ប្រព័ន្ធប្រតិបត្តិការ Hongmeng របស់ Huawei អាចនឹងមានវត្តមានលើទីផ្សារក្នុងពេលឆាប់ៗនេះ​



យោងតាមសារព័ត៌មានរបស់ចិន Global Times បានចុះផ្សាយឲ្យដឹងថាក្រុមហ៊ុន Huawei កំពុងធ្វើតេស្តទូរស័ព្ទដៃរបស់ខ្លួនដែលបំពាក់ដោយប្រព័ន្ធប្រតិបត្តិការហុងមេង (Hongmeng) ដែលគេគិតថាអាចនឹងមានវត្តមានតាមទីផ្សារក្នុងពេលចុងឆ្នាំនេះ។ 

ការចេញមុខរបស់ប្រព័ន្ធប្រតិបត្តិការនេះតាមទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei នេះនឹងបង្ហាញពីដំណាក់កាលជោគជ័យមួយទៀតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះខណៈដែលរដ្ឋាភិបាលអាមេរិកកំពុងបញ្ចេញវិធានការត្បិតត្បៀតក្រុមហ៊ុនមួយនេះក្នុងការទទួលបានផ្នែកបចេ្ចកវិទ្យានិងប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ក្នុងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។

នាយកប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានឲ្យដឹងថាប្រព័ន្ធប្រតិបត្តិការ Hongmeng នេះគឺបង្កើតឡើងសម្រាប់ផលិតផល internet-of-thing (IoT) ហើយកាលពីខែមុនក្រុមហ៊ុននេះបានឲ្យដឹងថាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលមានបំពាក់ប្រព័ន្ធប្រតិបតិ្តការ Hongmeng នេះគឺជាទូរទស្សន៍ Honor-brand smart TV ។ 

ប៉ុន្តែកាលពីសប្ដាហ៍មុននេះនាយកប្រតិបត្តិការរបស់ Huawei បាននិយាយជាសាធារណៈថាក្រុមហ៊ុន Huawei នៅតែមានគោលបំណងចង់បំពាក់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ដដែលលើទូរស័ព្ទ Huawei ។ ប៉ុន្តែប្រព័ន្ធប្រតិបត្តិការ Hongmeng គឺគេគ្រាន់តែទុកធ្វើជាប្រព័ន្ធប្រតិបត្តិការបម្រុងក្នុងពេលគ្រាមានអាសន្នដូចជាក្នុងស្ថានភាពដែលអាមេរិកនៅបន្តចេញវិធានការត្បិតត្បៀតការសហការរបស់ក្រុមហ៊ុន Google អាមេរិកជាមួយនឹងក្រុមហ៊ុន Huawei ប៉ុណ្ណោះ៕ 

ដោយ៖ នឿន វណ្ណៈ