វិនិយោគលើការស្ដាប់តន្រ្តីផ្ដល់ផលចំណេញដល់ការរៀនភាសាអង់គ្លេសរបស់អ្នក​



ការរៀនភាសាអង់គ្លេសគឺមិនមែនជារឿងងាយស្រួលក្នុងការរៀនភ្លាមចេះភ្លាមនោះទេ។ អ្វីដែលជាថ្នាំពិសេសក្នុងការរៀនចេះអង់គ្លេសឲ្យបានល្អប្រសើរនោះគឺសេចក្ដីអត់ធ្មត់និងតិកនិកពិសេសៗក្នុងការរកគន្លឹះរៀនភាសាបរទេសមួយនេះ។ មិនមែនជាអ្វីដែលប្លែកនោះទេដែលអ្នកខ្លះរៀនអង់គ្លេសតាមរយៈការមានគ្រូបង្រៀន ហើយមួយចំនួនទៀតរៀនអង់គ្លេសតាមវគ្គសិក្សាតាមអនឡាញ និងស្រាវជ្រាវឯកសាររៀនអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

ការសិក្សាតែមួយមុខ មិនអាចជួយពង្រឹងសមត្ថភាពរបស់អ្នកនោះទេ ប៉ុន្តែអ្នកសិក្សាយកសៀវភៅធ្វើជាអាវុធក្នុងការសំលៀងចំណេះដឹងខ្លួនឯងជាមួយនឹងភាសាអង់គ្លេសដោយព្យាយាមខំអាននិងស្វែងយល់នូវវេយ្យាករណ៍និងការបញ្ចេញសម្លេងសូរស័ព្ទជាដើម។ ការរៀនភាសាអង់គ្លេសមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែការស្ដាប់ចម្រៀងក៏អាចជាផ្នែកមួយដែរ។

លោក នឿន វណ្ណៈ អ្នកបកប្រែនៅ BizKhmer បានបង្ហើបប្រាប់ពីគន្លឹះមួយដោយលោកបានឆ្លងកាត់ គឺការស្ដាប់តន្ត្រីជាថ្នាំទិព្វពិសេសមួយដែលអាចជួយលោកអ្នករៀនយល់ដឹងបន្ថែមពីភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ។ ឆ្លងកាត់តាមបទពិសោធន៍ដែលលោកបានសិក្សាភាសាអង់គ្លេសជាង ១០ ឆ្នាំមកនេះនៅសាលាជេភ្រីតស្គឺ អាខេដឺមី (Jay Pritzker Academy) លោកបានសង្កេតឃើញថាតន្ត្រីបានចូលរួមចំណែកយ៉ាងធំក្នុងការបណ្ដុះគ្រឹះចំណេះដឹងភាសាអង់គ្លេសរបស់លោកតាមរយៈការស្ដាប់ចម្រៀងជាមួយនឹងការអនុវត្តសកម្មភាពពិសេសមួយចំនួន។ លោកបានលើកយកលក្ខណៈពិសេសមួយចំនួនរបស់បទចម្រៀងដែលលោកគិតថាអាចជាតិចនិចដ៍អស្ចារ្យក្នុងការស្វែងយល់ពីភាសាបរទេសមួយនេះ។

Image result for song lyrics

១) ការរៀនអាននិងច្រៀងតាម lyrics បទចម្រៀង៖ ចំណុចពិសេសមួយនេះគឺសាមញ្ញបំផុតដោយលោកអ្នកគ្រាន់តែរៀនច្រៀងឬអានតាម lyrics របស់បទចម្រៀងដែលអ្នកកំពុងស្ដាប់។ គន្លឹះមួយនេះជួយឲ្យអ្នករៀនយល់ពីអត្ថន័យរបស់បទចម្រៀង ព្រមទាំងជួយដល់អំនាននិងការស្វែងយល់ពីការសង្កត់សម្លេងឬបញ្ចេញសម្លេង (Pronunciation) ជាដើមផងដែរ។ ហើយអ្វីដែលពិសេសបំផុតជាមួយនឹងការស្ដាប់បទចម្រៀងនោះគឺអ្នកមិនត្រឹមតែច្រៀងលឺៗនោះទេ បើអ្នកស្តាប់បទចម្រៀងដែលអ្នកចាប់ចិត្តនោះគឺអ្នកនឹងចងចាំរាល់ឃ្លោងឃ្លាបទចម្រៀងនោះក្នុងខួរក្បាលរបស់អ្នកហើយអ្នកនឹងមានអារម្មណ៍ថាអ្នកកំពុងតែច្រៀងបទនោះក្នុងខួរក្បាលរបស់អ្នក។ ចំណុចពិសេសមួយនេះហើយដែលអាចជួយពន្លឿនការចេះអាននិងការបញ្ចេញសម្លេងភាសាអង់គ្លេសរបស់អ្នក។ 

