រថយន្តបើកបរដោយស្វ័យប្រវត្តិទំនងជាឧស្សាហកម្មធំបំផុតនៅក្នុងឆ្នាំ ២០៥០ ខាងមុខ​



រថយន្តបើកបរដោយស្វ័យប្រវត្តិ ( Autonomous Vehicles) ទំនងជាវិស័យមួយដែលមានសក្តានុពលខ្លាំងក្លាបំផុតតែមួយគត់សម្រាប់កសាងគុណតម្លៃ និងនាំមកនូវប្រាក់ចំណូលដ៏ ច្រើនមហាសាលនៅក្នុងសតវត្សរ៍ទី ២១ នេះ ។ ការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមការងារក្រុមហ៊ុន  Intel បានព្យាករណ៍ថា ឧស្សាហកម្មមួយនេះនឹងមានទំហំដល់ទៅ ៧ពាន់ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០៥០ ខាងមុខ ដែលនឹងធ្វើឲ្យវាក្លាយជាឧស្សាហកម្មធំជាងគេបំផុតមួយក្នុងចំណោមឧស្សាហកម្មធំៗបំផុតផ្សេងទៀត។

ស្របពេលដែលមនុស្សស្ទើរតែពេញមួយភពផែនកដីមិនទាន់បានឃើញគុណតម្លៃណាមួយរបស់រថយន្តបើកបរដោយស្វ័យប្រវត្តិនៅពេលបច្ចុប្បន្ននេះ អ្នកជំនាញបានសម្លឹងមើលឃើញពីសក្តានុពល និងលក្ខណៈពិសេសរបស់វារួចទៅហើយ។ សក្តានុពល និងលក្ខណៈពិសេសរបស់វាត្រូវបានគេព្យាករណ៍ថា មានដូចខាងក្រោមនេះ៖

១) សមស្របទៅនឹងតម្រូវការក្នុងយុគសម័យសកលភាវូបនីយកម្ម
AV នឹងរួមចំណែកឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជាតិជាពិសេសលើមធ្យោបាយធ្វើដំណើរតែម្តង និងមានប្រសិទ្ធិភាពជាងមុននៅពេលប្រជាជនសាកលមានកំណើនដល់ទៅ ១០ ពាន់លាននាក់។ AV នឹងកាន់តែឆ្លាត ងាយស្រួល តម្លៃថោក កាត់បន្ថយកម្លាំងមនុស្ស និងចំណេញពេលវេលា។ 

២) ងាយស្រួល ឆាប់រហ័ស និងមិនស្មុគស្មាញស្របតាមយុគសម័យទំនើប
មាន AV នៅក្នុងដៃ អ្នកមិនចាំបាច់ត្រូវការជួលអ្នកបើកបរប្រសិនបើអ្នកស្ថិតនៅក្នុងវ័យចំណាស់ និងមិនហត់ប្រើកម្លាំងបើកបរដោយខ្លួនឯង។ ចង់ទៅណា វាជួនដល់កន្លែងនោះ មិនត្រូវការប័ណ្ណបើកបរនោះទេប្រសិនបើអ្នកនៅក្មេងពេក ឬមិនទាន់មានប័ណ្ណបើកបរក៏អ្នកអាចទៅបាន។ តើអ្នកមានអារម្មណ៍រំភើបបែបណាជាមួយនឹងលក្ខណៈពិសេសត្រួសៗរបស់វាប៉ុណ្ណេះ? នេះនៅមិនរាប់បញ្ចូលមុខងាររាប់មិនអស់ផ្សេងទៀត។

៣) រថយន្តបច្ចុប្បន្នបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ដល់ទៅ ១,៣ លាននាក់ជារៀងរាល់ឆ្នាំ
នេះជាកំហុសដ៏ធំមួយ និងជាចំណុចខ្វះខាតនៃបច្ចេកវិទ្យារថយន្តបច្ចុប្បន្នដែលត្រូវជំនួសដោយ AV នៅពេលអនាគត។  នេះជាអ្វីដែលគេរំពឹងទុកថា AV នឹងដើរតួនាទីសំខាន់ក្នុងការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់មួយនេះត្បិតអី AV នឹងបំពាក់ដោយបច្ចេកវិទ្យាទំនើបៗប្រកបដោយសុវត្ថិភាពដែលនឹងធ្វើឲ្យអត្រាគ្រោះថ្នាក់នេះថយចុះនៅក្នុងកម្រិតទាបបំផុតមួយ។

៤) រួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន
នេះជាចំណុចពិសេសមួយទៀតរបស់ AV។ ស្របពេលដែល ២៦% នៃឧស្ម័នផ្ទះកញ្ចក់របស់ពិភពលោកទាំងមូលបង្កឡើងដោយឧស្ម័នពុលចេញពីរថយន្តបច្ចុប្បន្ន  អនាគតបច្ចេកវិទ្យា AV នឹងអភិវឌ្ឍខ្លួនកាន់តែទំនើបជាងនេះ ពោលគឺវានឹងចូលរួមចំណែកថែរក្សា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានឲ្យមកនៅត្រឹមកម្រិតទាបបំផុត ឬគ្មានសោះតែម្តង៕

ប្រភព៖ Inc 

 

X
5s