ពិតជាឡូយជាមួយស្រោម iPhone ទំនើបថ្មីនេះ ភ្ជាប់មុខងារព្រីន ថតភ្លាម ព្រីនរូបបានភ្លែត (Video)
ខណៈទីផ្សារស្មាតហ្វូនកំពុងលូតលាស់ និងមានការនិយមថតរូបស្អាតៗ ពិសេសគឺថតដោយខ្លួនឯង (Selfie) ដូច្នេះ បណ្ដាក្រុមហ៊ុនមួយចំនួនបានផ្ដោតផលិតម៉ាស៊ីនព្រីនរូបថតទំនើបៗ មានសមត្ថភាពព្រីនរូបជាមួយគុណភាពច្បាស់ល្អ។ បន្តវិវឌ្ឍពីម៉ាស៊ីនធំៗ គេក៏បន្តច្នៃបង្កើតម៉ាស៊ីនព្រីន ទំហំតូច ងាយស្រួលដាក់តាមខ្លួន ពិសេសគឺឌីហ្សាញឡើងសម្រាប់ ព្រីនរូបថតចេញពីទូរស័ព្ទស្មាតហ្វូនតែម្ដង។
ហើយថ្មីៗនេះ គេបានផលិតចេញម៉ាស៊ីនព្រីនទំនើប ទំហំតូចយ៉ាងពិសេស អាចធ្វើជាស្រោម iPhone ផង និងអាចព្រីនរូបថតបានយ៉ាងរហ័ស មានឈ្មោះថា Prynt។ ក្រុមហ៊ុន Polaroid របស់អាមេរិក បានណែនាំ ស្រោមទូរស័ព្ទ iPhone ភ្ជាប់មុខងារព្រីន ងាយស្រួលតាមខ្លួន Prynt Pocket។ ក្រុមហ៊ុនបានប្រកាសហៅ Prynt នេះថា ជាស្រោម iPhone មានមុខងារព្រីនទំនើបដំបូង ដែលងាយស្រួលដាក់តាមហោប៉ៅបាន។
https://youtu.be/tUi7gFgEn8Q
ស្រោម iPhone ភ្ជាប់មុខងារព្រីននេះ អាចប្រើបានចាប់ពី iPhone 5 ឡើងទៅ ហើយក៏អាចដំណើរការជាមួយ iPhone ម៉ូដែល Plus ផងដែរ។ វាក៏មានមុខងារគាំទ្រការថតរូបផងដែរ គឺភ្ជាប់ជាមួយ shutter button ដែលអាចចុចថតបានយ៉ាងងាយ។ Prynt Pocket អាចព្រីនរូបខ្នាត (២ x ៣)-អ៊ីញ ងាយរក្សាទុកជាអាល់ប៊ុម ប៉ុន្តែមិនស័ក្ដិសមសម្រាប់ដាក់ចូលស៊ុមរូបថតនោះទេ។ វាប្រើប្រភេទក្រដាស Zink paper ដែលមួយកញ្ចប់ធំមាន ៤០សន្លឹក តម្លៃ ២០ដុល្លារ។ ចំណែកស្រោម Prynt Pocket មានពណ៌ ៣ជម្រើស ហើយមានលក់នៅលើគេហទំព័រ Prynt ក្នុងតម្លៃ ១៥០ដុល្លារ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot