មកទល់ពេលនេះ Facebook បានបិទចោលគណនីក្លែងក្លាយរាប់ពាន់លានគណនី​



យោងតាម Business Insider បានឲ្យដឹងថាក្នុងរយៈពេល ៣ ខែចុងក្រោយនេះ Facebook បានប្រកាសថាក្រុមហ៊ុននេះបានបិទចោលគណនីក្លែងក្លាយចំនួន ២.២ ពាន់លានគណនីដែលស្ថិតិនេះស្ទើតែស្មើនឹងចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២.៣៨ ពាន់លាននាក់។ ក្រុមហ៊ុននេះក៏បានអោយដឹងផងដែរថាតួរលេខនេះគឺមានការកើនឡើងបន្ទាប់ពីបានលុបចោលគណនីក្លែងក្លាយបានជាង ១.២ ពាន់លានគណនីកាលនៅត្រីមាសទី ៤ ឆ្នាំ ២០១៨ ដែលស្ទើរតែទ្វេដងនៃចំនួន ៦៩៤ លានគណនីដែលវាបានលុបចោលកាលក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៨ ។


ក្រុមហ៊ុន Facebook បានត្រៀមខ្លួនទប់ស្កាត់បញ្ហាមួយចំនួនកុំឲ្យកើតមានឡើងម្ដងទៀតមុនការបោះឆ្នោតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្វីដែលក្រុមហ៊ុននេះព្រួយបារម្ភជាងគេនោះគឺខ្លាចបណ្ដាញសង្គម Facebook ក្លាយជាវេទិកានៃការផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ពិននឹងការបោះឆ្នោតនៅសហរដ្ឋអាមេរិកដែលអាចបំពុលដល់ការសម្រេចចិត្តរបស់ប្រជាជនអាមេរិកក្នុងការបោះឆ្នោតនេះ។ ដោយសារតែកាលពីអាណត្តិបោះឆ្នោតលើកមុនក្នុងឆ្នាំ ២០១៦ បណ្ដាញសង្គមមួយនេះត្រូវបានគណនីជាច្រើនបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទិននឹងការបោះឆ្នោតក្នុងពេលនោះដែលបានជះឥទ្ធិពលមិនប្រក្រតីដល់លទ្ធផលបោះឆ្នោតនេះ។

ហើយថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានបញ្ចេញកម្មវិធីថ្មីសន្លាងមួយក្នុងការការពារសិទ្ធិរបស់ប្រជាជនអាមេរិកនិងប្រជាជនជុំវិញពិភពលោកមួយចំនួនអោយមានសិទ្ធិនិងទទួយបានយុត្តិធម៌ក្នុងការមានសម្លេងបោះឆ្នោត។ ក្នុងនោះដែលក្រុមហ៊ុនមួយនេះបានលុបចោលគណនី Facebook មួយចំនួនក្នុងប្រទេសអ៊ីតាលីនិងអេស្ពាញ។ ហើយក៏បានបិទចោលទំព័រក្លែងក្លាយមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មិនពិត មិនគួរឲ្យទុកចិត្តនៅក្នុងប្រទេសឥណ្ឌាដែលបានផ្សព្វផ្សាយព័ត៌មាននយោបាយមិនពិត។ ជាពិសេសផងដែរ Facebook បានកម្ចាត់ចោលគណនីនិងទំព័ររបស់អ៊ីស្រាអែលដែលកំពុងព្យាយាមគ្រប់គ្រងនិងជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលបោះឆ្នោតក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។

យុទ្ធនាការដ៍ក្ដៅគគុករបស់ក្រុមហ៊ុន Facebook បែបនេះគឺចង់បង្ហាញពីការយកចិត្តទុកដាក់ខ្លួនក្នុងការរក្សាសណ្ដាប់ធ្នាប់ព័ត៌មានទាំងឡាយនិងសុវត្ថិភាពរបស់អ្នកប្រើប្រាស់តាមបណ្ដាញសង្គមមួយនេះ។ អ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះព្យាយាមធ្វើនោះគឺចង់ទាក់បេះដូងសាធារណជនទាំងឡាយឲ្យមានការទុកចិត្តលើបណ្ដាញសង្គមមួយនេះកុំធ្លាក់ប្រជាប្រិយក៏ដូចជាព្យាយាមសាងវេទិកាសង្គមមួយនេះឲ្យក្លាយដែលជាកន្លែងមួយដែលចែករំលែកចំណេះដឹង ព័ត៌មានដែលគួរឲ្យទុកចិត្តនិងជាវេទិកាសម្រាប់កម្សាន្តផងដែរ ដែលមិនមែនជាវេទិកាសម្រាប់បកអាក្រាតឬវាយប្រហារជនណាម្នាក់ឡើយ៕

ដោយ៖ នឿន វណ្ណៈ

X
5s