ក្រុមហ៊ុន LG ​បង្ហាញ​​ទ្រនាប់​សាក​ថ្មឥត​ខ្សែ Wireless Charging Pad ​ថ្មី​ទំនើប សាកទូរស័ព្ទ​ចូល​លឿន​ដូច​ប្រើ​ខ្សែ!​



LG Innotek ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិកខ្នាតធំ LG ថ្មីៗនេះ បានអភិវឌ្ឍបាននូវសមិទ្ធផលថ្មីគឺជាទ្រនាប់សាកថ្មឥតខ្សែ (wireless) ស៊េរីថ្មី សម្រាប់សាកថ្មស្មាតហ្វូនចូលលឿនដូចសាកតាមខ្សែ។ ក្រុមហ៊ុនបានលើកឡើងពីការរំពឹងទុករបស់ខ្លួនថា ទ្រនាប់សាកថ្ម Wireless Pad ថ្មីនេះ ក៏នឹងត្រូវផលិតដោយបំពាក់នៅក្នុងរថយន្ត ក៏ដូចជាបង្កប់ទៅលើគ្រឿងសង្ហារិមផ្សេងៗថែមទៀតនាពេលខាងមុខ។ រីឯទ្រនាប់ឆ្នាំងសាកថ្មដែលមានរាងមូលដែល LG ទើបបង្ហាញពេលនេះវិញ នឹងមានលក់នៅទីផ្សារអាមេរិក ទីផ្សារអឺរ៉ុប និងអូស្ត្រាលីនៅចុងខែតុលានេះហើយ។ ទ្រនាប់សាកថ្ម Wireless Charging ថ្មីរបស់ LG មានកម្រិត 15W មានល្បឿនសាកថ្មលឿនជាង Wireless Charging module កម្រិត 5W ដល់ទៅ ៣ដង។ វាអាចសាកថ្មទូរស័ព្ទពី ០% ឡើងទៅ ៥០% ក្នុងរយៈពេលត្រឹមតែ ៣០នាទី ពីព្រោះ វាផ្គត់ផ្គង់ថាមពលកម្រិត 15W ស្មើនឹងការសាកថ្មដោយប្រើខ្សែដែរ។ យ៉ាងណា ក្រុមហ៊ុន LG មិនបានបញ្ជាក់តម្លៃ ទៅលើទ្រនាប់សាកថ្ម Wireless នេះនៅឡើយ ហើយក៏មិនបានឱ្យដឹងថា តើឧបករណ៍អ្វីខ្លះនឹងអាចប្រើត្រូវជាមួយ Wireless Charging pad នេះដែរ៕
X
5s