អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​ថា បុគ្គល​ដែល​មាន​​បុគ្គលិកលក្ខណៈ​​បែប​នេះ​អាច​​រក​លុយ​បាន​​កាន់តែ​ច្រើន​



ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​មក​ពី​សាកលវិទ្យាល័យ Stockholm និង​សាកលវិទ្យាល័យ South Carolina បាន​​​វិភាគ​ទៅ​លើ​ទិន្នន័យ​នានា​ដែល​ប្រមូល​បាន​ពី​​ការ​​សិក្សា​ស្រាវជ្រាវ​លើ​ជនជាតិ​អាមេរិកនិង​ជនជាតិ​អឺរ៉ុប​ បាន​រក​ឃើញ​ថា មនុស្ស​ដែល​​មិន​អាត្មានិយម​ហាក់​​រក​ប្រាក់​ចំណូល​បាន​ច្រើន និង​មាន​សុភមង្គលជាង​មនុស្ស​អាត្មានិយម។

​​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក Kimmo Eriksson អ្នកនិពន្ធ​ដែល​បាន​ដឹកនាំ ការ​ស្រាវជ្រាវ​នេះ​បាន​លើក​ឡើង​ថា បុគ្គល​ដែល​មាន​ចិត្តសប្បុរស​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​​ជាង​អ្នក​ផ្សេង​ទៀត។ លោក​បន្ត​​បន្ត​ថា មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​​ចេះ​ឈឺឆ្អាល ឬ​ចូលចិត្ត​​​ជួយ​អ្នកដទៃ​ច្រើន មិន​ត្រឹមតែ​​​​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ប្រាក់​ចំណូល​ខ្ពស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​​ទទួល​បាន​សុភមង្គល​ច្រើន​​ទៀត​ផង​។

នៅ​ក្នុង​ការ​សិក្សា​ដាច់ដោយឡែក​មួយ​​របស់​លោក Kimmo បាន​ពិនិត្យ​មើល​ការ​រំពឹង​ទុក​របស់​មនុស្ស​សាមញ្ញ​ដើម្បី​មើល​ថា​ តើ​ការ​រំពឹង​ទុក​របស់​ពួកគេ​ស្រប​តាម​ទិន្នន័យ​របស់​លោក​ឬ​អត់? លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា​ ​មនុស្ស​​ទូទៅ​មាន​ការ​រំពឹង​ទុក​​ដ៏​ត្រឹមត្រូវ​មួយ​ថា​ មនុស្ស​ដែល​​អាត្មានិយម​មាន​កូន​តិច​​ជាង​មនុស្ស​មិន​អាត្មានិយម។ ​ ប៉ុន្តែ​ពួកគេ​យល់​​ខុស​ពី​នេះ​ថា មនុស្ស​អាត្មានិយម​រក​លុយ​បាន​ច្រើន​ជាង។ យ៉ាងណាមិញ អ្នកនិពន្ធ​លោក​ Pontus Strimling ​មក​ពី​​សាកលវិទ្យាល័យ South Carolina ​បាន​​លើក​ឡើង​ថា ជា​ញឹកញាប់​មនុស្ស​​ចិត្ត​ល្អ​​ចូលចិត្ត​ជួញ​អ្នកដទៃ​ដូច​ជា​ជួយ​យក​អាសា​គេ ​ជួយ​ចេញ​លុយ​ដើម្បី​ថ្លៃ​អាហារ ឬ​​ឲ្យ​លុយ​ទៅ​អ្នកដទៃ​ជា​ដើម។

អត្តចរិត​បែប​នេះ​​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នកដទៃ និង​នាំ​សុភមង្គល​ដល់​ខ្លួន​ឯង​​ដែល​ស្រប​ទៅ​​នឹង​ការ​ស្រាវជ្រាវ​មុនៗ។ ទោះបី​ជា​បែប​នេះ​ក្តី អ្វី​ដែល​ជា​ចម្ងល់​នោះ​គឺ​ថា តើ​រវាង​ភាព​អាត្មានិយម និង​ការ​រក​ប្រាក់​ចំណូល​បាន​ច្រើន វា​មាន​ទំនាក់ទំនង​គ្នា​ដូចម្តេច? ការ​ស្រាវជ្រាវ​ថ្មី​នេះ​មិន​បាន​ភ្ជាប់​ចម្លើយ​ទៅ​សំនួរ​នេះ​ដោយ​ត្រង់ៗ​នោះ​ទេ។ ប៉ុន្តែ​ការ​​ស្រាវជ្រាវ​នេះ​បាន​​អះអាង​ថា មនុស្ស​​ដែល​មាន​ចិត្តសប្បុរស មិន​អាត្មានិយម​​ គឺ​កាន់តែ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​អ្នកដទៃ ហើយ​​ទំនាក់ទំនង​ល្អ​នេះ​ហើយ​ដែល​​ជា​គុណសម្បត្តិ​ពិសេស​សម្រាប់​ភាព​ជោគជ័យ​ដែល​​ធ្វើ​ឲ្យ​ខ្លួន​រក​ចំណូល​បាន​ច្រើន៕

ប្រភព៖ inc

X
5s