សំណួរ ៣សំខាន់ៗសង្កត់ធ្ងន់ទៅលើភាពជាអ្នកដឹកនាំពីលោក John C. Maxwell​



ម្ចាស់​តំណែង​លំដាប់​កំពូល​ទី១​របស់​ពិភពលោក​ជា​អ្នក​ឯកទេស​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​និង​ការ​គ្រប់គ្រង​ដោយ​ទស្សនាវដ្ដី Inc. Magazine កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ព្រម​ទាំង​ត្រូវ​បាន​បោះឆ្នោត​ជា​អ្នក​ជំនាញ​អាជីព​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​អស់​រយៈពេល​៦ឆ្នាំ​បន្ត​បន្ទាប់​គ្នា ដោយLeadershipGurus.net ជា​អ្នក​និពន្ធ អ្នក​បង្ហាត់បង្រៀន និង​ជា​អ្នក​និយាយ​សាធារណៈ​អំពី​ភាព​ជា​អ្នក​ដឹកនាំ លោក John C. Maxwell គឺជា​អ្នក​និពន្ធ​សៀវភៅ​លក់​ដាច់​បំផុត​លំដាប់​លេខ​១​របស់ New York Times ដែល​សៀវភៅ​របស់​គាត់​ទាំងអស់​លក់​ដាច់​លើស​ពី​២៤​លាន​ក្បាល​បកប្រែ​ជា​៥០​ភាសា​ជុំវិញ​ពិភពលោក។

ក្នុង​ចំណោម​ស្នាដៃ​និពន្ធ​សៀវភៅ​ជាង​៥០​ក្បាល​របស់​លោក​ទាំងអស់ សៀវភៅ​ចំនួន​៣ក្បាល​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ជាង​គេ​ជាមួយ​នឹង​កំណត់ត្រា​លក់​ដាច់​ក្នុង​១ក្បាលៗ​បាន​ជាង​១​លាន​ក្បាល គឺ "The 21 Irrefutable Laws of Leadership", "Developing the Leader Within You" និង "The 21 Indispensable Qualities of a Leader" ដែល​សៀវភៅ​ទាំង​៣ក្បាល​នេះ​សុទ្ធតែ​មាន​បកប្រែ​ជា​ភាសាខ្មែរ​យើង​ផង​ដែរ។ តាមរយៈ​ការ​ដកស្រង់​នូវ​សំណួរ​ចំនួន​៣​សំខាន់ៗ​ចេញ​ពី​បទសម្ភាសន៍​មួយ​រវាង​លោក John C. Maxwell និង​ទស្សនាវដ្ដី TwoTen ពួក​យើង​ដែល​ជា​ជន​ជំនាន់​ក្រោយ​នឹង​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ដ៏​ច្រើន​អនេក​និង​មិន​អាច​កាត់ថ្លៃ​បាន​ពី​បទពិសោធន៍​របស់​លោក​ក្នុង​ភាព​ជា​អ្នកដឹកនាំ​អស់​ជាង​៤០​ឆ្នាំ​មក​ទល់​ពេល​នេះ។

១) សំណួរ៖ លោក​បាន​បូជា​ជីវិត​របស់​លោក​ដើម្បី​ប្រាស្រ័យ​ទាក់ទង​និង​បង្រៀន​នូវ​គោលការណ៍​ភាព​ជា​អ្នកដឹកនាំ។ វប្បធម៌​និង​ស្ថានការណ៍​ការងារ​បាន​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​អស់​រយៈកាល​ជាង​៤០​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ហើយ តើ​វិធីសាស្ត្រ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​បាន​ផ្លាស់ប្ដូរ​ដែរ​ឬ​ទេ ? បើ​ដូច្នេះ តើ​វា​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​ខ្លះ?

ចម្លើយ៖ វិធីសាស្ត្រ​ពិត​ជា​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​នោះ​ដែរ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ភាព​សំខាន់​បាន​ផ្ដោត​ទៅលើ​របៀប​គ្រប់គ្រង។ ប៉ុន្តែ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០​និង​១៩៨០ ការ​ផ្ដោត​សំខាន់​គឺ​នៅ​លើ​ភាព​ជា​អ្នកដឹកនាំ​វិញ ព្រោះ​មនុស្ស​ចាប់ផ្ដើម​យល់​ដឹង​ថា​ពួកគេ​អាច​គ្រប់គ្រង​ប្រព័ន្ធ​ការងារ​បាន ប៉ុន្តែ​ពួកគេ​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​មនុស្ស។ ការ​ផ្លាស់ប្ដូរ​មួយ​ទៀត​គឺ​ពី​ការ​ផ្ដោត​សំខាន់​ទៅលើ​ភាព​ជា​អ្នក​ដឹកនាំ​បែប​បុគ្គល​ទៅ​ភាព​ជា​អ្នកដឹកនាំ​បែប​ក្រុម​ការងារ​វិញ ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​គ្រប់​យ៉ាង​បាន​ល្អ​នោះ​ទេ ដូច្នេះ​ពួក​យើង​ត្រូវ​បង្កើត​ក្រុម​ដើម្បី​សម្រេច​គោលដៅ​បាន​ជោគជ័យ។ ពួកគេ​ចាប់ផ្ដើម​ផ្ដល់​ភាព​សំខាន់​ទៅលើ​វប្បធម៌​ការងារ​ដែល​លើក​ទឹកចិត្ត​ការ​រួម​ចំណែក​របស់​បុគ្គលិក ហើយ​វា​ជា​កាតព្វកិច្ច​របស់​អ្នក​ដឹកនាំ​ដែល​ធ្វើ​បែប​ណា​ដើម្បី​បំផុស​មនុស្ស​របស់​ខ្លួន​ឲ្យ​ធ្វើការ​រួម​គ្នា​សម្រេច​នូវ​គោលដៅ​ដ៏​អស្ចារ្យ​រួម​មួយ។

