គន្លឹះទាំង ៩ចំណុចរបស់លោក រ៉ូប៊ឺត គីយូសាគី ដើម្បីសម្រេចសេរីភាពហិរញ្ញវត្ថុ​



សេរីភាពហិរញ្ញវត្ថុនរណាក៏ប្រាថ្នាចង់បានដែរ។ លោក រ៉ូប៊ឺត គីយូសាគី គឺជាសហគ្រិននិងជាវិនិយោគិនដែលបោះបង់ការសិក្សានៅថ្នាក់ទី៨ដ៏ឆ្នើមមួយរូបលំដាប់ពិភពលោក។ លោកត្រូវបានគេស្គាល់ថាជាអក្ខរកម្មហិរញ្ញវត្ថុ (financial literary ) ដែលល្បីល្បាញទូទាំងពិភពលោក។ សៀវភៅដែលល្បីខ្លាំងរបស់លោក រ៉ូប៊ឺត គីយូសាគី គឺ «ឪពុកអ្នកមាន ឪពុកអ្នកក្រ» ដែលសៀវភៅនេះក៏រៀបរាប់អំពីវិធីដើម្បីសម្រេចគោលដៅសេរីភាពហិរញ្ញវត្ថុផងដែរ។ ខាងក្រោមនេះគឺជាគន្លឹះទាំង ៩យ៉ាងដើម្បីសម្រេចសេរីភាពហិរញ្ញវត្ថុរបស់លោក រ៉ូប៊ឺត គីយូសាគី៖

 

១) ការទទួលខុសត្រូវ៖
គ្រប់ការជ្រើសរើសរបស់អ្នកសុទ្ធតែមានឥទ្ធិពលទៅលើលទ្ធផល ហើយការជ្រើសរើសរបស់អ្នកមានក៏មានឥទ្ធិពលទៅដល់ទ្រព្យសម្បត្តិ និងភាពមានបានរបស់អ្នកក្នុងពេលអនាគតដូចគ្នា។ ដូចនេះ អ្នកត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សាហិរញ្ញវត្ថុរបស់អ្នកក្នុងពេលអនាគត។​ អ្នកត្រូវចេះវាយតម្លៃការសម្រចចិត្តទៅលើការចាយវាយរបស់អ្នកសម្រាប់គោលដៅនាពេលអនាគត។

 

២) គ្រប់គ្រងចំណាយ៖
អ្នកកំពុងតែរស់នៅក្នុងពិភពមួយដែលអ្នកត្រូវការចំណាយជាចាំបាច់ អ្នកមិនអាចមិនចាយលុយបានទេ។ ទម្លាប់ចាយវាយរបស់អ្នកគឺជាហេតុផលចម្បងទីមួយដែលធ្វើឲ្យអ្នកមិនអាចឈានដល់សេរីភាបហិរញ្ញវត្ថុ។ អ្នកត្រូវគ្រប់គ្រងកត់ត្រាការចាយវាយរបស់អ្នកប្រចាំថ្ងៃឲ្យបានដិតដល់។ មុននឹងចំណាយលើអ្វីមួយ ត្រូវគិតឲ្យបានពីរដងសិនមុនទិញរបស់អ្វីមួយ។ វាជាការពិបាកសម្រាប់អ្នកនាពេលដំបូង ប៉ុន្តែប្រសិនបើអ្នអាចធ្វើវាបាន នោះ​អ្នកកំពុងតែឈានទៅរកសេរីភាពហិរញ្ញវត្ថុហើយ។

 

៣)​ មានកញ្ចប់ថវិកា៖
ការមានកញ្ចប់ថវិការគឺជាភាពចាំបាច់ដើម្បីសម្រេចសេរីភាពហិរញ្ញវត្ថុរបស់អ្នក។ កញ្ចប់ថវិកាជួយអ្នកគ្រប់គ្រងចំណូលចំណាយរបស់អ្នកបានល្អប្រសើរ។ បើនិយាយឲ្យខ្លី វាផ្ដល់ឲ្យអ្នកនូវគណនីភាពចរន្តចំណូលចំណាយរបស់អ្នក។​ ប្រសិនបើអ្នកចង់រក្សាហិរញ្ញវត្ថុរបស់អ្នក កញ្ចប់ថវិការនឹងអាចជួយអ្នកឲ្យសម្រេចសេរីភាពហិរញ្ញវត្ថុរបស់អ្នកបាន។ ដូចនេះអ្នកអាចបង្កើតកញ្ចប់ថវិកាដោយឡែកៗទៅតាមគោលដៅរបស់អ្នក។

 

៤) ចាយលើខ្លួនអ្នក៖
ដើម្បីសម្រេចសេរីភាពហិរញ្ញវត្ថុ អ្នកត្រូវធ្វើការដើម្បីខ្លួនអ្នកជាមុនសិន​ ជាជាងធ្វើការបម្រើធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ អ្នកត្រូវរៀនចំណាយលើខ្លួនអ្នកជាមុនសិន មុននឹងចំណាយលើអ្នកដទៃ។ នៅពេលអ្នកចេះធ្វើវា នោះអ្នកនឹងសម្រេចរឿងពីរ ទីមួយធ្វើឲ្យអ្នកមានបាន ទីពីរអ្នកលែងក្រទៀត។ អ្នកសន្សំថ្ងៃនេះ អ្នកអាចវិនិយោគថ្ងៃស្អែក។

 

៥) កុំជំពាក់បំណុល៖
បំណុលគឺជាមូលហតុអាក្រក់មួយដែលធ្វើឲ្យអ្នកមិនអាចឈានដល់សេរីភាពហិរញ្ញវត្ថុ។ បំណុលធ្វើឲ្យអ្នកមិនអាចសម្រេចក្ដីស្រមៃ ក្ដីសង្ឃឹម និងគោលដៅជីវិតរបស់អ្នកបានឡើយ។​ ជៀសវាងការជាប់ជំពាក់បំណុល។

 

៦) បង្កើតកញ្ចប់ថវិការបន្ទាន់៖
អ្នកអាចបង្កើតកញ្ចប់ថវិការសម្រាប់ផ្គតផ្គង់ទៅលើការចំណាយលើការជួសជុស ការចំណាយលើពេលមានជំងឺ និងរឿងរ៉ាវបន្ទាន់ទៀតផង។ កញ្ចប់ថវិការមានសារៈសំខាន់ នៅពេលអ្នកត្រូវការលុយកាក់ពេលមានបញ្ហាបន្ទាប់ អ្នកមិនចាំបាច់ខ្ចីបុលគេ។ វិធីមួយដ៏ល្អដើម្បីបង្កើតកញ្ចប់ថវិការ អ្នកអាចបង្កើតគណនីធនាគារ ហើយចាប់ផ្ដើមសន្សំក្នុងគណនីនោះ។

 

៧) កុំឈប់រៀនសូត្រ៖
អ្នកត្រូវរៀនសូត្របន្ថែមអំពីហិរញ្ញវត្ថុពីព្រោះវាជាបញ្ហាអាទិភាព។​ សព្វថ្ងៃនេះមានវិធីច្រើនណាស់ដែលអ្នករៀនសូត្រ។ អ្នកអាចរៀនសូត្រ ឬអានបន្ថែមអ្វីដែលទាក់ទងទៅនឹងហិរញ្ញវត្ថុ ឬការចូលសិក្ខាសាលាស្ដីអំពីហិរញ្ញវត្ថុជាដើម។ ការសិក្សារៀនសូត្របន្ថែម អ្នកនឹងដឹងកាន់តែច្រើនអំពីហិរញ្ញវត្ថុ។

 

៨) មានគោលដៅហិរញ្ញវត្ថុច្បាស់លាស់៖
ប្រសិនបើអ្នកគ្មានផែនការឬគោលដៅច្បាស់លាស់ អ្នកនឹងពិបាកក្នុងការសម្រេចនូវសេរីភាពហិរញ្ញវត្ថុរបស់អ្នកណាស់។ ប្រសិនបើអ្នកចង់ដំណើរការអាជីវកម្មធំ អ្នកត្រូវធ្វើសកម្មភាពឆ្ពោះទៅកាន់គោលដៅ។ ប្រសិនបើអ្នកចង់ក្លាយជាវិនិយោគគិន អ្នកត្រូវរៀនមើលយុទ្ធសាស្ត្រ និងឱកាសដើម្បីចាប់យកវា។ នៅពេលអ្នកមានគោលដៅហិរញ្ញវត្ថុច្បាស់លាស់នៅក្នុងខ្លួនរបស់អ្នកហើយ ​អ្នកនឹងរកឃើញសក្ដានុពលរបស់អ្នកច្បាស់លាស់។ ការមានគោលដៅហើយធ្វើដំណើរទៅកាន់ទៅកាន់សេរីភាពហិរញ្ញវត្ថុគឺជាការលើកទឹកចិត្តអ្នក។

 

៩) ធ្វើជីវិតឲ្យសាមញ្ញ៖
ជីវិតនឹងក្លាយជាស្មុគស្មាញ។ ការដេញតាមចាប់លុយ និងខិតខំតាមចាប់សេរីភាពហិរញ្ញវត្ថុ ធ្វើឲ្យអ្នកភ្លេចគិតអំពីរឿងសំខាន់ក្នុងជីវិតរបស់អ្នក។ វាជារឿងចាំបាច់ខ្លាំងណាស់ដែលអ្នកត្រូវធ្វើឲ្យជីវិតរបស់អ្នកសាមញ្ញ។ គន្លឹះដើម្បីទទួលបានសេរីភាពហិរញ្ញវត្ថុគឺគ្រាន់តែបម្លែងលុយដែលអ្នករកបាន ទៅបង្កើតអាជីវកម្មអ្វីមួយដើម្បីឲ្យក្លាយទៅជាចំណូលអកម្ម៕

 

ដោយ៖ លង់ វណ្ណៈ

X
5s