មកមើលបុគ្គលល្បីៗដាក់វិន័យយ៉ាងតឹងតែងមិនឲ្យកូនៗប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាយ៉ាងម៉េចខ្លះ?​



យោងតាមការណែនាំដំបូងស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងចំណោមកុមារតូចៗបានបង្ហាញថា ការអនុញ្ញាតឲ្យកូនតូចៗរបស់អ្នកអង្គុយពីមុខអេក្រង់ឧបករណ៍បច្ចេកវិទ្យាដូចជាទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ជាដើម នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

អង្គការសុខភាពពិភពលោក (WTO) បាននិយាយថា ក្នុងមួយថ្ងៃកុមារអាយុក្រោម ៥ ឆ្នាំមិនគួរចំណាយពេលច្រើនជាង១ម៉ោងនៅពីមុខកញ្ចក់អេក្រង់បច្ចេកវិទ្យាឡើយ។ ចំណែកកុមារអាយុក្រោម ១ ឆ្នាំវិញ មិនគួរអនុញ្ញាត្តឲ្យមើលតែម្តង។ ស្ថាប័ននេះបញ្ជាក់ទៀតថា ការប្រើប្រាស់បច្ចេកវិទ្យាច្រើនពេករបស់កុមារអាចកាត់បន្ថយសកម្មភាពរាងកាយរបស់ពួកគេដែលងាយនឹងឆាប់ស្លាប់ និងកើតជំងឺធាត់។

ទំនងដោយសារតែកត្តាទាំងនេះហើយដែលធ្វើឲ្យមហាសេដ្ឋីបច្ចេកវិទ្យាល្បីៗនៅលើពិភពលោកបានដាក់វិន័យយ៉ាងតឹងតែងលើកូនៗរបស់ខ្លួនក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ។ ខាងក្រោមនេះ អ្នកនឹងបានដឹងថា តើសេដ្ឋីណាខ្លះបានដាក់វិន័យយ៉ាងតឹងតែងលើកូនៗរបស់ខ្លួនមិនឲ្យប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមចិត្តចង់?

១.កាលនៅរស់លោក Steve Jobs ដាក់កម្រិតកូនៗរបស់លោកមិនឲ្យប្រើ Ipad ទេ
គេដឹងថា កាលនៅរស់លោក Steve Jobs ដែលជាអ្នកបង្កើតក្រុមហ៊ុន Apple ដ៏ល្បីល្បាញ គឺជាមហាសេដ្ឋី និងឪពុកដ៏ម៉ត់ចត់ម្នាក់ ពោលគឺលោកមិនអនុញ្ញាត្តឲ្យកូនតូចៗរបស់លោកប្រើប្រាស់ Ipad ទេ ឬប្រើប្រាស់ក្នុងកម្រិតមួយតិចតួចប៉ុណ្ណោះ។ 

កាលនៅរស់លោកធ្លាប់និយាយទៅកាន់សារព័ត៌មាន New York Times ដូច្នេះថា៖« ពេលនៅផ្ទះ យើងត្រូវដាក់កំហិតមិនឲ្យកូនៗរបស់យើងប្រើប្រាស់បច្ចេកវិទ្យាច្រើនពេកទេ»។ មូលហេតុសំខាន់មួយដែលធ្វើឲ្យលោកលើកឡើងបែបនេះដោយសារតែលោកយល់ឃើញថា ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានឹងធ្វើឲ្យក្មេងៗញៀន។


ប្រភពរូបភាព៖ Laverdad

២.ចំណែកមហាសេដ្ឋីលោក Bill Gates វិញ មិនអនុញ្ញាត្តកូនៗរបស់លោកប្រើប្រាស់ទូរស័ព្ទរដៃហូតដល់អាយុ ១៤ ឆ្នាំ
នេះជារឿងពិតក្នុងគ្រួសាររបស់ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ។ នៅពេលទទួលទានអាហារជុំគ្នា លោកមិនអនុញ្ញាត្តឲ្យកូនៗរបស់លោកប្រើប្រាស់ទូរស័ព្ទឡើយ។ សូម្បីតែពេលគេងក៏លោក និងភរិយាដាក់កំហិតកូនៗរបស់លោកដែរ។ លោក Bill Gates បានបង្ហើបនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ ២០១៧ ថា លោកបានដាក់វិន័យបែបនេះសោយសារតែពេលមួយនោះ លោកសង្កេតឃើញកូនស្រីរបស់លោកលេងហ្គេមច្រើនពេក។


