ឥណ្ឌូណេស៊ី នឹងយកពន្ធលើក្រុមហ៊ុនផលិតថង់ប្លាស្ទិក​



ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ The Jakarta Post រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅឆ្នាំ២០១៩ កំពុងតែពង្រាងច្បាប់យកពន្ធលើក្រុមហ៊ុនផលិតថងប្លាស្ទិក ដើម្បីកាត់បន្ថយ​កាកសំណល់ ដែលត្រូវការរយៈពេលរលាយ ៥០០ ឆ្នាំមួយប្រភេទនេះ។

ស្រង់សម្ដីដោយគេហទំព័រ kompas.com លោក​ Heru Pambudi អគ្គនាយកគយ និងរដ្ឋករនៃក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានមានប្រសាសន៍​កាលពីថ្ងៃព្រហស្បតិ៍ថា “ចំណាត់ការនេះ គឺសម្រាប់ថង់ប្លាស្ទិកប៉ុណ្ណោះ មិនមែនដបប្លាស្ទិកទេ”។ លោក Heru Pambudi ថា សេចកក្ដីព្រាងច្បាប់ត្រូវបានគេបញ្ចប់រួចរាល់ហើយ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនទាំងអស់ ងាកមកផលិតថង់ប្លាស្ទិកណា ដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកបញ្ជាក់យ៉ាងដូច្នេះ៖ “ជាមួយនឹងច្បាប់នេះ យើងនឹងគ្រប់គ្រងការផលិតថង់ប្លាស្ទិក និងណែនាំបណ្ដាក្រុមហ៊ុនផលិតឆ្ពោះទោរកការផលិតថង់ប្លាស្ទិក មិនប៉ពាល់បរិស្ថាន”។

តាមការបញ្ជាក់របស់ អគ្គនាយកគយ និងរដ្ឋាករនៃក្រសួងហិរញ្ញវត្ថុប្រទេសឥណ្ឌូណេស៊ីដដែល ច្បាប់នេះនឹងផ្ដល់ជូនពន្ធលើកទឹកចិត្តមួយ ចំពោះក្រុមហ៊ុនទាំងឡាយណា ដែលបានផលិតថង់ប្លាស្ទិកមិនបង្កមហន្តរាយដល់បរិស្ថាន ខណៈក្រុមហ៊ុនណាដែលមិនបានអនុវត្តនឹងត្រូវបង់ពន្ធថ្លៃជាង។ ពាក់ព័ន្ធនឹងបញ្ហានេះ ទីប្រឹក្សារដ្ឋាភិបាល (House Consultant) ឥណ្ឌូណេស៊ី បានយល់ព្រមបង្កើតគណៈកម្មាធិមួយ ដែលមានសមាសភាពតំណាងក្រសួងពាក់ព័ន្ធ ដើម្បីពិភាក្សាពីទិដ្ឋភាពបច្ចេកទេស នៃការអនុវត្តច្បាប់ថ្មី ដែលនឹងត្រូវចេញជាបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ តាមកការសិក្សាដោយស្ថាប័ន សម្ព័ន្ធភាពប្រជាជនដើម្បីយុត្តិធម៌ជលផល KIARA បង្ហាញថា យ៉ាងហោចណាស់កាកសំណល់ថង់ប្លាស្ទិកប្រមាណ ១,២៩លានតោន ត្រូវបានគេបោះចោលជារៀងរាល់ឆ្នាំក្នុងទន្លេឥណ្ឌូណេស៊ី ស្មើនឹងកាកសំណល់ប្លាស្ទិក ១៣,០០០ តោនក្នុង ១គីឡូម៉ែត្របំពុលមហាសមុទ្រ៕

ដោយ៖ សុម៉ាវត្តី

X
5s