ហិរញ្ញប្បទាន​ប្រមាណ​ ៧៤លានដុល្លារ​ត្រូវ​បាន​ត្រៀម​សម្រាប់​គម្រោង​សំខាន់២​នៅ​ជនបទ​



ឯកឧត្ដម​អគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួម​ជា​មួយ​ឯកឧត្ដម Christian Berger ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ចំនួន ៦៧,១លានអឺរ៉ូ ឬ​ប្រមាណ​ជា ៧៤លានដុល្លារអាមេរិក លើ​គម្រោង​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ទី​ជន​បទ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ។

គម្រោង​ទី១​៖ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១៨ ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​និង​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន​៣០លានអ៊ឺរ៉ូ ជា​មួយ​នឹង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​២លានអ៊ឺរ៉ូ សម្រាប់​គម្រោង​ប្រសិទ្ធភាព​ថាមពល​លើ​ការ​ផ្គត់ផ្គង់​អគ្គីសនី "Redused Interest loan" ដែល​នឹង​ត្រូវ​បាន​ផ្ដល់​តាម​រយៈ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KFW)។ 

គម្រោង​ទី២​៖ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ និង​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន ៣០លានអ៊ឺរ៉ូ សម្រាប់​ហិរញ្ញប្បទាន​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​របស់​កម្ពុជា ក្នុង​នោះ​អាល្លឺម៉ង់​ក៏​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៥,១លានអ៊ឺរ៉ូ សម្រាប់​គាំទ្រ​លើ​គម្រោង​ជាក់លាក់​ណា​មួយ​បន្ថែម​ទៀត។ ឥណទាន​ទី២​ចំនួន ៣០លានអ៊ឺរ៉ូ និង​ត្រូវ​បាន​ផ្ដល់​តាម​រយៈ ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (KFW)។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ថា​ “រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ គឺ​ជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​អឺរ៉ុបទី២ បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​ ដែល​បាន​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា ដើម្បី​រួម​ចំណែក​ក្នុង​ការ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍​ និង​វិស័យ​អាទិភាព​នានា​របស់​រដ្ឋាភិបាល​កម្ពុជា" ៕

ដោយ៖ ជួប ស្រីរ័ត្ន