កំពុងក្ដៅគគុក! Facebook គោះទ្វារតុលាការអាមេរិកប្ដឹងក្រុមហ៊ុនចិនពីបទល្មើសមួយនេះ​



យោងតាមសារព័ត៌មាន BuzzFeed News បានឲ្យដឹងថាថ្មីៗនេះក្រុមហ៊ុនបណ្ដាញសង្គមយក្សអាមេរិក Facebook បានគោះទ្វាតុលាការអាមេរិកនៅរដ្ឋកាលីហ្វរញ៉ាដាក់់ពាក្យបណ្ដឹងយ៉ាងក្ដៅកគុកទៅលើក្រុមហ៊ុនហុងកុង ILikeAd Media International Company និងក្រុមហ៊ុនចិនធំពីរផ្សេងទៀតមាន ក្រុមហ៊ុន Chen Xiao Cong និងក្រុមហ៊ុន Huang Tao ថាបានលួចទាញទន្និន័យគណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ជាច្រើនតាមរយៈកម្មវិធីមេរោគដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយមួយចំនួនលើហ្វេសប៊ុក។

ក្រុមហ៊ុនហ្វេសប៊ុកបានចោទប្រកាន់ក្រុមហ៊ុនទាំងនេះថាបានប្រើប្រាស់កម្មវិធីមេរោគដែលបញ្ឆោតអ្នកប្រើប្រាស់ហ្វេសប៊ុកឲ្យទាញយកកម្មវិធីមួយចំនួន។ ហើយកម្មវិធីទាំងនោះនឹងលួចទាញយកព័ត៌មាន និងទន្និន័យពីគណនីហ្វេសប៊ុករបស់បុគ្គលនោះដើម្បីយកមកផ្សព្វផ្សាយពាណិជកម្មលក់ថ្នាំនិងផលិតផលក្លែងក្លាយមួយចំនួនដែលក្នុងពាណិជ្ជកម្មទាំងនោះ អមដោយរូបភាពតារាល្បីៗមួយចំនួនផងដែរ។

ជាមួយនឹងអន្ទាក់បោកបញ្ឆោតនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនអាចនឹងយល់ច្រឡំថាពាណិជ្ជកម្មទាំងនេះគួរឲ្យទុកចិត្តដែលអាចទាញចិត្តបុគ្គលមួយចំនួនឲ្យសម្រេចចិត្តទិញផលិតផលទាំងនោះតាមអនឡាញដែលអាចឲ្យក្រុមហ៊ុនទាំងនេះអាចទាញយកទន្និន័យកាតធនាគាររបស់ពួកគេបាន។ ជាលទ្ធផលទន្និន័យធនាគាររបស់ពួកគេនឹងប្រឈមជាមួយនឹងហានិភ័យមួយចំនួនដូចជាការបាត់បង់ប្រាក់ដោយមិនដឹងមូលហេតុនិងបាត់បងលុយកាក់ដោយការទិញផលិតផលក្លែងក្លាយទាំងនោះជាដើម។ 

នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនហ្វេសប៊ុកបានតាមប្រម៉ាញ់ក្រុមជនបោកប្រាស់ ដែលបានបំពានច្បាប់ប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួន។ មួយរយៈនេះក្រុមហ៊ុនបណ្ដាញសង្គមយក្សអាមេរិកមួយនេះបានធ្វើការកែលំអប្រព័ន្ធច្បាប់ប្រើប្រាស់បណ្ដាញសង្គមរបស់ខ្លួនដោយបានបិទចោលគណនីនិងផេក (page) ក្លែងក្លាយរាប់ពាន់លានមកទល់បច្ចុប្បន្ននេះ។

គួរឲ្យដឹងផងដែរថា កាលពីខែសីហាឆ្នាំ ២០១៩ កន្លងទៅល ក្រុមហ៊ុនហ្វេសប៊ុកបានប្ដឹងជនជាតិចិនពីរនាក់ថាបានបង្កើតកម្មវិធីប៊ត់ (bot program) ដែលចុចចុះចុចឡើងលើពាណិជ្ជកម្មទាំងឡាយនៅលើហ្វេសប៊ុក។ មិនត្រឹមតែប៉ុណ្ណោះទេ ជនជាតិអ៊ុយគ្រែនពីររូបក៍ត្រូវបានហ្វេសប៊ុកប្ដឹងផ្ដល់ផងដែរកាលពីខែមិនា ក្នុងឆ្នាំនេះដែរ ពីបទបង្កើតកម្មវិធីមេរោគមួយដែលលួចទាញយកទន្និន័យនិងព័ត៌មានរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើននាក់៕ 

ដោយ៖ នឿន វណ្ណៈ
ប្រភព៖ BuzzFeed News

 

X
5s