បុគ្គលិកលក្ខណៈទាំង ៥យ៉ាងរបស់បុគ្គលជោគជ័យអ្នកគួររៀនសូត្រតាម​



ភាពជោគជ័យមិនមែនកើតពីចេញសំណាងនោះទេ។ ភាពជោគជ័យកើតពីការខិតខំប្រឹងប្រែង ការតស៊ូ ការលះបង់ ចំណង់ និងការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់អ្នក។ មានកត្តាមួយចំនួនដែលបែងចែកបុគ្គលជោគជ័យនិងមនុស្សសាមញ្ញធម្មតា។

ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈទាំង ៥ យ៉ាងរបស់បុគ្គលជោគជ័យដែលអ្នកគួររៀនសូត្រតាម៖

១) គោលដៅច្បាស់លាស់

មនុស្សជោគជ័យមានគោលដៅច្បាស់លាស់។ ដោយសារតែពួកគេមានគោលដៅច្បាស់លាស់ ពួកគេអាចសម្រេចគោលដៅកាន់តែឆាប់រហ័ស។ ទីមួយ៖ គោលដៅច្បាស់លាស់គឺជាគ្រឿងជំរុញលើកទឹកចិត្តពួកគេឲ្យតស៊ូបន្តទៅមុខ បើទោះបីជាជួបប្រទះនឹងបញ្ហា ឬឧបសគ្គក៏ដោយ។ ទីពីរ៖ គោលដៅច្បាស់លាស់ផ្ដល់ឲ្យអ្នកនូវផែនទីថាអ្នកគួរដើរទៅណា។

២) ឆន្ទៈ

ឆន្ទៈគឺជាភាពចាំបាច់មួយរបស់បុគ្គលជោគជ័យ។ បន្ទាប់ពីមានគោលដៅច្បាស់លាស់ហើយ បុគ្គលជោគជ័យត្រូវមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីសម្រេចគោលដៅរបស់ពួកគេ។ នៅពេលដែលពួកគេមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំហើយ ពួកគេនឹងធ្វើការលះបង់ដើម្បីឆ្ពោះទៅដល់ក្ដីសុបិន្តរបស់គេ។ បុគ្គលជោគជ័យដែលមានការប្ដេជ្ញាចិត្តខ្ពស់អាចធ្វើការដោយគ្មានការនឿយហត់ ពីព្រោះតែពួកគេមានជំនឿថាពួកគេមានសមត្ថភាពហើយពិតជាចង់សម្រេចគោលដៅរបស់គេពិតមែន។

៣) ចង់រៀនសូត្រ

បុគ្គលិកលក្ខណៈមួយដែលបុគ្គលជោគជ័យមាននោះគឺការស្វះស្វែងក្នុងការរៀនសូត្រ។ បុគ្គលជោគជ័យមិនមែនជាមនុស្សដែលដឹងអ្វីគ្រប់យ៉ាងនោះទេ ប៉ុន្តែពួកគេជាមនុស្សដែលចេះបើកគំនិត ព្យាយាមរៀនសូត្រពីអ្នកដទៃ។ គ្រប់បទពិសោធន៍ទាំងអស់សុទ្ធតែផ្ដល់ឲ្យអ្នកនូវឱកាសដើម្បីរីកចម្រើន។ ការសិក្សាពេញមួយជីវិតគឺការប្រឈមខ្លួនអ្នកទៅនឹងគំនិតថ្មីៗ និងការបំផុសលើកទឹកចិត្ត។ ពេលអ្នកបញ្ចូលខ្លួនអ្នកទៅក្នុងចំណេះដឹង អាជីពរបស់អ្នកនឹងវិវឌ្ឍយ៉ាងលឿន។

៤) ការអត់ធ្មត់

ភាពជោគជ័យទាមទារពេលវេលា។ អ្វីៗដែលមានតម្លៃនឹងសម្រេចបានគឺមានតម្លៃក្នុងការរង់ចាំ។ ការអត់ធ្មត់ធ្វើឲ្យបុគ្គលជោគជ័យរៀនតស៊ូពីព្រោះតែពួកគេអាចរៀនពីកំហុស និងជឿជាក់ថាពួកគេនឹងទទួលជោគជ័យនាពេលខាងមុខ។ បុគ្គលដែលចង់សម្រេចរឿងដ៏អស្ចារ្យ តែងតែអត់ធ្មត់និងធ្វើដំណើរសន្សឹមៗឆ្ពោះទៅកាន់វា។ ដូចពាក្យចាស់បុរាណខ្មែរបានពោលថា៖ សន្សឹមៗកុំបំបោល គង់បានដល់ដូចប្រាថ្នា។

៥) វិន័យ

ដើម្បីភាពជោគជ័យអ្នកត្រូវមានវិន័យ។ បុគ្គលជោគជ័យដឹងថាការបង្កើតទម្លាប់គឺជាកត្តាមួយដែលធ្វើឲ្យក្ដីសុបិន្តរបស់ពួកគេក្លាយជាការពិត។ ទម្លាប់របស់បុគ្គលគ្រប់រូបអាចមានភាពខុសគ្នាបន្ដិចបន្ដួច។ បុគ្គលជោគជ័យតែងមានទម្លាប់សាមញ្ញៗ ដូចជាងើបពីព្រលឹមដើម្បីឆ្លើយតមអ៊ីម៉ែល បាត់ប្រាណ និងចំណាយពេល ៣០នាទីអានដើម្បីបង្កើនចំណេះដឹងជាដើម។ ការមានទម្លាប់និងវិន័យខ្ជាប់ខ្ជួន និងការលះបង់ខ្លួនអ្នកដើម្បីភាពរីកចម្រើន នោះអ្នកនឹងប្រមូលផលមកវិញនូវលទ្ធផលល្អជាទីគាប់ចិត្តក្នុងជីវិតនិងការងារជាមិនខាន៕

ចុចអាន៖ លក្ខណៈសម្បត្តិ ១០យ៉ាងនេះហើយដែលធ្វើឲ្យបុគ្គលជោគជ័យខុសប្លែកពីមនុស្សសាមញ្ញធម្មតា

ដោយ៖ លង់ វណ្ណៈ

X
5s