លោក លង់ វណ្ណៈ៖ គ្មានវិធីសាស្ត្រទេវតានោះទេ! បើចង់ចេះអង់គ្លេស ចាំបាច់ត្រូវតែអនុវត្តវាជាទម្លាប់​



តើធ្វើដូចម្ដេចទើបរៀនអង់គ្លេសឆាប់ចេះ? ធ្វើដូចម្ដេចទើបអាចសរសេរភាសាអង់គ្លេសបានល្អ? តើមានវិធីសាស្ត្រណាជួយឲ្យពូកែនិយាយអង់គ្លេស? ទាំងនេះជាសំនួរពេញនិយមដែលអ្នករៀនភាសាអង់គ្លេសតែងសួរ។ ប៉ុន្តែអ្នកត្រូវដឹងថា កា​ររៀនភាសាមួយឲ្យចេះ អាចប្រើប្រាស់បាន មិនមែនជារឿងងាយស្រួល ចម្លែក ឬជាការចៃដន្យនោះទេ ពីព្រោះការរៀនភាសាមួយដែលមិនមែនជាភាសាកំណើត គឺមិនងាយស្រួលនោះទេ វាទាមទារពេលវេលា ការខិតខំប្រឹងប្រែង និងការអនុវត្តរបស់អ្នកខ្លាំងប៉ុណ្ណា។ 

លោក លង់ វណ្ណៈ អ្នកបកប្រែអត្ថបទនៅ BizKhmer គ្រូបង្រៀនភាសាអង់គ្លេស និងជា Admin ហ្វេសបុកផេក Cam-Edu បានលើកឡើងថា៖ នៅលើលោកនេះគ្មានវិធីសាស្ត្រទិព្វទេវតាណាដែលអាចជួយអ្នករៀនភាសាអង់គ្លេសឆាប់ចេះ ដោយមិនមានការប្រឹងប្រែង ភាពអត់ធ្មត់ និងជាពិសេសមិនមានការអនុវត្តនោះទេ។ ប្រសិនបើអ្នកគ្រាន់តែរៀន ចង់ចេះ តែមិនព្រមអនុវត្ត នោះការរៀនរបស់អ្នកមិនមានផលនោះឡើយ។ នេះមានន័យថាប្រសិនបើអ្នកចង់ចេះនិយាយអង់គ្លេស អ្នកដាច់ខាតត្រូវតែនិយាយសិន។ បើអ្នកចង់ចេះសរសេរ ប្រាកដណាស់ថាអ្នកត្រូវចាប់ផ្ដើមសរសេរ។ បើចង់ចេះស្ដាប់ អ្នកត្រូវរៀនស្ដាប់។ បើចង់ចេះអាន នោះអ្នកត្រូវអាន។

ប្រហែលជាមានអ្នកចែករំលែកជាច្រើនអំពីរបៀបរៀនភាសាអង់គ្លេស ប៉ុន្តែអ្វីដែលសំខាន់នោះគឺមានតែម្យ៉ាងនោះទេ គឺការអនុវត្ត និងបង្កើតការអនុវត្តជាទម្លាប់។ ប៉ុន្តែតើមានប្រយោជន៍អ្វីបើអ្នកអានហើយ ដឹងហើយ ប៉ុន្តែមិនខំប្រឹងអនុវត្ត។ 

នៅលើលោកនេះ មិនថាអ្នកអាចគន្លឹះមកពីណាក៏ដោយ បើអ្នកមិនអនុវត្តក៏គ្មានបានការដែរ ពីព្រោះទម្លាប់នៃការអនុវត្តរបស់អ្នកប្រចាំថ្ងៃប៉ះពាល់យ៉ាងខ្លាំងទៅលើការនិយាយ ស្ដាប់ អាន និងសរសេររបស់អ្នក។ ឧទាហរណ៍៖ បើអ្នកចង់ចេះនិយាយអង់គ្លេស អ្នកត្រូវរកដៃគូនិយាយឬនិយាយជាមួយគ្រូ ឬវិធីមួយណាដែលជួយឲ្យអ្នកអាចនិយាយបាន។ បើអ្នកចង់ពូកែស្ដាប់ អ្នកត្រូវរៀនស្ដាប់ជាទម្លាប់មិនថាវិទ្យុ វីដេអូយូធូប (Youtube) ចម្រៀង នៅពេលអ្នកមានពេលទំនេរ ពេលជិះម៉ូតូ​ ឬធ្វើលំហាត់ជាដើម។ បើចង់ចេះសរសេរ អ្នកអាចសរសេរបានគ្រប់ពេលដូចជារៀនសរសេរជាអង់គ្លេសទៅ ដោយអាចសរសេរលើហ្វេសបុក ក៏បាន។

មិនបានផលទេបើអ្នករៀនសន្សំទុក ប៉ុន្តែមិនព្រមយកទៅប្រើប្រាស់ជាទម្លាប់។ តើមានប្រយោជន៍អ្វីបើអ្នកទៅរៀន ហើយមិនខំស្ដាប់ មិនខំរៀនសរសេរ មិនខំរៀននិយាយ មិនខំអាន ដើម្បីបង្កើនសមត្ថភាពរបស់អ្នក? ដូចនេះអ្នកត្រូវរៀនផង អនុវត្តផង ទើបអាចធ្វើឲ្យសមត្ថភាពរបស់អ្នករីកចម្រើនបាន។

Image result for practice makes perfect​

នេះមិនមែនចង់មានន័យថាគន្លឹះដែលអ្នកចែករំលែកជាច្រើនអំពីការរៀនភាសាអង់គ្លេសមិនល្អនោះទេ ប៉ុន្តែអ្នកត្រូវអនុវត្តសិន ចាំខ្វះចន្លោះចាំទៅអានគន្លឹះផ្សេងៗដែលដើម្បីស្រូបយកជាចំណេះដឹងបន្ថែមមកកែខៃកំហុសឬបង្កើនសមត្ថភាពភាសាអង់គ្លេសរបស់អ្នកបន្ថែមទៀត។  

លោកបន្ថែមទៀតថា៖ ពាក្យមួយឃ្លាក្នុងភាសាអង់គ្លេសពោលថា Practice makes perfect។ អីចឹងមិនសំខាន់អ្នករៀនបានប៉ុណ្ណានោះទេ តែសំខាន់អ្នកបានយកវាទៅអនុវត្តបានច្រើនប៉ុណ្ណា៕