Facebook បានលុបចោលគណនីរបស់គណបក្សមួយរបស់ប្រទេសអ៊ីតាលីដោយសារតែហេតុផលមួយនេះ​



យោងតាមសារព័ត៌មាន The Guardian បណ្ដាញសង្គម Facebook និង Instagram បានលុបចោលគណនីផ្លូវការគណបក្សនយោបាយបែបហ្វាស៊ីសនិយម (neo-fascist party) នៅអ៊ីតាលី CasaPound ព្រមទាំងលុបចោលគណនីអ្នកនយោបាយកាន់លិទ្ធិស្ដាំមួយចំនួន។

គណបក្ស CasaPound នេះបានបង្កើតឡើងកាលពីឆ្នាំ ១៩៩០ ជាងដែលជាគណបក្សដែលគាំទ្រលោក Benito Mussolini ។ ត្បិតតែគណបក្សអះអាងថាខ្លួនជាគណបក្សប្រជាធិបតេយ្យពិតមែនប៉ុន្តែភាគច្រើនគណបក្សនេះត្រូវបានគេចោទថាបានលើកទឹកចិត្តឲ្យមានអំពើហិង្សានិងការរើសអើសជាតិសាសន៍។ 

គណនី Facebook របស់គណបក្សនេះមានចំនួន followers ជាង ២៤០០០០ នាក់។ មិនពេញចិត្តជាមួយនឹងទង្វើរបស់ Facebook លោក Gianluca Iannone បានឲ្យដឹងថាទង្វើរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះចំពោះគណបក្សអ៊ីតាលីនេះគឺមិនអាចទទួលយកបានហើយរូបលោកបានត្រៀមរៀបចំពាក្យបណ្ដឹងទៅក្រុមហ៊ុនអាមេរិកមួយនេះ។

ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook បានបកស្រាយប្រាប់ផ្នែកងាររបស់សារព័ត៌មានអ៊ីតាលី Ansa ឲ្យដឹងថាបុគ្គលរូបណានិងអង្គការណាដែលបង្កចលាចលតាមបណ្ដាញសង្គមមួយនេះដោយផ្សព្វផ្សាយទង្វើអសីលធម៌ អំពើហិង្សានិងការស្អប់ខ្ពើមតាមបណ្ដាញសង្គមទាំងនេះគឺនឹងត្រូវក្រុមហ៊ុន Facebook លុបចោលគណនីរបស់ពួកគេលើបណ្ដាញសង្គម Facebook និង Instagram ។ ហើយអ្នកនាំពាក្យរបស់ Facebook បានប្រាប់ផងដែរថាគណនីទាំងឡាយដែល Facebook បានដកចេញពីបណ្ដាញសង្គមទាំងពីរនេះគឺសុទ្ធតែមិនបានគោរពតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន Facebook ។

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន Facebook មានចំណាត់ការលើគណបក្ស CasaPound ។ កាលពីខែមេសាឆ្នាំ ២០១៩ នេះ Facebook ក៍បានបិទផ្អាកគណនីរបស់សកម្មជនរបស់គណបក្ស Casapound ព្រមទាំងអ្នកនយោបាយកាន់គណបក្សលិទ្ធិស្ដាំនិយមនៅអ៊ីតាលីរួមមានចៅប្រុសរបស់លោក Benito Mussolini ផងដែរ៕

ដោយ៖ នឿន វណ្ណៈ