Facebook Dating ចេញភ្លាមជួបបញ្ហាភ្លែតពីរដ្ឋាភិបាលអាមេរិកនិងសាធារណជន​



ក្រុមហ៊ុន Facebook ជាវេទិកាបណ្ដាញសង្គមដែលមានប្រជាប្រិយភាពជាខ្លាំងជុំវិញពិភពលោក។ បណ្ដាញសង្គមយក្សអាមេរិកមួយនេះបានបង្កើតជាវេទិកាសម្រាប់ការកម្សាន្ត ការចែករំលែកនិងទំនាក់ទំនងដល់មនុស្សរាប់លានអ្នក។ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនមួយនេះចាប់ផ្ដើមផ្ទុះរឿងអាស្រូវមួយចំនួនដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិកមិនអាចព្រងើយកន្ដើយបាន។

បញ្ហាចាស់ដែលល្បីថាក្រុមហ៊ុនយក្សនេះកំពុងមានគម្រោងបង្កើតលុយសិប្បនិម្មិត Libra មិនទាន់រសាត់ឆ្ងាយផង លោក ប្រធានាធិបតីអាមេរិក  ដូណាលត្រាំ បានបង្ហាញភាពមិនពេញចិត្តគាំទ្រគម្រោងនេះ បែរជាផ្ទុះរឿងអាស្រូវមួយទៀតដែលថាក្រុមហ៊ុនមួយនេះបានប្រមូលផ្ទុកព័ត៌មានទន្និន័យរបស់អ្នកប្រើប្រាស់អ៊ិនធើណិតដែលបានចូលមើលរឿងផ្ដេសផ្ដាសតាមគេហទំព័រសម្រាប់មនុស្សពេញវ័យមួយចំនួន។

តែមិនទាន់នឹងបានយូរប៉ុន្មានផង ស្រាប់តែមានដំណឹងក្ដៅៗមួយទៀតថា Facebook គ្រោងនឹងបញ្ចេញកម្មវិធីបណ្ដាញសង្គមថ្មីមួយហៅថាហ្វេសបុកណាត់ជួប (Facebook Dating) សម្រាប់អ្នកដែលចង់បង្កើតទំនាក់ទំនងស្នេហាតាមបណ្ដាញសង្គមមួយនេះ។ បណ្ដាញសង្គមស្វែងរកអ្នកយល់ចិត្តបែបនេះមិនមែនជារឿងប្លែកចំពោះសាធារណជនទេព្រោះបច្ចុប្បន្នគឺកំពុងមានបណ្ដាញសង្គមណាត់ជួប (dating) បែបនេះដូចជា Tinder និង Bumble ជាដើមដែលជាសំបុកបណ្ដាញសង្គមសម្រាប់អ្នកចង់ស្វែងរកដៃគូស្នេហាតាមអ៊ិនធើណិត។

ប៉ុន្តែអ្វីដែលជាឧបសគ្គសម្រាប់ក្រុមហ៊ុន Facebook  ក្នុងការបញ្ចេញកម្មវិធីបណ្ដាញសង្គមមួយនេះគឺកន្លងមកក្រុមហ៊ុនមួយនេះបានធ្វើឲ្យសាធារណជនអស់ទំនុកចិត្តលើក្រុមហ៊ុន Facebook ដោយសារបែកធ្លាយថាក្រុមហ៊ុននេះបានផ្ទុកទន្និន័យរបស់អ្នកប្រើប្រាស់ហើយអាចដឹងថាអ្នកកំពុងធ្វើអ្វីៗតាម Facebook ដូចជាអាចដឹងពីសារសម្លែងនិងសារសរសេរដែលអ្នកបានឆាតជាមួយគ្នាតាមកម្មវិធី Messenger ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចេញកម្មវិធីនេះភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ថាក្រុមហ៊ុននេះព្យាយាមលុកលុយប្រកួតប្រជែងចូលទីផ្សារកម្មវិធីណាត់ជួប (dating app market) ហើយក៍បានចោទក្រុមហ៊ុននេះផងដែរថាចង់បង្កើតឥទ្ធិពលទីផ្សារផ្តាច់មុខលើកម្មវិធីបណ្ដាញសង្គម dating នេះដោយប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួន។

ក្នុងការឆ្លើយតបចំពោះការព្រួយបារម្ភរបស់សាធារណជនដែលខ្លាច Facebook ផ្ទុកទន្និន័យនឹងលុកលុយភាពឯកជនរបស់ពួកគេ ក្រុមហ៊ុននេះបានប្រាប់ថារាល់សកម្មភាពនិងទន្និន័យរបស់អ្នកប្រើប្រាស់កម្មវិធីនេះគឺមិនត្រូវបានរក្សាទុកឬលុកលុយដោយ Facebook ទេ។ ហើយជាពិសេសនោះ Facebook បានប្រាប់ពីលក្ខណៈពិសេសរបស់កម្មវិធីនេះដែលថាកម្មវិធីនេះអាចលាក់បាំងព័ត៌មានលំអិតរបស់អ្នកប្រើប្រាស់កុំឲ្យសាច់ញាតិ បងប្អូននឹងមិត្តភក្ដិជិតស្និទឃើញព័ត៌មានរបស់អ្នកតាមកម្មវិធីនេះជៀសវាងកុំឲ្យអ្នកប្រើប្រាស់មានអារម្មណ៍ខ្មាសអៀនឬខ្លាចពួកគេយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅនិយាយដើមឬនិយាយលេងសើចពីអ្នក។

លើសពីនឹងទៅទៀតកម្មវិធីនេះមានមុខងារមួយដែលប្លែកខុសពីកម្មវិធីណាត់ជួបមួយចំនួនគឺ Secret Crushes ដែលអាចឲ្យអ្នកដាក់បុគ្គលដល់ទៅ ៩ នាក់ដែលអ្នកកំពុងចាប់ចិត្តលើ។ ហើយក្នុងប្រការនរណាម្នាក់ក្នុងចំណោមទាំង ៩ នាក់នោះបានដាក់អ្នកក្នុងផ្នែក Secret Crushes នេះដែរនោះគឺ Facebook Dating នេះនឹងចាប់ដាក់អ្នកទាំងពីរជាគូស្នេហានឹងគ្នា៕

ដោយ៖ នឿន វណ្ណៈ

 

 

 

X
5s