ក្រុមកីឡាបាល់ទឹកបុរសកម្ពុជា បង្កើនជំនាញក្នុងវគ្គបណ្តុះបណ្តាលនៅប្រទេសសិង្ហបុរី​



កិច្ចខិតខំប្រឹងប្រែងសហការរវាងសហព័ន្ធខ្មែរកីឡាហែលទឹក សមាគមកីឡាហែលទឹកសិង្ហបុរី និងមូលនិធិព្រីនស៍ សម្រាប់ការបង្កើនសមត្ថភាពក្រុមកីឡាបាល់ទឹកកម្ពុជា។

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ — ក្រុមកីឡាបាល់ទឹកជម្រើសជាតិបុរសកម្ពុជាបានបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេលមួយសប្តាហ៍ដោយជោគជ័យនៅប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមកីឡាបាល់ទឹកកម្ពុជាទទួលបានការបណ្តុះបណ្តាល ហាត់សមជាមួយក្រុមកីឡាបាល់ទឹកសិង្ហបុរី និងបានយល់ដឹងពីបច្ចេកទេសលេងរបស់ក្រុមកីឡាបាល់ទឹកដ៏ខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។

គំនិតផ្តួចផ្តើមនេះអាចធ្វើទៅបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) សមាគមកីឡាហែលទឹកសិង្ហបុរី និងមូលនិធិព្រីនស៍ ដោយមានការគាំទ្របន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។ ក្រុមដែលមានកីឡាករ១២នាក់ និងគ្រូបង្វឹករបស់ពួកគេមកពីប្រទេសកម្ពុជា បានហ្វឹកហាត់នៅប្រទេសសិង្ហបុរី ដោយបានចូលរួមវគ្គចែកពូលជាមួយក្រុមបាល់ទឹកជម្រើសជាតិសិង្ហបុរីយុវជន និងក្រុមសាលាកីឡាសិង្ហបុរី។ បន្ថែមពីនេះ ពួកគាត់ក៏បានធ្វើទស្សនៈកិច្ចទៅតំបន់ទេសចរណ៍ដ៏ល្បីនៅក្នុងទីក្រុងសិង្ហបុរីផងដែរ។

លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានសម្តែងសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចមួយនេះ។ លោក Gabriel Tan មានប្រសាសន៍ដូច្នេះថា៖ «កិច្ចសហការនេះមិនត្រឹមតែលើកកម្ពស់ភាពស្និទ្ធស្នាលផ្នែកកីឡាប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងនៅកម្រិតមូលដ្ឋានផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ការគាំទ្រដល់ក្រុមកម្ពុជា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកស្ទួយសហគមន៍ និងអត្តពលិកដែលមានទេពកោសល្យ» ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក (KSF) បានលើកឡើងពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ។ លោក បញ្ជាក់ថា៖ «ការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ក្រុមកីឡាបាល់ទឹកវ័យក្មេងរបស់យើង។ ការទទួលបានបទពិសោធន៍ជាមួយក្រុមជំនាញរបស់សិង្ហបុរីគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។ ការបង្ហាញជាលក្ខណៈអន្តរជាតិបែបនេះ នឹងមានសារសំខាន់ក្នុងការជំរុញសមត្ថភាពក្រុមរបស់យើងនៅក្នុងការប្រកួតនាពេលខាងមុខ»។

ក្នុងអំឡុងរយៈពេលបណ្តុះបណ្តាលនេះ ក្រុមកម្ពុជាបានមានឱកាសសិក្សាពីគំរូបណ្តុះបណ្តាល បច្ចេកទេសក្នុងការលេង និងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសសិង្ហបុរី។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងបង្កើតចំណាប់អារម្មណ៍ទៅលើកីឡាបាល់ទឹក និងផ្តល់ឱ្យកីឡាករកម្ពុជានូវឱកាសដើម្បីបង្កើនជំនាញ និងយុទ្ធសាស្ត្រលេងរបស់ពួកគេ។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលទើបបញ្ចប់កន្លងមកនេះ ក្រុមកីឡាបាល់ទឹកជម្រើសជាតិសិង្ហបុរីដណ្តើមបានមេដាយមាស ខណៈថៃ និងឥណ្ឌូណេស៊ី បានមេដាយប្រាក់ និងសំរឹទ្ធ។ ថ្វីត្បិតតែមិនទទួលបានមេដាយនៅឆ្នាំនេះក៏ដោយ ក៏ក្រុមកម្ពុជាបានបង្ហាញពីសក្តានុពលដ៏អស្ចា្យរ ដោយចាត់ទុកថាក្រុមរបស់ពួកគេទើបតែត្រូវបានបង្កើតឡើងក៏ដោយសម្រាប់ស៊ីហ្គេមឆ្នាំ ២០២៣ ៕

 

អំពីសហព័ន្ធខ្មែរកីឡាហែលទឹក (KSF)

សហព័ន្ធខ្មែរកីឡាហែលទឹក គឺជាស្ថាប័នគ្រប់គ្រងកីឡាហែលទឹក និងកីឡាក្នុងទឹកផ្សេងៗទៀតរបស់កម្ពុជា។ ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សហព័ន្ធខ្មែរកីឡាហែលទឹកកំពុងធ្វើការយ៉ាងមមាញឹកដើម្បីស្តារឡើងវិញនូវកិត្យានុភាពរបស់កីឡាទឹក ជាមួយនឹងក្តីសង្ឃឹមក្នុងការឈានទៅរកយុគសម័យមាសថ្មីសម្រាប់វិស័យកីឡានៅកម្ពុជា។

អំពីមូលនិធិព្រីនស៍

បង្កើតឡើងដោយអ្នកឧកញ៉ា ចេន ហ្ស៊ី មូលនិធិព្រីនស៍ គឺជាមូលនិធិសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប ដែលប្តេជ្ញាកសាងអនាគតកាន់តែល្អប្រសើរសម្រាប់កម្ពុជា។ មូលនិធិផ្តោតលើសសរស្តម្ភស្នូលចំនួនបី៖ ការអប់រំ និងការផ្តល់សិទ្ធិអំណាចដល់យុវជន ការចូលរួមសហគមន៍ និងកីឡា និងការថែទាំសុខភាព ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាព និងកំណើនប្រកបដោយចីរភាពនៅទូទាំងព្រះរាជាណាចក្រ។

 

X
5s