បច្ចេកវិទ្យា ៣ នេះ​នឹង​​វាយលុក​អាជីវកម្ម​របស់​អ្នក​នៅ​ពេល​អនាគត​



កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​ស្វីស KPMG ​បាន​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពូលៗ​ក្នុង​លោក​ចំនួន ៨០០ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​ទស្សនាវដី្ត​​ដ៏​ល្បីល្បាញ​ Fortune 500។ នៅ​ក្នុង​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​ ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​​ថា មាន​បច្ចេកវិទ្យា​ចំនួន ៣ ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ខ្លាំងក្លា​ឡើង​​ត្រឹមតែ​​រយៈពេល​២ ឆ្នាំ​ខាងមុខ។ 

តាម​ការ​គូសបញ្ជាក់​ពី​ក្រុមហ៊ុន​​ខាងលើ បច្ចេកវិទ្យា​ទាំង​៣​នេះ ដើរ​តួនាទី​សំខាន់​ណាស់​សម្រាប់​ម្ចាស់​អាជីវកម្ម​នៃ​យុគសម័យ​ថ្មី​ដែល​ក្នុង​នោះ​​គឺ​៖ 

១. បច្ចេកវិទ្យា​អ៊ីនធឺណិត Internet of Things (IoT)
Internet of Things (ការ​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ទៅ​កាន់​ឧបករណ៍​បច្ចេកវិទ្យា)​ គឺ​ជា​និន្នាការ​​នៃ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​​​មួយ​នៅ​ពេល​បច្ចុប្បន្ន។ ម្ចាស់​​ក្រុមហ៊ុន​ធំៗ​​ក្នុង​លោក​ចំនួន ២០% បាន​ទទួលស្គាល់​ថា វា​កំពុង​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​កំពុង​ផ្លាស់ប្ដូរ​។ ឧបករណ៍​តភ្ជាប់ (Devices) កាន់តែ ឆ្លាតវៃ​ទៅៗ។ យ៉ាងណាមិញ IoT ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​កូរ៉េខាងត្បូង​ ដោយសារ​តែ​ទំហំ​ប្រជាជន (ជា​​ពិសេស​ឥណ្ឌា​) និង​ការ​កើនឡើង​នៃ​ក្រុម​អ្នក​មាន​។ 

ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​ចិន IDC ​បាន​រក​​ឃើញ​​ថា ការ​ចំណាយ​លើ IoT ​បាន​​កើនឡើង ១៧% នៅឆ្នាំ ២០១៧ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦។  IoT ពេញ​និយម​នៅ​ក្នុង​ការ​​​​​ជួយ​ឲ្យ​មាន​ការ​កែប្រែ​មុខមាត់​អាជីវកម្ម ​ពោល​គឺ​វា​បង្កើន​ប្រសិទ្ធភាព​អាជីវកម្ម ​ផលិតភាព​ ​ចំណាយ​តិច ងាយស្រួល និង​កាន់តែ​ឆាប់រហ័ស​ជាង​មុន។ 

ដូច្នេះ​រឿង​នេះ​មិនមែន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ឡើយ ត្បិតអី​​បច្ចេកវិទ្យា​មួយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​​នឹង​មាន​សក្ដានុពល​កាន់តែ​ខ្លាំងក្លា។ នៅ​ក្នុង​ឆ្នាំ ២០២០ ខាងមុខ​ ក្រុមហ៊ុន Gartner ជឿជាក់​ថា ​​ឧបករណ៍​តភ្ជាប់ (Devices) ចំនួន​ ២០,៤ ពាន់​លាន​​នឹង​ត្រូវ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​មួយ​នេះ ហើយ​នៅ​ក្នុង​ឆ្នាំ ២០២១ ការ​ចំណាយ​លើ IoT នឹង​កើន​ដល់​ទៅ ១,៤ ពាន់​ពាន់​លាន​ដុល្លារ​ឯណោះ​។

២. បច្ចេកវិទ្យា​រ៉ូបូត​ (Robotics)
ម្ចាស់​​ក្រុមហ៊ុន​កំពូលៗ​ក្នុង​លោក​​ចំនួន ៧% យល់​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា រ៉ូបូត នឹង​ក្លាយ​ជា​បច្ចេកវិទ្យា​ពេញនិយម​ជាងគេ​បំផុត​លំដាប់​ទី២។ បច្ចេកវិទ្យា​មួយ​នេះ​មាន​ការ​អភិវឌ្ឍ​កាន់តែ​ទំនើប ដោយ​មាន​បំពាក់​ដោយ​ឧបករណ៍​ចាប់​សញ្ញា (Sensors) ភាព​ឆ្លាតវៃ និង​មាន​សមត្ថភាព​ខ្ពស់។ នៅ​ក្នុង​ករណី​ជា​ច្រើន វត្តមាន​របស់​វា​គឺ​ជំនួស​ឲ្យ​ការងារ​​​ណា​មួយ​ដែល​មនុស្ស​មិន​អាច​ធ្វើ​បាន​​មិន​ថា​ ការងារ​សាមញ្ញ ឬ ការងារ​គ្រោះថ្នាក់​នោះ​ឡើយ។ 

