Google អំពាវនាវដល់អ្នកប្រើអ៊ិនធឺណិតឲ្យធ្វើរឿងមួយនេះដើម្បីរក្សាគណនីពួកគេពី hackers​



ក្រុមហ៊ុន Google បានអំពាវនាវឲ្យអ្នកប្រើប្រាស់អ៊ិនធឺណិតប្រើលេខកូដសម្ងាត់ (password) ទាំងឡាយដែលមានសុវត្ថិភាពខ្ពស់និងមិនទាន់ត្រូវបានគេ hack ពីមុនមក។ ហើយកាលពីដើមឆ្នាំនេះក្រុមហ៊ុន Google បានបង្កើតកម្មវិធីត្រួតពិនិត្យពាក្យសម្ងាត់ (Password Checkup) សម្រាប់កម្មវិធីអ៊ីនធឺណិត Google Chrome ។

កម្មវិធីនេះបង្ហាញពីការព្រមានដល់អ្នកនៅពេលអ្នកចូល (log-in) គេហទំព័រដោយប្រើ username និង password ដែលគណនីរបស់អ្នកដូចឬស្រដៀងនឹង username និង password ក្នុងចំណោម ៤ ពាន់លានគណនីដែលត្រូវបានគេលួច hack បានពីមុនមក។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្នុងរយៈពេលតែមួយខែដំបូង កម្មវិធីនេះបានស្កេនឈ្មោះអ្នកប្រើប្រាស់និងលេខកូដសំងាត់ចំនួនជាង ២១ លានគណនីនិងបានរកឃើញថា ៣១៦០០០ username និង password ទាំងនោះកំពុងស្ថិតក្នុងចំណុចក្រហមដោយមិនមានសុវត្ថិភាពដែលអាចនឹងធ្លាក់ក្នុងកណ្ដាប់ដៃរបស់ពួក hackers ។

នៅពេលដែលអ្នកប្រើប្រាស់ username និង password ដែលសាមញ្ញគឺវាទំនងជាមាននរណាម្នាក់ប្រើប្រាស់ username និង password នេះដែរ។ ហើយពួក hackers តែងតែទិញបញ្ជីលេខកូដសម្ងាត់ដ៏ច្រើនសន្ធឹកសន្ធាប់ពីគេហទំព័រផ្សេងៗ ជាច្រើនពីព្រោះអ្នកប្រើប្រាស់ផ្សេងៗនឹងអាចយក username និង password នោះមកប្រើវាម្តងទៀត។ ដូច្នេះពួក hackers ងាយនឹងទាញយកគណនីមួយដោយដាក់បញ្ជីឈ្មោះគណនីទាំងនោះទៅក្នុងប្រព័ន្ធមួយដើម្បីស្វែងរកគណនីដែលត្រូវបានគេស្គាល់រូចមកហើយដោយមិនចាំបាច់ព្យាយាម hack ដោយដាក់លេខកូដពាសវាលពាសកាល។

ដូចនេះវាការចាំបាច់ណាស់ដែលអ្នកគួរប្រើប្រាស់ username និង password ទាំងឡាយដែលមានភាពស្មុគស្មាញមិនសាមញ្ញជៀសវាងការប្រើប្រាស់គណនីដែលមាន username និង password សាមញ្ញដែលធ្លាប់មានអ្នកផ្សេងធ្លាប់បានប្រើប្រាស់ពីមុនមក។ វិធីសាស្ត្រមួយទៀតគឺអ្នកគួរតែប្រើប្រាស់ប្រព័ន្ធពង្រឹងសុវត្ថិភាពគណនីរបស់អ្នកដោយធ្វើការបន្ថែមប្រព័ន្ធ two-factor authentication ដែលនេះជារនាំងការពារគណនីរបស់អ្នកមួយជាន់ទៀត៕

ដោយ៖ នឿន វណ្ណៈ

 

X
5s