​មនុស្ស​ភាគច្រើន​ ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ខ្សោយ​ដោយសារ​បញ្ហា​ទាំង​៥​នេះ​



ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ត្រូវឆ្លងកាត់ដំណើរការនៃការរៀនសូត្រ និងហ្វឹកហាត់ដោយមិនឈប់ឈរ និងមានចក្ខុវិស័យច្បាស់លាស់ ព្រមទាំងអាចបំផុសអ្នកដទៃឲ្យរួមចំណែកនៅក្នុងចក្ខុវិស័យនោះបានដោយជោគជ័យ។ យ៉ាងណាក៏ដោយ ភាពជាអ្នកដឹកនាំ មិនមែនមនុស្សគ្រប់គ្នាអាចមាននោះទេ ហើយជាទូទៅគឺមានបញ្ហា៥សំខាន់ៗ៖

១) មិនផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់សមាជិកក្រុមរបស់អ្នក៖ ការណ៍ដែលអ្នកមិនបានផ្ដល់ពេលវេលាខ្លះសម្រាប់ផ្ដល់ឲ្យសមាជិកក្រុមនូវមតិស្ថាបនាថាតើពួកគេបំពេញការងារនោះបានល្អកម្រិតណា និងតើសមាជិកក្រុមម្នាក់ៗបានវិវត្តដល់កម្រិតណាហើយ អាចនឹងផ្ដល់ផលប៉ះពាល់ក្នុងរយៈពេលវែង ដល់ការអភិវឌ្ឍប្រសិទ្ធភាពការងាររបស់ពួកគេ។ អ្នកគួររៀបចំការជួបជុំគ្នាឲ្យបានញឹកញាប់ ព្រមទាំងផ្ដល់មតិស្ថាបនាពីដំណើរការការងាររបស់ពួកគេមិនថាវិជ្ជមានឬអវិជ្ជមាន និងដំណើរការនៃជំនួញរបស់អ្នកផងដែរ ដែលនឹងជំរុញពួកគេឲ្យប្រឹងប្រែធ្វើការជាងមុន។

២) មិនចែករំលែកនូវគោលដៅរបស់អ្នក៖ នៅពេលអ្នកមិនចែករំលែកពីគោលដៅអ្នកប្រាប់ទៅអ្នករួមចំណែកក្នុងកិច្ចការទាំងនោះ ពួកគេនឹងមិនដឹងថាខ្លួនធ្វើវាដើម្បីអ្វី តើពួកគេនឹងទទួលបានអ្វីនៅចុងបញ្ចប់នៃបេសកកម្មនីមួយៗនោះទេ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងអាចនឹងផ្ដល់អាទិភាពលើការងាររបស់ពួកគេមិនបានត្រឹមត្រូវផងដែរ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកត្រូវចែករំលែកពីគោលដៅរបស់អ្នកទៅកាន់ពួកគេ នោះវានឹងផ្ដល់កម្លាំងចិត្តដល់ពួកគេក្នុងការសម្រេចភារកិច្ចនោះ។

៣) មិនធ្វើជាគំរូដ៏ត្រឹមត្រូវមួយ៖ គ្រប់ក្រុមហ៊ុនឬស្ថាប័នទាំងអស់តែងមានច្បាប់ទម្លាប់ដែលគ្រប់គ្នាមិនថាជាអ្នកដឹកនាំឬអ្នកក្រោមបង្គាប់នោះទេ ត្រូវគោរពនិងប្រតិបត្តិតាម។ បើអ្នកជាអ្នកដឹកនាំមិនបានផ្ដល់គំរូល្អដល់ពួកគេដោយគោរពតាមទេនោះ អ្នកផ្សេងៗទៀតនឹងបាត់បង់កម្លាំងចិត្តក្នុងការធ្វើការងារ។ អ្នកត្រូវធ្វើជាគំរូដ៏ល្អសម្រាប់ពួកគេ នោះមនុស្សគ្រប់គ្នានឹងព្យាយាមសម្រេចគោលដៅការងារផ្សេងៗរបស់អ្នកឲ្យបានជោគជ័យ។

៤) តាំងខ្លួនជាចៅហ្វាយ៖ នៅពេលអ្នកក្រអឺតក្រទមតាំងខ្លួនជាចៅហ្វាយ អ្នកនៅក្រោមបង្គាប់អ្នកនឹងមានអារម្មណ៍ថាពិបាកក្នុងការទំនាក់ទំនងជាមួយអ្នក ព្រមទាំងធ្វើកិច្ចការឲ្យអ្នកជាមួយនឹងអារម្មណ៍រងសម្ពាធនិងភាពអវិជ្ជមាន។ អ្នកមិនត្រូវភ្លេចទេថាគោលដៅរបស់អ្នកអាចសម្រេចបានលុះត្រាណាមានការសហការយ៉ាងស្អិតល្មួតពីអ្នកដែលមានជំនាញខុសៗគ្នា ហេតុនេះជាការចាំបាច់ណាស់ដែលអ្នកត្រូវដាក់ខ្លួននិងផ្ដល់ការគោរពដល់ពួកគេកុំខាន។

៥) គ្មានការផ្ដល់កម្លាំងចិត្ត៖ ការទទួលបានការលើកទឹកចិត្តតាមរយៈការលើកសរសើរការងាររពួកគេ  ផ្ដល់កម្លាំងចិត្តក្នុងពេលជួបការលំបាកទាំងឡាយ នឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកយកចិត្តទុកដាក់ពីក្ដីសុខរបស់ខ្លួន ហើយវានឹងជំរុញពួកគេឲ្យខិតខំធ្វើការជាងមុន និងផលិតនូវលទ្ធផលការងារដែលប្រកបដោយប្រសិទ្ធភាពជាងមុន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.lifehack.org

X
5s