តើអត្តចរិតរបស់មនុស្សintrovert (មនុស្សមានលក្ខណៈស្ងៀមស្ងាត់)អាចឲ្យពួកគេជោគជ័យផ្នែកគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងដូចម្ដេច ?​



សព្វ​វត្ថុ​ទាំងឡាយ​នៅ​លើ​លោក​នេះ​តែង​មាន​គុណសម្បត្តិ​នៅ​ផ្នែក​ខាង​ចុង​ម្ខាង និង​គុណវិបត្តិ​នៅ​ផ្នែក​ខាង​ចុង​ម្ខាង​ទៀត ដូច្នេះ​អ្នក​មិន​អាច​ទទួល​បាន​ភាព​ល្អ ឬ​ភាព​អាក្រក់​តែ​ម្យ៉ាង​ពី​អ្វីៗ​ទាំងអស់​ដែល​ធាតុ​ផ្សំ​របស់​វា​ពី​ធម្មជាតិ​មាន​ទាំង​ល្អ​និង​អាក្រក់​នោះ​ទេ។  នា​សតវត្ស​ទី​២១​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​គ្នា​លើ​គ្រប់​វិស័យ​យ៉ាង​បំផុស​បំផុល​គ្រប់​វិនាទី​នេះ ឥរិយាបថ​ដែល​បង្ហាញ​ពី​អត្តចរិត​ចូលចិត្ត​ទំនាក់ទំនង​ក្នុង​សង្គម មាន​ភាព​ប៉ិនប្រសប់​ក្នុង​សិល្បៈ​ចរចា​ជាមួយ​អ្នកដទៃ ប្រថុយប្រថាន និង​រហ័សរហួន​ជាដើម​សុទ្ធតែ​ជា​អត្តចរិត​ដែល​មនុស្ស​សម័យ​បច្ចុប្បន្ន​នេះ​ឲ្យ​តម្លៃ​យ៉ាង​ក្រៃលែង ដែល​អត្តចរិត​ទាំងអស់​នេះ​ហើយ​គឺជា​គុណសម្បត្តិ​ដែល​តំណាង​ឲ្យ​មនុស្សextrovert (មនុស្សដែលមានទំនាក់ទំនងសង្គមច្រើន)។ យ៉ាងណាមិញ​ដូច​ដែល​បាន​បង្ហាញ​ពី​ខាងលើ​មក គ្រប់​យ៉ាង​តែង​មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​របស់​វា​មក​ទន្ទឹម​ជា​គូ​នឹង​គ្នា​ជានិច្ច។

ដូច្នេះ​ចំពោះ​បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​អត្តចរិត​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​ជា​ទី​ត្រូវការ​របស់​មនុស្ស​ភាគច្រើន ដែល​សំដៅ​ទៅលើ​មនុស្ស​ដែល​តែងតែ​ផ្ដោត​ទៅលើ​ផ្នែក​ខាងក្នុង​របស់​ខ្លួន ជា​មនុស្សintrovert (មនុស្សមានលក្ខណៈស្ងៀមស្ងាត់) ដែល​ទទួល​បាន​អំណាច​ថាមពល​ពី​ខាងក្នុង ដែល​ខុស​ពី​មនុស្សextrovert ដែល​អំណាច​ថាមពល​របស់​ពួកគេ​ស្ថិត​នៅ​ខាងក្រៅ​នៅ​ពេល​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្នុង​សង្គម​ច្រើន មិនមែន​មានន័យ​ថា​ពួកគេ​មិន​អាច​សម្រេច​ជោគជ័យ​អ្វី​ក្នុង​ជីវិត​នោះ​ទេ។ បើ​វិភាគ​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​អត្តចរិត​មនុស្សintrovert​ដែល​តំណាង​ឲ្យ​ប្រភេទ​នៃ​អត្តចរិត​ដែល​មហាសេដ្ឋី​ពិភពលោក Bill Gates និង​ដៃគូ​ដ៏​ស្អិតល្មួត​របស់​លោក​គឺ វិនិយោគិន​ដ៏​ឈ្លាសវៃ Warren Buffet ចំពោះ​ចំណេះដឹង​ហិរញ្ញវត្ថុ ប្រហែល​ជា​ពួកគេ​នេះ​ហើយ​ដែល​អាច​មាន​ប្រៀប​ជាង​មនុស្សextrovert ដោយ​ហេតុផល​ជាក់ស្ដែង​មួយ​ចំនួន។

១) ពួកគេ​មិន​ចេះ​តែ​ធ្វើ​តាម​សន្ទុះ​ចិត្ត​ចង់​របស់​ខ្លួន​ភ្លាមៗ​នោះ​ទេ៖ មក​ដល់​ដំណើរការណ៍​នៃ​ការ​សម្រេច​ចិត្ត​ទៅលើ​រឿង​សំខាន់ៗ មនុស្សintrovert​នេះ​អាច​ដូច​ពាក្យ​ខ្មែរ​យើង​តែង​មាន​ថា "មនុស្ស​អន្ទង់​វែង​ឆ្នាំង​វែង" ក៏​ព្រោះ​តែ​ពួកគេ​ជា​អ្នក​គិតគូរ​ល្អិតល្អន់ មាន​សេចក្ដី​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ចូលចិត្ត​ចំណាយ​ពេលវេលា​បន្តិច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​មុន​នឹង​ធ្វើការ​ដាក់​ទុន​វិនិយោគ ដែល​ជា​កិច្ចការ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​មួយ។ អត្តចរិត​នេះ​មាន​ផល​ល្អ​សម្រាប់​សន្សំ​សាង​ភាព​មាន​បាន​ក្នុង​រយៈពេល​វែង​នា​អនាគត​ខាង​មុខ។

២) ពួកគេ​ជា​បុគ្គល​ដ៏​មាន​សមត្ថភាព​ខ្ពស់​នៅ​កន្លែង​ការងារ​របស់​ពួកគេ៖ ការណ៍​ដែល​ពួកគេ​ទទួល​បាន​អំណាច​ថាមពល​ពី​ខាងក្នុង នោះ​បញ្ជាក់​ថា​ពួកគេ​មិន​សូវ​ចូលចិត្ត​ការ​សន្ទនា​ច្រើន​ជាមួយ​អ្នកដទៃ និង​មិត្ត​រួម​ការងារ​មួយ​ចំនួន​ហើយ។ ថ្វីត្បិតតែ​នេះ​អាច​ចាត់​ទុក​ជា​ចំណុច​ខ្វះខាត​របស់​ពួកគេ ប៉ុន្តែ​បើ​និយាយ​អំពី​ការ​បំពេញ​ការងារ​របស់​មនុស្ស​ប្រភេទ​នេះ​វិញ ការ​ផ្ដោត​តែ​ទៅលើ​ថាមពល​ខាងក្នុង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ការ​ផ្ចង់​អារម្មណ៍​យកចិត្តទុកដាក់​ចំពោះ​ការងារ​ចំពោះ​មុខ និង​មនសិការ​ដែល​រំពឹង​ទុក​ពី​ខ្លួនឯង​នូវ​គុណភាព​ការងារ​ដ៏​ល្អ ជា​មនុស្ស​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​និង​ពូកែ​ដោះស្រាយ​បញ្ហា​ផង​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ gobankingrates

X
5s