២) ជួយឲ្យអ្នកស្វែងយល់ពីពាក្យពិបាក (vocabulary)៖ នៅពេលដែលអ្នកពេញចិត្តជាមួយនឹងបទចម្រៀងណាមួយហើយគឺអ្នកច្បាស់ជាចង់យល់ពីអត្ថន័យរបស់បទចម្រៀងនោះហើយទោះដឹងថាបទចម្រៀងនេះមានពាក្យពិបាកយល់ន័យច្រើនប៉ុណ្ណាក៍ដោយ។ ហេតុនេះ ក្នុងប្រការដែលអ្នកប្រទះឃើញពាក្យពិបាកក្នុងបទអង់គ្លេសសូមកុំព្យាយាមមើលរំលងវាអី។ អ្នកគួរចាំបាច់ចំណាយពេលតិចតួចក្នុងការស្រាវជ្រាវរកនិយមន័យពីពាក្យនោះ។ វាជាឱកាសល្អបំផុតសម្រាប់អ្នកព្រោះក្នុងពេលដែលមានចិត្តចង់ចេះចង់ដឹងពីន័យរបស់ពាក្យនោះហើយគឺខួរក្បាលអ្នកនឹងស្រួលចងចាំទុកពាក្យនោះនៅពេលអ្នកដឹងថាពាក្យនោះមានន័យថាយ៉ាងម៉េចនិងប្រើប្រាស់របៀបណា។

យោងតាមលោក  Stephen Krashen ដែលជាអ្នកស្រាវជ្រាវភាសាវិទ្យានិងជាអ្នកសិក្សាការអប់រំបានប្រាប់ឲ្យដឹងថាអារម្មណ៍អ្នកស្ដាប់បទចម្រៀងភាគច្រើនតែងតែអណ្ដែតអណ្ដូងតាមបទចម្រៀងដូចជាបទមនោសញ្ចេតនាជាដើមដែលជាហេតុដែលអាចអោយខួរក្បាលរបស់ពួកគេងាយនឹងចាប់យកឃ្លោងឃ្លាឬពាក្យពេចន៍សំខាន់ណាមួយមកដាក់ក្នុងចិត្ត។ ចំណុចនេះហើយដែលអាចធ្វើឲ្យពួកគេឆាប់ចាប់បានន័យរបស់ពាក្យពិបាកៗបានដែលអាចពន្លឿនការយល់ដឹងពាក្យអង់គ្លេសពិបាកៗរបស់ពួកគេបានយ៉ាងល្អផងដែរ។

៣) យល់ដឹងពីវប្បធម៌របស់ភាសាអង់គ្លេស៖ ជាមួយនឹងចម្រៀង អ្នកអាចស្វែងយល់នូវចំណុចពិសេសៗមួយចំនួនលើសពីអត្ថន័យនិងពាក្យពេចន៍ដែលអ្នកបានស្ដាប់តាមរយៈបទចម្រៀងនោះ។ លោកបានបន្តទៀតថា ពិតប្រាកដណាស់ដែលអ្នកអាចសិក្សាអត្ថន័យ lyrics របស់បទចម្រៀងបានដោយរយៈអានតាមឬច្រៀងតាមដែលអាចជួយដល់អំនាននិងការបញ្ចេញសូរស័ព្ទអង់គ្លេសពិតមែន ប៉ុន្តែពាក្យពេចន៍និងអត្ថន័យទាំងនោះគឺបង្កប់នូវលក្ខណៈពិសេសមួយលើសពីនេះ។

នៅពីក្រោយពាក្យពេចន៍និងអត្ថន័យបទចម្រៀងអង់គ្លេសគឺវាប្រៀបបានដូចជាបង្អួចដ៍អស្ចារ្យមួយដែលអាចនាំផ្លូវអ្នកចូលទៅស្គាល់វប្បធម៌របស់ប្រទេសលោកខាងលិចនិងបណ្ដាប្រទេសមួយចំនួនដែលមានភាសាអង់គ្លេសប្រើជាផ្លូវការ។ ថ្វីត្បិតតែប្រទេសទាំងនោះមានភាសាអង់គ្លេសជាផ្លូវការពិតមែនប៉ុន្តែការប្រើប្រាស់ពាក្យមួយចំនួនគឺមានលក្ខណៈខុសគ្នា។ ជាក់ស្ដែង ដូចប្រទេសអាមេរិកនិងចក្រភពអង់គ្លេសគឺមានការប្រើប្រាស់ពាក្យមួយចំនួនដែលប្រកបខុសគ្នាស្រឡះប៉ុន្តែមានន័យតែមួយដែលគេហៅថាភាសាតាមតំបន់ ដូចជាដំឡូងបារាំងគឺនៅអាមេរិកគេហៅថា fries រីឯនៅអង់គ្លេសគេហៅថា chips ។

មិនត្រឹមតែប៉ុណ្ណោះ បទចម្រៀងខ្លះក៍មានការរៀបរាប់ពីព្រឹត្តិការណ៍អ្វីឬលក្ខណសម្បត្តិអ្វីមួយដែលអាចជាអត្តសញ្ញាណវប្បធម៌របស់អ្នកចម្រៀងនោះផងដែរដែលអាចអោយអ្នកយល់ដឹងពីប្រវត្តិសាស្ត្រឬវប្បធម៌របស់ពួកគេដែលជាហេតុដែលអាចអោយអ្នកយល់ដឹងបន្ថែមពីចំណេះដឹងទូទៅក៍ដូចជាការប្រើប្រាស់ពាក្យពេចន៍ខុសៗគ្នារវាងពួកជនបរទេសទាំងនេះផងដែរ៕

 

X
5s