្វូនឫថេបប្លេតនោះ នៅតែមានបញ្ហា ក្រុមហ៊ុនយ៉ាកូនឹងធានាទិញស្មាតហ្វូនឫថេបប្លេតនោះ ក្នុងតម្លៃដែលក្រុមហ៊ុនបានលក់ជូនអតិថិជន ដោយអតិថិជនគ្រាន់តែបង្ហាញនូវវិក័យប័ត្ររបស់ខ្លួន។”

សេចក្តីថ្លែងការណ៍នេះ​ ហាក់បីដូចជាធ្វើឲ្យអតិថិជននៅប្រទេសកម្ពុជា កាន់តែមានទំនុកចិត្ត និងមិនមានការព្រួយបារម្ភទៀតឡើយលើស្មាតហ្វូនឫថេកប្លេត Huawei។​ ក្រុមហ៊ុន Yako Technology បានដំណើរការក្នុងទីផ្សារប្រទេសកម្ពុជាជាង 12 ឆ្នាំមកហើយ។​

ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើអតិថិជន ដើម្បីឲ្យប្រាកដថាពួកគេទទួលបានបទពិសោធន៍ល្អបំផុតក្នុងការប្រើប្រាស់ផលិតផល​ Huawei ដោយមានការពេញចិត្ត និងតែងតែផ្តល់សេវាកម្មនានាបន្ទាប់ពីការលក់ជូនអតិថិជន។

ប្រសិនបើអ្នកឫមិត្តភក្តិរបស់អ្នកដែលកំពុងប្រើប្រាស់ស្មាតហ្វូនឫថេបប្លេត Huawei មានបញ្ហាទាំងនេះ អ្នកអាច យកស្មាតហ្វូនឫថេបប្លេតនោះទៅហាងទូរសព្ទដែលអ្នកបានទិញ។ ក្រុមការងាររបស់ក្រុមហ៊ុន Yako នឹងត្រួត​ ពិនិត្យ និងផ្តល់ដំណោះស្រាយដូចអ្វីដែលបានសន្យា។

ដូច្នេះ សូមអតិថិជនទាំងអស់ កុំបារម្ភឲ្យសោះថា ស្មាតហ្វូនឫថេបប្លេតរបស់អ្នក នឹងក្លាយជាដុំថ្ម ដូចពាក្យពាក្យចចាមអារ៉ាម។