​បើ​មាន​ទម្លាប់​អាក្រក់​ទាំង​ ៤​​ នេះ ​ទោះបី​ជា​សេដ្ឋី​ក៏​ត្រូវ​ធ្លាក់​ខ្លួន​ក្ររហាម​វិញ​ដែរ​


ប្រភព​រូបពី Paychex

អ្វីក៏ដោយកើតឡើងសុទ្ធតែមិនមែនមកពីភាពចៃដន្យនោះទេ។ មហាសេដ្ឋីដែលធ្លាប់តែមានសេរីភាពផ្នែកហិរញ្ញវត្ថុ មានភាពសប្បាយរីករាយក្នុងការចាយវាយ និងអាចបំពេញតាមសេចក្ដីត្រូវការរបស់ខ្លួនបានយ៉ាងច្រើនអនេកនៅក្នុងជីវិត ក៏ស្រាប់តែធ្លាក់ទៅក្នុងសភាពត្រូវអស់ប្រាក់ចាយវាយពីហោប៉ៅយ៉ាងមិនអស់ចិត្ត។

ទាំងនេះ មិនមែនជារឿងចៃដន្យរបស់បុគ្គលដែលត្រូវជួបនឹងស្ថានភាពបែបនេះនោះឡើយ ពួកគេប្រើប្រាស់លុយរបស់ខ្លួនមិនសម្របទៅតាមក្បួនត្រឹមត្រូវ ដែលមហាសេដ្ឋីដទៃទៀតតែងប្រកាន់ខ្ជាប់ខ្ជួនជានិច្ចនោះ។ នៅពេលអ្នកបានងាកមកស្វែងយល់ពីទម្លាប់អាក្រក់ដែលជាដើមហេតុនៃការអស់ប្រាក់ពីហោប៉ៅរបស់មហាសេដ្ឋីមួយចំនួនរួច អ្នកក៏អាចចៀសវាងពីទម្លាប់ទាំងនេះ ដើម្បីរក្សាទ្រព្យរបស់អ្នកឲ្យប្រកបដោយភាពឆ្លាតវៃបានដែរ។

១) មិនតាមដានពីការចំណាយរបស់ខ្លួន៖  

ការមើលមិនឃើញពីសារៈសំខាន់នៃការតាមដាន កត់សម្គាល់ពីការចំណាយជាប្រចាំរបស់ខ្លួននោះឡើយ និងស្ទើរតែមិនអាចប្រាប់អ្នកបានផងថារាល់ការចំណាយរបស់ពួកគេបានចាយវាយទៅលើអ្វីខ្លះ។ ពួកគេមើលរំលងមិនត្រួតពិនិត្យទៅលើការចំណាយកំបិុកកំប៉ុក ដូចជាការបរិភោគអាហារនៅតាមហាង ការដើរផ្សារទិញអីវ៉ាន់ជាដើម ដើម្បីបញ្ជាក់មើលថាតើមានការគិតលុយច្រឡំឬអត់ ដែលទោះជាការចំណាយបន្តិចបន្តួចពិតមែន តែនៅពេលរឿងបែបនេះកើតឡើងដោយការធ្វេសប្រហែសច្រើនដងនោះ វានឹងអាចបង្កជាបញ្ហាធំរាលដាលដល់បញ្ហាហិរញ្ញវត្ថុរបស់ពួកគេនៅថ្ងៃមុខដោយមិនអាចរំពឹងទុកបាន។

២) ទិញរបស់ប្រើប្រាស់ថ្លៃៗ និងទិញតាមអារម្មណ៍របស់ខ្លួន៖

ការប្រើអារម្មណ៍របស់ខ្លួនជាអ្នកតម្រង់ទិសទៅលើការចាយវាយ ដូចជានៅពេលអារម្មណ៍មិនល្អ ពួកគេនឹងចំណាយច្រើនលើសម្ភារៈថ្លៃៗ ដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹងរបស់ខ្លួន ដែលការចំណាយតាមអារម្មណ៍បែបនេះ នាំពួកគេឲ្យដកលុយពីហោប៉ៅយ៉ាងច្រើនដោយមិនដឹងខ្លួន និងជាហេតុនាំឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពួកគេមិនយូរមិនឆាប់នោះឡើយ។ ខុសពីមហាសេដ្ឋីផ្សេងទៀត ដែលទោះជាដំណាក់កាលនៃជីវិតរបស់ពួកគេមានប្រាក់ចាយវាយច្រើនក៏ដោយ ក៏ពួកគេនៅតែប្រកាន់ខ្ជាប់នូវគំនិតសន្សំសំចៃទៅលើការចំណាយរបស់ខ្លួនដែរ។

៣) មិនមានចរន្តប្រាក់ចំណូលច្រើនផ្លូវ៖ 

ការមានចរន្តប្រាក់ចំណូលច្រើនផ្លូវពិតជាផ្ដល់ជាប្រយោជន៍ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អប្រសើរ ព្រោះថានៅពេលកត្តាខាងក្រៅដែលមិនអាចស្មានដឹងទុកមុនអាចកើតឡើងដូចជា ការធ្លាក់ចុះនៃប្រព័ន្ធសេដ្ឋកិច្ចជាដើម នៅពេលចរន្តប្រាក់មួយរបស់អ្នកមានបញ្ហា អ្នកនៅមានចរន្តប្រាក់ផ្សេងៗដទៃទៀតមកជួយទប់ជ្រែងដល់ចរន្តប្រាក់ដែលកំពុងមានបញ្ហានោះបាន ដែលចំណុចនេះ គឺជាអ្វីដែលអ្នកមិនគួរមើលរំលងឡើយ។

៤) ពួកគេជាវិនិយោគិនដែលខ្វះនូវភាពអត់ធ្មត់៖ 

ផ្ទុយពីវិនិយោគិនដែលមានចក្ខុវិស័យវែងឆ្ងាយ និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អ មហាសេដ្ឋីប្រភេទនេះ ធ្វើការវិនិយោគដោយផ្អែកទៅតាមអារម្មណ៍របស់ខ្លួន ហើយដកភាគហ៊ុនរបស់ខ្លួនចេញយ៉ាងភ័យស្លន់ស្លោនៅពេលបញ្ហាងើបមុខឡើងមក។ ម្យ៉ាងទៀត ដោយសារយល់ថាខ្លួនមានភាពជោគជ័យក្នុងការបង្កើតលុយមកហើយនោះ ពួកគេក្រអឺតក្រទមមិនត្រូវការពាក្យណែនាំរបស់អ្នកជំនាញផ្នែកវិនិយោគនោះទេ ហើយចចេសរឹងរូសដើរតាមផ្លូវដើរដ៏ឆ្លាតវៃរបស់ខ្លួន ឬជាជំនឿខុសឆ្គងដែលគ្មានភស្តុតាងជាក់ស្ដែងមកបញ្ជាក់៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.entrepreneur.com

X
5s