Galaxy S8 ​ចេញ​ផ្លូវការ​នៅ​ម៉ោង ១០យប់​នេះ ​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ជុំវិញ​ព្រឹត្តិការណ៍​សម្ពោធ​ទាំងអស់​គ្នា​



ស្មាតហ្វូន​ទំនើប S8 ​របស់ Samsung ​នឹង​ត្រូវ​ក្រុមហ៊ុន​សម្ពោធ​ផ្លូវការ​នៅ​យប់​ម៉ោង ១០ ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត​នេះ។ គេហទំព័រ Bizkhmer នឹង​ធ្វើ​ការ​ចុះផ្សាយ​ព័ត៌មាន​ផ្លូវការ​ជុំវិញ​ព្រឹត្តិការណ៍ Samsung Unpacked ពី​ទីក្រុង​ញូវយ៉ក ដូច្នេះ សូម​ប្រិយមិត្ត​រង់ចាំ​ទស្សនា និង​អាច​ព័ត៌មាន​លំអិត​ជុំវិញ​កំពូល​ស្មាតហ្វូន Android នេះ។ Galaxy S8 និង S8+ ​បាន​បែកធ្លាយ​រូបរាង​ជាច្រើន​កន្លង​មក រហូត​សុំា​ភ្នែក​របស់​សាធារណជន​ទៅ​ហើយ ប៉ុន្តែ​អតិថិជន​នៅ​តែ​ទន្ទឹង​ចង់​ដឹង​លក្ខណៈ​សម្បត្តិ​ផ្លូវការ​របស់​កំពូល​ស្មាតហ្វូន Android នេះ។ មួយ​សន្លឹកៗ លេច​ចេញ​ពី​គេហទំព័រ​បរទេស គឺ​សុទ្ធតែ​អាច​អន្ទង​ចិត្ត​អ្នក​ប្រើប្រាស់ សរសេរ​នូវ​រចនាបថ​ឌីហ្សាញ​ថ្មី​នៅ​លើ S8 ទាំង​ពីរ។

មិន​ខុស​ពី​ឆ្នាំ​មុន ដោយ ២០១៧ ក្រុមហ៊ុន Samsung នឹង​​នៅ​តែ​បន្ត​សម្ពោធ​ចេញ Galaxy S8 ពីរ​ម៉ូដែល គ្រាន់តែ​មិន​ហៅ​ម៉ូដែល “edge” ដូច S6 Edge ឬ S7 Edge នោះ​ឡើយ។ នឹង​មាន Galaxy S8 ស្តង់ដារ​អេក្រង់​តូច​គឺ ៥,៨អ៊ីញ និង​ម៉ូដែល​អេក្រង់​ធំ​ជាង​នេះ​គឺ ៦,២អ៊ីញ​ឈ្មោះ Galaxy S8+។ ទាំងពីរ​ម៉ូដែល​សុទ្ធតែ​មាន​អេក្រង់​កោង​បញ្ឆិត​សងខាង (ឆ្វេង – ស្ដាំ)។ S8 ទាំង​ពីរ នឹង​ក្រាល​ដោយ​កញ្ចក់ Super AMOLED កម្រិត QHD និង​មាន resolution ទំហំ 2400x2960px ​ហើយ​មាន 18:9 aspect ratio។ លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​នៅ​លើ Galaxy S8/ S8 Plus រួម​មាន៖ RAM 4GB ឬ 6GB, កាមេរ៉ា​ក្រោយ​អម​ដោយ​បច្ចេកវិទ្យា dual pixel ​ទំហំ 12MP, កាមេរ៉ា​មុខ​ទំហំ 8MP, បច្ចេកវិទ្យា​ការពារ​មិន​ឱ្យ​ជ្រាប​ទឹក IP68, មុខងារ​សាកថ្ម​ឥត​ខ្សែ wireless charging និង​កម្រិត​ថ្ម 3000mAh / 3500mAh។ Galaxy S8 ទាំង​ពីរ នឹង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat។ +មុខងារ​សំខាន់ៗ​នៅ​លើ​ស្មាតហ្វូន Galaxy S8 / S8 Plus រួម​មាន ៖ Always On display, Multi window, Edge screen។ ក្រៅពី​នេះ នៅ​មាន​មុខងារ​ថ្មីៗ​ដូច​ជា Hello Bixby, Bixby Vision, Reminder, Bixby។ ចំពោះ​ប្រព័ន្ធ​សុវត្ថិភាព​នឹង​កាន់​តែ​ទំនើប មាន​ដូច​ជា៖ ស្កេន​ប្រស្រី​ភ្នែក (Iris recognition), ស្កេន​ក្រយៅដៃ (Fingerprint recognition), ​ស្កេន​មុខ (Face recognition), សុវត្ថិភាព​ថត​ឯកសារ (Secure Folder), Samsung Pass។ S8 នឹង​មាន​បំពាក់​នូវ​មុខងារ​ឆ្លាតវៃ smart Auto Focus (AF) , Samsung Pay, Samsung DeX, Samsung Connect, Samsung Cloud, Bluetooth Dual audio, និង​មុខងារ​មិន​ជ្រាប​ទឹក​ជា​ដើម។ តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​អះអាង​ថា S8 នឹង​មាន​តម្លៃ​ប្រហែល ៩០០ដុល្លារ ហើយ S8 Plus នឹង​មាន​តម្លៃ ១០០០ដុល្លារ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​បញ្ជា​ទិញ​នៅ​ដើម​ខែ​មេសា ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី២១ មេសា​ខាង​មុខ៕   ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s