ជំនាញដ៏សំខាន់បំផុតទាំង៤ដែលអ្នកត្រូវការក្នុងវ័យខ្ទង់ ២០ឆ្នាំ​



នៅក្នុងដំណាក់កាលនៃជីវិតក្នុងវ័យខ្ទង់២០ឆ្នាំ ទំនួលខុសត្រូវដ៏ច្រើននៅក្នុងជីវិតរបស់អ្នក និងការប្រឈមមុខទប់ទល់នឹងវិបត្តិផ្សេងៗ បានធ្វើឲ្យអ្នកទទួលរងនូវអារម្មណ៍រងសម្ពាធយ៉ាងខ្លាំងដែលអាចប៉ះពាល់ទៅដល់ការសម្រេចគោលដៅរបស់អ្នកសម្រាប់ថ្ងៃអនាគត ហេតុនេះ វាបានឆ្លុះបញ្ចាំងឲ្យឃើញថា ការឈានដល់វ័យចាស់ទុំដែលអ្នកមានភាពរឹងមាំផ្នែកផ្លូវកាយ មិនបានអះអាងថាអ្នកនឹងមានការវិវត្តទៅរកភាពចាស់ទុំខាងផ្នែកផ្លូវចិត្ត និងអារម្មណ៍ដែរនោះទេ។ ចំណុចសំខាន់ៗដែលបង្ហាញពីជំនាញទាំង៤ដែលអ្នកត្រូវការក្នុងវ័យខ្ទង់២០ឆ្នាំខាងក្រោមនេះ នឹងជួយផ្ដល់ជាគំនិតបំភ្លឺមួយចំនួនសម្រាប់អ្នកក្នុងជីវិត៖

១) ជំនាញនៃការមើលឃើញបានវែងឆ្ងាយ៖ ការបោះបង់ចោលនូវគោលដៅរបស់មនុស្សភាគច្រើន គឺដោយសារតែពួកគេខ្វះខាតនូវចិត្តដែលមានភាពអំណត់អត់ធ្មត់ក្នុងការសម្រេចគោលដៅឲ្យបានជោគជ័យ។ ពួកគេចង់ឲ្យអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងកន្លងមកតបស្នងនូវតម្លៃដែលសាកសមមកវិញយ៉ាងទាន់ហន់រហ័សទាន់ចិត្ត ប៉ុន្ដែអ្នកមិនត្រូវភ្លេចទេថា ការសម្រេចទៅដល់គោលដៅប្រៀបដូចជាការដាំដុះរុក្ខជាតិមួយដូច្នោះ បន្ដិចម្ដងៗដោយការមិនបោះបង់សេចក្ដីអំណត់ក្នុងការស្រោចទឹក ដាក់ជី មើលថែទាំវាយ៉ាងយកចិត្តទុកដាក់ លុះថ្ងៃណាមួយពន្លកនឹងដុះចេញមកយ៉ាងស្រស់ស្អាតដោយខ្លួនវាជាក់ជាមិនខាន។

២) ចេះទាញប្រយោជន៍ពីសក្ដានុពលពិតប្រាកដរបស់អ្នក៖ អ្នកមិនអាចរំពឹងទុកពីខ្លួនឯងនូវជីវិតមួយដ៏អស្ចារ្យ និងមានសេចក្ដីសុខពិតប្រាកដបានពីការប្រឹងដុះខាត់ កែប្រែខ្លួនឯងឲ្យទៅជានរណាម្នាក់នៅក្នុងក្ដីស្រមៃរបស់អ្នកបានឡើយ។ ផ្ទុយទៅវិញ អ្នកនឹងបានទទួលប្រយោជន៍ពីការព្យាយាមស្វែងរកថាខ្លួនឯងជានរណា ហើយប្រើប្រាស់សក្ដានុពលដែលបង្កប់នៅក្នុងខ្លួនរបស់អ្នកដែលមានស្រាប់មកហើយនោះ ដើម្បីប្រើការឲ្យកើតជាប្រយោជន៍សម្រាប់ខ្លួនឯង និងអ្នកដទៃ។

៣) ចេះពីរបៀបប្រើប្រាស់ពេលវេលារបស់អ្នកឲ្យត្រូវគោលដៅ៖ ជារៀងរាល់ថ្ងៃ អ្នកមានសិទ្ធិជ្រើសរើសថាតើគួរចំណាយពេលទៅលើអ្វីដែលតបស្នងប្រយោជន៍ដល់អ្នកក្នុងថ្ងៃអនាគត ឬក៏អ្នកគួរចំណាយទៅលើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់អ្នកវិញសោះ ឬក៏ជាប្រយោជន៍ដែរតែនៅក្នុងរយៈពេលខ្លី។ អ្នកត្រូវចាំថា វិធីដែលអ្នកប្រើប្រាស់ពេលវេលារបស់អ្នកក្នុងពេលនេះ នឹងកំណត់ពីភាពជោគជ័យ ឬភាពបរាជ័យរបស់អ្នកក្នុងថ្ងៃអនាគត។

៤) ចេះពីការបរាជ័យយ៉ាងល្អបំផុត៖ កំឡុងពេលសិក្សានៅក្នុងសាលា អ្នកបានទទួលនូវរង្វាន់ និទ្ទេស ឬពិន្ទុល្អៗ ជ័យលាភីពីការប្រកួតប្រជែងដ៏អស្ចារ្យនានា និងសញ្ញាប័ត្រជាដើម ប៉ុន្ដែក្រោយមក របស់អស់ទាំងនោះហាក់ដូចជាគ្មានតម្លៃសម្រាប់ភាពជោគជ័យរបស់អ្នក ព្រោះនៅពេលអ្នកប្រឡូកក្នុងសង្គមជាក់ស្ដែង អ្នកនឹងស្គាល់ពីរសជាតិនៃភាពមិនសមបំណងជាច្រើន តែទោះយ៉ាងណា អ្នកត្រូវមើលភាពបរាជ័យនៅក្នុងផ្លូវវិជ្ជមានជានិច្ច ជាឲកាសសម្រាប់អ្នករៀនសូត្របន្ថែមដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរជាងមុនជាលំដាប់៕

ដោយ៖ ស្រីពៅ

X
5s