​ក្រុមហ៊ុន Alienware ​​ចេញ​លក់ ឡេបថប​អេក្រង់ OLED, ​ម៉ាស៊ីន Stream និង Desktop ​សមត្ថភាព​ខ្លាំង​ពីរ​ម៉ូដែល​



ថ្មីៗនេះ ក្រុមហ៊ុន Alienware បានប្រកាសចេញកុំព្យូទ័រថ្មីជាច្រើនស៊េរីដែលសុទ្ធសឹងមានសមត្ថភាពខ្លាំងៗដោយត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការហ្គេមក្រាហ្វិកធំៗ។ កុំព្យូទ័រទាំងនោះរួមមាន ឡេបថបអេក្រង់ OLED, ម៉ាស៊ីន Alpha Steam និងកុំព្យូទ័រ Desktop ពីរម៉ូដែលទៀតគឺ Aurora និង Area 51។ +Alienware 13 OLED

2016-06-13-image-11

ក្រុមហ៊ុន Dell បានបង្ហាញចេញកុំព្យូទ័រយួរដៃម៉ូដែល Alienware អេក្រង់ ១៣អ៊ីញប្រភេទ OLED ដំបូងនេះ នៅក្នុងពិព័រណ៍ផលិតផលអេឡិចត្រូនិក CES 2016 កាលពីខែមករា កន្លងទៅ។ ចំណែកពេលនេះ ក្រុមហ៊ុនបានចេញលក់កុំព្យូទ័រសមត្ថភាពខ្លាំងនេះក្នុងតម្លៃចាប់ពី ១២៩៩ដុល្លារអាមេរិក។ កុំព្យូទ័រនេះ ត្រូវបានបំពាក់បន្ទះអេក្រង់ផលិតដោយក្រុមហ៊ុន Samsung ដែលមានកម្រិត resolution ទំហំ 2560x1440px។ កុំព្យូទ័រយូរដៃនេះបំពាក់ដោយអង្គប្រតិបត្តិ Core i7-6500U ល្បឿន 3.16GHz, RAM ទំហំ 16GB DDR3L និងបំពាក់ដោយកាតក្រាហ្វិក GeForce GTX 960 ទំហំ 2GB GDDR5 ឬ GTX 965 ទំហំ 4GB GDDR5។ កុំព្យូទ័រ Alienware អេក្រង់ OLED ទំហំ ១៣អ៊ីញនេះ ក៏គាំទ្រ Alienware Graphics Amplifier សម្រាប់ប្រើប្រាស់ក្នុងការលេងហ្គេមធំៗផងដែរ។ មុខងារផ្សេងទៀត មានដូចជា បំពាក់ដោយឧបករណ៍បំពងសំឡេង Klipsch, ថ្ម 4-cell កម្រិត ៥២វ៉ាត់ម៉ោង, មានរន្ធ USB 3.0, រន្ធ Thunderbolt 3 ចំនួន១, និងរន្ធ USB-C Connector ចំនួន១។ Alienware 13 នេះប្រើប្រាស់ស្តង់ដារតំណភ្ជាប់ 802.11ac Wi-Fi និង Bluetooth 4.1។ +ម៉ាស៊ីន Alienware Alpha R2

2016-06-13-image-10

ម៉ាស៊ីន Alienware Alpha R2 ត្រូវបានបំពាក់ដោយអង្គប្រតិបត្តិ Intel Core ជំនាន់ចុងក្រោយ អមដោយអង្គផ្ទុកទិន្នន័យ M.2 SSD និងមាន RAM ទំហំដល់ 16GB។ ចំពោះជំនាន់ធម្មតា (base version) ម៉ាស៊ីននេះ បំពាក់ដោយក្រាហ្វិក AMD Radeon R9 M470X ទំហំ 2GB GDDR5 ខណៈដែលជំនាន់ខ្ពស់នឹងបំពាក់ដោយក្រាហ្វិក GeForce GTX 960 GPU ទំហំ 4GB GDDR5។ ម៉ាស៊ីន Alienware Alpha R2 នេះមានតម្លៃចាប់ពី ៥៩៩ដុល្លារអាមេរិក ក៏នឹងគាំទ្រក្រាហ្វិក amp របស់ Alienware ផងដែរ។ +Aurora R5, Area 51 R2

2016-06-13-image-8

ស្របពេលប្រកាសចេញកុំព្យូទ័រជាច្រើនស៊េរី ក្រុមហ៊ុនថែមទាំងបានបង្ហាញចេញម៉ាស៊ីន Desktop សមត្ថភាពខ្លាំងពីរស៊េរីថែមទៀតម៉ូដែល Aurora R5 និង Area 51 R2។ ចំពោះកុំព្យូទ័រ Aurora R5 មានតម្លៃចាប់ពី ៧៩៩ដុល្លារ អមដោយឈីប Core Intel ជំនាន់ទី៦ អាចបន្ថែម RAM ដល់ 64GB ប្រភេទ DDR4, ហើយបំពាក់កាតក្រាហ្វិក GTX 1080 និងមានអង្គផ្ទុកទិន្នន័យ M.2 Pcle SSD ទំហំ 1TB ជាមួយ RAID HDD ទំហំ 2GB ហើយមានមុខងារបញ្ចុះកម្ដៅ liquid cooling។

2016-06-13-image-9

ចុងក្រោយគឺម៉ាស៊ីន Area 51 ត្រូវបានបំពាក់អង្គប្រតិបត្តិ Intel Core i7 Broadwell-e អមដោយ liquid cool, មាន RAM DDR4 ហើយក៏បានបំពាក់ក្រាហ្វិក Nvidia SLI ឬ AMD Crossfire។ តម្លៃកុំព្យូទ័រនេះ គឺចាប់ពី ១៦៩៩ដុល្លារ៕
X
5s