​​លោកSoichiro Honda ​ស្ថាបនិក​ក្រុមហ៊ុន Honda៖ «​ខ្ញុំ​មិន​ត្រូវការ​សញ្ញាប័ត្រ​​ទេ​ ​ខ្ញុំ​ត្រូវ​​ការ​តែ​ចំណេះដឹង​ប៉ុណ្ណោះ​»​



«​ខ្ញុំ​មិន​ត្រូវការ​សញ្ញាប័ត្រ​​ទេ​ ​ខ្ញុំ​ត្រូវ​​ការ​តែ​ចំណេះដឹង​ប៉ុណ្ណោះ​»​​។​នេះ​ជា​សម្ដី​ប្រកបដោយ​គតិ​របស់​លោក​ Soichiro Honda ​ដែល​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Honda​ ​និង ​​​ជា​​អតីត​ឧស្សាហករ​ដ៏​ល្បី​ល្បាញ​របស់​ជប៉ុន​។ ​ក្នុង​ន័យ​នេះ ​លោក​ចង់​បញ្ជាក់​ថា​ ​ចំណេះដឹង​ពិត​ប្រាកដ​ គឺ​​វា​មាន​តម្លៃ​លើស​ពី​សញ្ញាប័ត្រ។ ​​​

សញ្ញាប័ត្រ​គឺ​ជា​​លិខិត​មួយ​ដែល​បញ្ជាក់​ថា ​អ្នក​បាន​បញ្ចប់​ការ​សិក្សា​ ​ក្រោយ​​ពី​ការ​តស៊ូ និង ​ខិតខំ​រៀន​សូត្រ​អស់​រយៈ​ពេល​ជា​យូរ​មក​។ ​ប៉ុន្តែ​មិន​មែន​មនុស្ស​គ្រប់គ្នា​ដែល​មាន​សញ្ញាប័ត្រ​​នោះ សុទ្ធតែ​ជោគជ័យ​ក្នុង​ជីវិត​ការងារ​នោះ​ទេ​ ជា​ពិសេស​មនុស្ស​ដែល​មាន​តែ​សញ្ញាប័ត្រ​ តែ​គ្មាន​សញ្ញា​ធ្វើ​​ឬ ចំណេះដឹង​ពិត​ប្រាកដ​ដែល​អាច​យក​ទៅ​ប្រើ​ឲ្យ​ចេញ​ជា​ប្រយោជន៍​។ ​ដូច្នេះ​ហើយ បាន​ជា​លោក​ Soichiro Honda ​ផ្ដល់​តម្លៃ​លើ​ចំណេះដឹង​​ដែល​ប្រើប្រាស់​ជា​ប្រយោជន៍​ ជា​ជាង​សញ្ញាប័ត្រ​ ព្រោះ​សញ្ញាប័ត្រ​នោះ ​នឹង​​ក្លាយ​ជា​​ក្រដាស​មួយ​សន្លឹក​ដែល​គ្មាន​ន័យ​ ប្រសិន​បើ​គ្មាន​ចំណេះដឹង​ពិត​ ឬ ​អាច​ប្រើ​ចំណេះ​ឲ្យ​ចេញ​ជា​ប្រយោជន៍​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​។ ​​អ៊ីចឹង​ហើយ​ ត្រូវ​ប្រាកដ​ថា ​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ គឺ​អ្នក​ត្រូវ​មាន​ចំណេះដឹង​ពិត​ប្រាកដ​ មិន​មែន​បង្អួត​តែ​សញ្ញាប័ត្រ​នោះ​ទេ៕

​ដោយ​៖ រតនា​ ​វិចិត្ត

X
5s