គេ​រំពឹង​ថា ការ​ចំណាយ​លើ​បច្ចេកវិទ្យា​មួយ​នេះ​នឹង​កើន​ឡើង​ដល់ ២២៦ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២១។ កាល​ពី​ឆ្នាំ ២០១៦ កន្លង​ទៅ​​វា​បាន​ឆ្លងផុត​​ព្រំដែន​របស់​វា​ ចូល​មក​ជំនួស​ឲ្យ​ការងារ​របស់​មនុស្ស​​​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ដែល​មិនមែន​ជា​វិស័យ​ឧស្សាហកម្ម។  សម្បត្តិ​ដ៏​ពិសេស​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គឺ ​​​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​​នៅ​ក្នុង​វិស័យ​អាជីវកម្ម​ ហើយ​អាច​មាន​ប្រសិទ្ធភាព​ជាង IoT ​ទៀត​ផង​។

៣. បច្ចេកវិទ្យា​ឆ្លាតវៃ​សិប្បនិម្មិត (AI)
AI កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រៀប​ដូច​ជា​ខ្យល់ព្យុះ​មួយ​ដែល​នឹង​វាយលុក​ទីផ្សារ​​​យ៉ាង​ធំ​សម្បើម​នៅ​ពេល​អនាគត។ ថ្វីត្បិត​តែ​ ក្រុមហ៊ុន​ធំៗ​ មើល​ឃើញ​ថា អាជីវកម្ម​របស់​ពួកគេ​នៅ​មិន​ទាន់​បាន​ប្រើប្រាស់​​បច្ចេកវិទ្យា​មួយ​នេះ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ និង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍ AI នឹង​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់ផ្អើល​​ជាង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​បង្កើត​ឡើង​ដោយ​មនុស្ស​នៅ​ពេល​កន្លង​មក។

ក្រុមហ៊ុន​ចិន IDC ជឿជាក់​ថា នៅ​ក្នុង​ឆ្នាំ ២០២១ ខាងមុខ ការ​ចំណាយ​លើ​បច្ចេកវិទ្យា AI នឹង​​មាន​ដល់​ទៅ ៤៦ ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ​វា​មាន​ត្រឹមតែ​ ១២,៥ ពាន់​លាន​ដុល្លារ និង​ខ្ពស់​ជាង ៦០% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៦។ 

មិន​ខុស​ពី​បច្ចេកវិទ្យា​ទាំងពីរ ខាងលើ AI ជួយ​ផ្លាស់ប្ដូរ​មុខមាត់​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​តាមរយៈ​ការ​បង្កើន​ផលិតភាព ប្រសិទ្ធភាព ពេលវេលា និង​កាត់​បន្ថយ​ការ​ចំណាយ​មក​កាន់​ចំនួន​មួយ​ទាប​បំផុត។ ក៏ប៉ុន្តែ​លក្ខណៈ​ពិសេស​​របស់​វា​នោះ​គឺ​ថា វា​ធ្វើ​ការ​កាន់តែ​ស៊ីជម្រៅ​​ដែល​អាច​រៀនសូត្រ​ ស្វែងយល់ វិភាគ ​ធ្វើ​ការ​សម្រេចចិត្ត​ដូច​អ្វី​ដែល​មនុស្ស​យើង​មាន និង​​ឆ្លាតវៃ​ជាង​មនុស្ស​ទៅ​ទៀត​។ វិស័យ​ដែល​ពេញនិយម​បំផុត​ដែល​ AI នឹង​ត្រូវ​បាន​យក​មក​ប្រើ គឺ​វិស័យ​សេវាកម្ម​ហិរញ្ញវត្ថុ។ 

វត្តមាន​ដំណាលគ្នា​នៃ​បច្ចេកវិទ្យា​ Internet of Things បច្ចេកវិទ្យា រ៉ូបូត និង AI កំពុង​បង្កើត​តម្លៃ​ទីផ្សារ​ថ្មី   និង​ជួយ​ផ្លាស់ប្ដូរ​ផលិតផល និង​សេវាកម្ម​ដែល​មាន​ស្រាប់​​នៅ​លើ​ទីផ្សារ​សាកលលោក​។ ក្នុង​ទិសដៅ​សុទិដ្ឋិនិយម បច្ចេកវិទ្យា​ទាំង​នេះ​​កំពុង​​ប្រែក្លាយ​​​​​វិស័យ​ឧស្សាហកម្ម ​គំរូ​អាជីវកម្ម​ក៏ដូចជា​ជីវិត​របស់​មនុស្ស សង្គម​និង​បរិស្ថាន​​មាន​ការ​ផ្លាស់ប្ដូរ​ជា វិជ្ជមាន​នៅ​ពេល​អនាគត។

ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ទទួលស្គាល់​​​បរិបទ​ថ្មី​នៃ​ការ​លូតលាស់​​បច្ចេកវិទ្យា​ទាំង​នេះ។ ចុះ​អ្នក​វិញ បាន​ត្រៀម​ខ្លួន​ហើយ​ឬនៅ? 

ប្រភព៖ Inc ​