​អនុវត្ត​គន្លឹះ​ទាំង​ ៤​​​នេះ​ ​​​ដើម្បី​​បើក​សោ​​កំណប់​មហាសាល​ក្នុង​ខ្លួន​របស់​អ្នក​



មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​សក្ដានុពល​បង្កប់​នៅ​ក្នុង​ខ្លួន​របស់​ពួកគេ​រៀងៗ​ខ្លួន។ យ៉ាងណាមិញ មាន​មនុស្ស​ជាច្រើន​កើត​ក្ដី​ទុក្ខ​កង្វល់​នៅ​ក្នុង​ជីវិត ពេល​ឃើញ​ពី​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​របស់​អ្នកដទៃ ហើយ​ងាក​មក​មើល​ជីវិត​ខ្លួនឯង​ឃើញ​ពី​ភាព​ផ្ទុយ​គ្នា​ដែល​ពោរពេញ​ដោយ​ការ​បរាជ័យ។ នោះ​ក៏​ដោយសារ​តែ ​ពួកគេផ្ដោត​ទៅលើ​អ្វី​ដែល​ខ្លួនឯង​មិន​មាន​ជាជាង​កំណប់​ទ្រព្យ​ដែល​ខ្លួនឯង​ទទួល​បាន​មក រង់ចាំ​តែ​ការ​សំលៀង​ដុសខាត់​ជាប់​លាប់​ពី​ពួកគេ​តែ​ប៉ុណ្ណោះ។ ឫ​ក៏​ពួកគេ​រស់នៅ​ជីវិត​របស់​ខ្លួន​ដោយ​ប្រើប្រាស់​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្លាំង​ពិសេស​របស់​ពួកគេ​នោះ​ជា​ប្រចាំ រហូត​ដល់​ពួកគេ​ខ្លួនឯង​មិន​ចាប់​អារម្មណ៍​កត់សម្គាល់​ថា​នោះ​ជា​សក្ដានុពល​របស់​ខ្លួន​នោះ។ ក្នុង​ខ្លួន​របស់​អ្នក​គ្រប់​គ្នា​កំពុង​តែ​បង្កប់​នូវ​កំណប់​ទ្រព្យ​អ្វី​មួយ​ហើយ ដូច្នេះ​តើ​ធ្វើ​បែប​ណា​ទើប​អ្នក​អាច​ចាក់​កូនសោ​ចូល​ទៅ​គាស់​យក​កំណប់​នោះ​ចេញ​មក​ពី​ក្នុង​ខ្លួន​អ្នក​បាន ?

១) កត់សម្គាល់​ពី​អំណាច​ដ៏​អស្ចារ្យ​របស់​អ្នក៖ ជា​ការ​ប្រសើរ​ណាស់​ប្រសិន​បើ​អ្នក​បាន​មើល​ឃើញ​ពី​លក្ខណៈ​ពិសេស​អស្ចារ្យ​របស់​ខ្លួន​រួច​មក​ហើយ ព្រម​ទាំង​បាន​សាង​ប្រយោជន៍​ជា​ច្រើន​ពី​វា​នោះ។ ទោះជាយ៉ាងណា សម្រាប់​អ្នក​ដែល​មិន​ទាន់​រក​ឃើញ​អំណាច​របស់​ខ្លួន​នៅ​ឡើយ​ទេ ពេល​នេះ​នៅ​មិន​ទាន់​យឺត​នោះ​ទេ ដូច្នេះ​អ្នក​អាច​ចាប់ផ្ដើម​បាន​ដោយ​សាក​ចូល​ទៅ​គិត​ឲ្យ​ជ្រៅ​បន្តិច​ទៅ​មើល​ថា តើ​អ្វី​ទៅ​ដែល​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នក​ជាង​សម្រាប់​អ្នកដទៃ ថែមទាំង​ផ្ដល់​ក្ដី​សុខ​ដល់​អ្នក​ពេល​បាន​ធ្វើ​វា​ទៀត​នោះ ?

