Samsung និង Sony នឹងចាកចេញពីទ្រនំចាស់ហើយ នៅឡើយតែ Apple ដែលរឹងក្បាល​



យោងតាមសារព័ត៌មាន TechCrunch ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ Samsung បានប្រកាសក្ដៅៗថាខ្លួនបានសម្រេចចិត្តថានឹងចាកចេញពីទ្រនំចាស់ផលិតស្មាតហ្វូននៅប្រទេសចិនក្នុងពេលខាងមុខនេះដោយសារតែខ្លួនកំពុងជួបប្រទះបញ្ហាក្នុងការឈរជើងជាលំដាប់ទីផ្សារក្រុមហ៊ុនផលិតស្មាតហ្វូនលេខមួយលើពិភពលោក។ 

មិនមែនមានតែក្រុមហ៊ុន Samsung មួយទេដែលជួបបញ្ហាមួយនេះ។ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ក៍កំពុងតែស្រឡាំងកាំងជាមួយនឹងលទ្ធផលទន្និន័យនៃការលក់ស្មាតហ្វូនរបស់ខ្លួនប្រចាំខែសីហាថ្មីៗនេះផងដែរ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំងពីរនេះកំពុងតែដាំក្បាលចុះយ៉ាងខ្លាំងដោយសារតែក្រុមហ៊ុនបងធំចិនមានដូចជាក្រុមហ៊ុន Huawei, Vivo Oppo និង Xiaomi កំពុងតែវាយលុកទីផ្សារស្មាតហ្វូនយ៉ាងពេញទំហឹងហើយក្រុមហ៊ុនមួយចំនួននេះកំពុងតែមានសន្ទុះកំណើននៃការលក់ដាច់ផលិតផលស្មាតហ្វូនរបស់ខ្លួនបានយ៉ាងជោគជ័យ។

ជាពិសេសនោះគឺប្រជាជនចិនមានស្នេហាជាតិយ៉ាងខ្លាំងជាមួយនឹងផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុនប្រទេសខ្លួនដោយប្រជាជនចិនជាច្រើននៅតែគាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ទោះបីជាក្រុមហ៊ុនមួយនេះបានត្រូវរដ្ឋាភិបាលអាមេរិកដាក់សម្ពាធពាណិជ្ជកម្មខ្លាំងយ៉ាងណាក៍ដោយ។ ហេតុនេះហើយបានជាក្រុមហ៊ុន Samsung រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុន Sony សម្រេចចិត្តលើកទង់សហើយចាកចេញពីប្រទេសចិនដើម្បីស្វះស្វែងរកទីជម្រកថ្មីនៅតាមតំបន់អាស៊ីដូចជាប្រទេសវៀតណាមនិងឥណ្ឌាជាដើមដែលកម្លាំងកម្មករមានកម្រិតទាបជាងនៅប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុន Apple នៅតែបន្តចង់យកឈ្នះបញ្ហានេះដោយមិនទាន់សម្រេចចិត្តដើរចេញពីទ្រនំចាស់នេះទេ៕

ដោយ៖ នឿន វណ្ណៈ

ប្រភព៖ www.techcrunch.com