២) សំណួរ៖ តើ​អ្វី​ទៅ​ដែល​ផ្ដល់​ឲ្យ​លោក​នូវ​ភាព​សុទិដ្ឋិនិយម​ចំពោះ​ជំនាន់​ក្រោយ​ជា​អ្នក​ជំនួញ​និង​អ្នក​ដឹកនាំ ?

ចម្លើយ៖ រឿង​ម្យ៉ាង​ដែល​ខ្ញុំ​មើល​ឃើញ​នៅ​ក្នុង​ក្មេងៗ​ជា​អ្នក​ដឹកនាំ​បច្ចុប្បន្ន​នេះ គឺជា​ចំណង់​ដ៏​ខ្លាំងក្លា​នៅ​ក្នុង​ការ​បង្កើត​ការ​ផ្លាស់ប្ដូរ។ ស្រប​ពេល​ដែល​លក្ខណៈ​បែប​នេះ​ធ្វើឲ្យ​ពួកគេ​ទទួល​បាន​ការ​រិះគន់​នូវ​ការ​ងប់ងុល​ចំពោះ​ខ្លួនឯង ខ្ញុំ​បែរ​ជា​មើល​ឃើញ​ថា​វា​ផ្ទុយ​ពី​បែប​នេះ​ទៅវិញ។ ខ្ញុំ​មើល​ឃើញ​នូវ​ស្មារតី​ម្យ៉ាង​ដែល​ពួកគេ​ចង់​បង្កើត​ផ្លាស់ប្ដូរ​ដ៏​ធំ​ចំពោះ​ពិភពលោក​នេះ និង​បង្កើត​នូវ​តម្លៃ​បម្រើ​ជា​ប្រយោជន៍​សម្រាប់​អ្នកដទៃ។

៣) សំណួរ៖ តើ​អ្វីខ្លះ​ជា​ឧបសគ្គ​ដ៏​ធំ​បំផុត​ដែល​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ប្រឈម​មុខ​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​ការងារ​របស់​ពួកគេ ?

ចម្លើយ៖ ទំនោរ​នៃ​ការ​ប្រកប​មុខ​ជំនួញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជំនួញ​តូចៗ​ជា​ច្រើន​គឺជា​អ្នក​ជំរុញ​សេដ្ឋកិច្ច។ វា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ស្មារតី​ធ្វើ​ជំនួញ​របស់​ក្មេង​ជំនាន់​ក្រោយ​នេះ។ ដូច្នេះ នៅ​ពេល​ទំនោរ​នៃ​ការ​ប្រកប​មុខ​ជំនួញ​មាន​កាន់តែ​ខ្លាំង​ទៅ បុគ្គលិក​នឹង​មិន​នៅ​ធ្វើការ​ឲ្យ​អ្នក​តែ​មួយ​កន្លែង​ច្រើន​ជាង​៣០​ឆ្នាំ​ដូច​ពី​មុន​ទៀត​ឡើយ ពួកគេ​នឹង​ឆាប់​ផ្លាស់ប្ដូរ​ទី​កន្លែង​ការងារ ជាពិសេស​នោះ​គឺ​អាជីព​ការងារ​របស់​ពួកគេ​ទៀត​ផង។ បើ​អ្នក​គិត​ថា​អ្នក​មិន​ចាំបាច់​អភិវឌ្ឍ​បុគ្គលិក​ក៏​ដោយសារ​តែ​មិន​ដឹង​ថា​អាច​រក្សា​ពួកគេ​ទុក​ឬ​អត់ នោះ​វា​ជា​គំនិត​ដ៏​អាក្រក់​បំផុត​មួយ។ ការ​អភិវឌ្ឍ​បុគ្គលិក​ហើយ​ចុងក្រោយ​ត្រូវ​បាត់បង់​ពួកគេ​នឹង​មិន​អាក្រក់​ដូច​ដែល​ការ​មិន​អភិវឌ្ឍ​បុគ្គលិក​ហើយ​រក្សា​ពួកគេ​ទុក​នោះ​ឡើយ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ twotenmag & mclennan

X
5s