២) ទទួល​យក​ការ​ទទួល​ខុសត្រូវ​ចំពោះ​អំណាច​ធម្មជាតិ​ដែល​អ្នក​មាន៖ គោលដៅ​ដ៏​សំខាន់​នៃ​សក្ដានុពល​ដែល​អ្នក​មាន គឺ​ដើម្បី​សាង​ប្រយោជន៍​មិន​តែ​ចំពោះ​ខ្លួនឯង​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ប្រើប្រាស់​វា​ដើម្បី​បម្រើ​ប្រយោជន៍​មនុស្ស​នៅ​ក្នុង​សង្គម​ផង​ដែរ។ អ្នក​អាច​ធ្វើ​វា​បាន លុះត្រាណាតែ សមត្ថភាព​របស់​អ្នក​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​ដែល​ចេញ​ពី​ដំណើរការណ៍​ដុសខាត់​និង​សំលៀង​វា​ជាប់​ជា​ប្រចាំ ប្រៀប​ដូច​ទៅ​នឹង​កាំបិត​ដែល​កាន់តែ​សំលៀង​កាន់តែ​មុត​ដូច្នោះ។

៣) ត្រៀម​ខ្លួន​សម្រាប់​រាល់​កម្លាំង​ប្រឆាំង​ទាំងឡាយ៖ វា​ប្រាកដ​ជា​រឿង​ល្ងង់ខ្លៅ​ដែល​សុខចិត្ត​បោះបង់​ចោល​នូវ​កំណប់​ក្នុង​ដៃ​របស់​ខ្លួន ដើម្បី​គ្រាន់តែ​បំពេញ​តាម​ចិត្ត​របស់​អ្នកដទៃ ដែល​ដើរ​តួ​ជា​កម្លាំង​ប្រឆាំង​រារាំង​អ្នក​ពី​ការ​កសាង​សមិទ្ធផល​ក្នុង​ជីវិត​នោះ។ គ្មាន​សត្វ​មនុស្ស​ណា​ម្នាក់​អាច​ចៀស​បាន​ពី​ការ​រិះគន់​នោះ​ទេ ទាល់តែ​គេ​មិន​ធ្វើ​អ្វី​សោះ។ អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បី Paulo Coelho បាន​និយាយ​ថា "ចូរ​ប្រាប់​ទៅ​បេះដូង​របស់​អ្នក​ថា ភាព​ភ័យខ្លាច​នៃ​ការ​រង​ទុក្ខ​គឺ​វេទនា​ជាង​ការ​រងទុក្ខ​ខ្លួន​វា​ទៅ​ទៀត ហើយ​ក៏​គ្មាន​បេះដូង​ណាមួយ​ដែល​រងទុក្ខ​ដោយសារ​ការ​ដើរ​តាម​ក្ដី​សុបិន​របស់​វា​នោះ​ដែរ"

៤) បណ្ដុះ​នូវ​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង៖ នៅ​ពេល​នេះ​អ្នក​មាន​កំណប់​នៅ​ក្នុង​ដៃ​ហើយ ជោគជ័យ​ឫ​បរាជ័យ​នៃ​ជីវិត​អ្នក​គឺ​អាស្រ័យ​ទៅលើ​អ្នក​នោះ​ឯង។ ដូច្នេះ​បើ​អ្នក​ខ្លួនឯង​មិន​ជឿជាក់​លើ​ខ្លួនឯង​តាំង​ពី​ចំណុច​ចាប់ផ្ដើម​ដំបូង​ទៅ​ហើយ គ្មាន​អ្វី​ដែល​មក​អាច​ធានា​ពី​ជ័យជម្នះ​របស់​អ្នក​នៅ​ចំណុច​បញ្ចប់​បាន​នោះ​ឡើយ។ អ្នក​ត្រូវ​ចាំ​ថា មនុស្ស​ដែល​មាន​ភាព​ជឿជាក់​ទៅលើ​ខ្លួនឯង ពួកគេ​នឹង​អាច​រំកិល​ភ្នំ​មួយ​បាន៕

ដោយ៖ ស្រីពៅ
ប្រភព៖ www.positivelypositive.com