Dell ចេញកុំព្យូទ័រយួរដៃ Dell XPS 13 ជំនាន់ថ្មីឌីហ្សាញរឹតតែទាក់ចិត្តអ្នកប្រើ ទាំងស្ដើងជាងមុន តូចជាងមុន ស្ដើងជាងមុន (Video)
ថ្មីៗនេះ Dell ទើបប្រកាសចេញកុំព្យូទ័រយួរដៃស៊េរីថ្មីចុងក្រោយរបស់ខ្លួនទៀតហើយ ទៅលើសែស្រឡាយ XPS ដែលជា Dell XPS 13 ត្រូវបានបង្កើនសមត្ថភាព Hardware ខ្ពស់ជាងមុន។ ក្រុមហ៊ុនកុំព្យូទ័ររបស់អាមេរិកនេះ នឹងតាំងបង្ហាញសមិទ្ធផលថ្មីៗរបស់ខ្លួន រួមទាំង XPS 13 ថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ CES 2018 សប្ដាហ៍ក្រោយ។
https://youtu.be/XChLUIP8kDw
Dell XPS 13 នឹងមានជម្រើសប្រព័ន្ធប្រតិបត្តិការដូចជា Windows និង Linux អាស្រ័យតាមតម្រូវការរបស់អតិថិជន ដែលជំនាន់ Windows នឹងមានលក់ក្នុងតម្លៃ ៩៩៩,៩៩ដុល្លារ ខណៈជំនាន់ Linux តម្លៃ ៩៤៩,៩៩ដុល្លារ។
XPS 13 គឺជាកុំព្យូទ័រឡេបថបស៊េរីខ្ពស់របស់ Dell ដែលត្រូវបានឌីហ្សាញរូបរាងស្ដើងទាន់សម័យ មានអេក្រង់ InfinityEdge ពោលគឺមានគែមស្ដើង ទាន់សម័យអមដោយទំហំអេក្រង់ ១៣អ៊ីញ។ វាមានកម្រិតស្ដើងជាងមុន ៣០% ពោលគឺស្ដើងជាងមុន ៣,៤មិល្លីម៉ែត្រ ហើយក៏ស្រាលជាងមុនត្រឹម ២,៧ផោន។ វាដំណើរការដោយ Windows 10 ហើយបំពាក់ដោយ CPU ប្រភេទ Quad Core ជំនាន់ចុងក្រោយគឺទី៨ អមដោយអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំដល់ 1TB។
XPS 13 ថ្មីនេះ អាចកាន់ថ្មបានរយៈពេលដល់ ២០ម៉ោងស្ថិតក្នុងការកំណត់បង្ហាញកម្រិត FHD ហើយប្រើបានរយៈពេល ១១ម៉ោង សម្រាប់កម្រិត UHD។ ក្រៅពីរូបរាងឌីហ្សាញ តូចជាងមុន ស្រាលជាងមុនហើយនោះ គេក៏ថែមទាំងបានបន្ថែមសមត្ថភាពដំណើរការរបស់វាខ្លាំងជាងមុនគុណនឹង២ គឺ 2x ប្រៀបធៀបនឹង XPS 13 ស៊េរីឆ្នាំ២០១៥ ដែលអាចមានឈ្មោះជា Laptop ១៣អ៊ីញសមត្ថភាពខ្លាំងជាងគេលើពិភពលោក។ ពេលនេះ XPS 13 ជំនាន់ចុងក្រោយនេះ មានដាក់លក់លើទីផ្សារហើយ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ Dell