​​​មេរៀន​សំខាន់ៗ​ សេដ្ឋី​​អាមេរិក​ លោកRooster McConaughey ​​​​បង្រៀន​ដល់​កូន​របស់​ខ្លួន​ អំពី​ភាព​ជោគជ័យ​



លោក Rooster McConaughey គឺ​ជា​មហាសេដ្ឋី​មួយ​រូប​ដែល​បាន​កសាង​ភាព​មាន​បាន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​តស៊ូ​របស់​ខ្លួន ជា​បុគ្គល​ដែល​មាន​ជំនួញ​ដ៏​ធំ​មួយ​នៅ​ក្នុង​ដៃ ជា​ក្រុមហ៊ុន​ឧស្សាហកម្ម​បំពង់​បង្ហូរ​ប្រេង និង​សាំង​ដ៏​ធំ​មួយ។ មិនតែប៉ុណ្ណោះ លោក​ក៏​ជា​សហប្រធាន​នៃ​កម្មវិធី​ទូរទស្សន៍​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា West Texas Investors Club ជា​កម្មវិធី​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​CNBCមាន​លក្ខណៈ​ជា​ខ្សែ​រឿង​ភាគ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់ស្ដែង​នៃ​ជីវិត​ជា​សហគ្រិន​របស់​លោក ដែល​មាន​រូប​លោក​ជា​តួសម្ដែង និង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​វិនិយោគ​ទុន រួម​ទាំង​ដៃគូ​អាជីវកម្ម​របស់​គាត់​ម្នាក់​ទៀត គឺ​លោក Butch Gilliam។ លោក McConaughey បាន​ផ្ដល់​សម្ដី​មួយ​ឃ្លា​ថា៖​ «មនុស្ស​គ្រប់​គ្នា​ឈ្លក់​វង្វេង​ទៅ​នឹង​ភាព​ជោគជ័យ រហូត​ដល់​ពួកគេ​ចង់​ចុះ​ហត្ថលេខា​នៅ​លើ​ក្រដាស​ប្រាក់​ដុល្លារ​ទៅ​ហើយ»។ គាត់​តែងតែ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ក្នុង​ការ​បង្រៀន​ដល់​កូនៗ​ទាំង​៣​របស់​លោក​ឲ្យ​យល់​ថា ភាព​ជោគជ័យ​មិន​សំដៅ​ទៅ​លើ​ប្រាក់​នោះ​ឡើយ ហើយ​នេះ​គឺ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​យល់​ពី​វា ហើយ​វា​ក៏​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​យល់​ពី​វា​ដូច​គ្នា។ សេដ្ឋីរូបនេះ បាន​បន្ថែម​គំនិត​សីុ​ជម្រៅ​របស់​ខ្លួន​ទៀត​ថា៖ «ស្មារតី​ភ្ញាក់​ខ្លួន​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈ​ជ្រះ​ថ្លា ទើប​ជា​អ្វី​ដែល​ជា​ភាព​ជោគជ័យ​ពិត​ប្រាកដ។ ប្រព្រឹត្ត​ចំពោះ​មនុស្ស​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ ហើយ​វា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​ពួកគេ ហើយ​វា​ក៏​ជា​កេរ្តិ៍មរតក​តែ​ម្យ៉ាង​ដែល​ខ្ញុំ​នឹង​បន្សល់​សម្រាប់​ពួកគេ​ដែរ»៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cnbc

X
5s