ប្រភពរូបភាព៖ Business Insider

៣.ស្ថាបនិកក្រុមហ៊ុន Snapchat លោក  Evan Spiegel ឲ្យពេលកូនរបស់លោកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាត្រឹមតែ ១ម៉ោងកន្លះប៉ុណ្ណោះក្នុងមួយសប្តាហ៍
ការដាក់វិន័យដ៏តឹងតែងនេះគឺកើតចេញពីភរិយារបស់លោកនាង Miranda Kerr នេះបើយោងតាមការបញ្ជាក់របស់មហាសេដ្ឋីវ័យក្មេងខាងលើទៅកាន់សារព័ត៌មាន Financial Times។ ស្ថាបនិកក្រុមហ៊ុន Snapchat រូបនេះបានបង្ហាញចំណាប់អារម្មណ៍ស្របទៅនឹងការលើកឡើងរបស់មហាសេដ្ឋីខាងលើៗដែរពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ក្មេងនេះ ព្រមទាំងបានអំពាវនាវ និងជំរុញឲ្យឪពុកម្តាយគ្រប់រូបត្រូវយកចិត្តទុកដាក់បញ្ហានេះឲ្យបានខ្លាំងបំផុត។


ប្រភពរូបភាព៖ Business Insider

៤.នាយកប្រតិបត្តិក្រុមហ៊ុន Google លោក Sundar Pichai ដាច់ខាតមិនឲ្យកូនៗរបស់លោកមើលទូរទស្សន៍
ក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មាន New York Times កាលពីឆ្នាំទៅមិញ សេដ្ឋីដើមកំណើតឥណ្ឌាលោក Sundar Pichai បាននិយាយថា កូនប្រុសរបស់លោកដែលមានអាយុ ១១ ឆ្នាំទៅហើយ មិនមានទូរស័ព្ទដៃប្រើប្រាស់ទេ ហើយលោកក៏មិនអនុញ្ញាត្តឲ្យមើលទូរទស្សន៍ដែរ។


ប្រភពរូបភាព៖ CNBC

៥. ចំណែកលោក Tim Cook វិញ មិនឲ្យក្មួយៗរបស់លោកប្រើប្រាស់បណ្តាញសង្គមទេ និងជំរុញឲ្យមានការដាក់កំហិតការប្រើប្រាស់បច្ចេកវិទ្យានៅតាមសាលារៀនទាំងអស់
ដោយសារតែនាយកប្រតិបត្តិក្រុមហ៊ុន Apple រូបនេះមិនមានភរិយា លោកមិនបានជឿជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើននឹងធ្វើឲ្យក្មេងៗជោគជ័យនោះទេ។ លោកថា លោកបានដាក់កម្រិតមិនឲ្យក្មួយៗរបស់លោកប្រើប្រាស់បណ្តាញសង្គមច្រើនពេកទេ។


ប្រភពរូបភាព៖ Sky News

៦.នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella បានតាមដានរាល់គេហទំព័រដែលកូនៗរបស់លោកចូលមើល
នៅពេលកូនៗរបស់លោកប្រើប្រាស់កុំព្យូទ័រ លោកត្រូវតាមដានមើលថា តើពួកគេកំពុងមើលអ្វី? លោកថា លោកត្រូវតែនិយាយជាមួយកូនៗ ប្រសិនបើការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេសម្រាប់ការកម្សាន្ត។ លោកបានកំណត់ថា តើវីដេអូ ឬភាពយន្តអ្វីដែលពួកគេគួរមើល? តើហ្គេមអ្វីដែលពួកគេគួរលេង?


ប្រភពរូបភាព៖ Sky News

ប្រភព៖ Businessinsider