Apple នឹងផ្ដល់រង្វាន់ជាទឹកប្រាក់១លានដុល្លារដល់ Hacker ណាដែលអាច hack ទូរស័ព្ទ iPhone បាន​



ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកបានប្រកាសថានឹងផ្តល់រង្វាន់ជាទឹកប្រាក់ ១ លានដុល្លារដល់អ្នកទាំងឡាយណាដែលអាច hack ទូរស័ព្ទ iPhone បាន។ នេះជាផ្នែកមួយនៃកម្មវិធីពង្រឹងប្រព័ន្ធសុវត្ថិភាព (Bug Bountry Program)  លើកម្មវិធីប្រតិបត្តិការ OS របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple។  លោក  Ivan Krstić ប្រធានវិស្វកម្មសន្តិសុខរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ បានចែករំលែកព័ត៌មាននេះនៅក្នុងសន្និសីទមួយនៅ Las Vegas កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះកន្លងទៅ។

កាលពីលើកមុន កម្មវិធីនេះបានផ្ដល់ប្រាក់រង្វាន់ខ្ពស់បំផុតគឺ ២០ ម៉ឺនដុល្លារអាមេរិកចំពោះអ្នកណាដែលអាច hack ទូរស័ព្ទ iPhone បាន។ ប៉ុន្តែនេះជាលើកដំបូងដែលកម្មវិធី Bug Bounty Program នេះនឹងលើកយកផ្នែកប្រព័ន្ធប្រតិបត្តិការទាំងអស់របស់ Apple រួមមាន iOS, tvOS, iPadOS, watchOS និង macOS ហើយក៍មាន iCloud ផងដែរមកស្រាវជ្រាវរកកំហុសប្រព័ន្ធសុវត្ថិភាព។ ហើយទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកនេះនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃររបស់អ្នក Hacker រូបណាដែលអាចគ្រប់គ្រងទូរស័ព្ទ iPhone បានទាំងស្រុងដោយគ្មានម្ចាស់ទូរស័ព្ទប៉ះពាល់ឬមានសកម្មភាពជាមួយនឹងទូរស័ព្ទនោះ។

កម្មវិធីបែបនេះកាន់តែមានប្រជាប្រិយភាពក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដែលតែងតែផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់ពួក Hackers សម្រាប់ការស្រាវជ្រាវនិងរាយការណ៍អំពីកំហុសសុវត្ថិភាពនៃប្រព័ន្ធបច្ចេកវិទ្យាទាំងឡាយដល់ក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះធ្វើការកែកុននិងពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់បច្ចេកវិទ្យារបស់ខ្លួនបន្ថែម៕

ដោយ៖ នឿន វណ្ណៈ