ក្បួន​ចិត្តសាស្រ្ត៦​យ៉ាងអំពីការ​រៀន​គ្រប់គ្រង​​ហិរញ្ញវត្ថុ​របស់​អ្នក​​ឲ្យ​​មាន​ប្រសិទ្ធភាព​​



ការ​​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ឆ្លាតវៃ​គឺ​​មិន​មែន​ដឹង​ត្រឹមតែ​តួលេខ​ដូច​គណិតវិទ្យា​នោះ​ទេ។ វា​​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ទៅ​នឹង​ការ​ចាយ​ឲ្យ​ទាប​ជាង​ចំណូល ចេះ​សន្សំ និង​រៀន​វិនិយោគ​ឲ្យ​បាន​​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ចំណុច​នេះ​វា​មិន​លំបាក​នោះ​ឡើយ ប៉ុន្តែ​ដែល​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​លើ​រឿង​នេះ​បាន​គឺ​វា​​ជាប់​ទាក់ទង​ទៅ​នឹង​​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​អ្នក។

ក្រៅ​ពី​វិធី​ចាយ​ឲ្យ​ទាប​ជាង​ចំណូល ចេះ​សន្សំ និង​រៀន​វិនិយោគ អ្នក​ត្រូវ​ស្វែង​យល់​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​យល់​កាន់តែ​ច្បាស់​ថា តើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​មាន​ប្រសិទ្ធភាព​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះ? ​

១. ជោគជ័យ​ហិរញ្ញវត្ថុ​មិនមែន​ជា​រឿង​​អាថ៌កំបាំង​
មូលដ្ឋានគ្រឹះ​នៃ​ការ​កសាង​ទ្រព្យសម្បត្តិ​ត្រូវ​បាន​កត់ត្រា​ទុក​អស់​រយៈពេល​រាប់​សិប​​សតវត្ស​មក​ហើយ។ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​នៅ​ទី​នេះ​គឺ​ ឈប់​ស្វែង​រក​ផ្លូវកាត់​​ និង​អាថ៌កំបាំង​ទាំង​នោះ​ទៅ ហើយ​​ងាក​មក​ចាប់​អារម្មណ៍​នូវ​ដំបូន្មាន​​សាមញ្ញ​មួយ​ចំនួន​ដែល​ឪពុក​ម្តាយ​​​របស់​អ្នក​ធ្លាប់​បង្រៀន​អ្នក​កុំ​ឲ្យ​ចាយ​លុយ​ច្រើន​ជាង​ចំណូល​​វា​ប្រសើរ​ជាង។ នេះ​ជា​ក្បូន​មួយ​សំខាន់​ក្នុង​ការ​រៀន​គ្រប់គ្រង​លុយកាក់​មុន​​ចាប់​ផ្តើម​ជំហាន​ផ្សេង​ទៀត។

២. សុភមង្គល​​កើត​មាន​នៅ​ពេល​អ្នក​ចេះ​​គ្រប់គ្រង​​​អារម្មណ៍​របស់​អ្នក​
អ្នក​មិន​អាច​ស្វែង​រក​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក​បាន​តាម​រយៈ​ការ​ទិញ​របស់​ប្រើប្រាស់​ដែល​គ្មាន​ប្រយោជន៍​កាន់តែ​ច្រើន​នោះ​ឡើយ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ពេញ​ចិត្ត​អ្វី​ដែល​អ្នក​មាន និង​​ត្រូវ​ដាក់​កំហិត​ខ្លួន​ឯង​ឲ្យ​ចេះ​គ្រប់គ្រង​ការ​​ចាយវាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​ពិសេស​បែងចែក​​ទិញ​អ្វី​ដែល​ចាំបាច់ និង​មិន​ចាំបាច់។

៣. អ្នក​អាច​មាន​អ្វី​មួយ​ដែល​អ្នក​ចង់​បាន មិន​មែន​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ
បើ​បណ្តែតបណ្តោយ​តាម​អារម្មណ៍​របស់​អ្នក ចិត្ត​អ្នក​នឹង​មិន​ស្កប់​​នោះ​ឡើយ។ អ្នក​ប្រាកដ​ជា​ចង់​​ក្រសោប​អោប​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ចង់​បាន​​មក​​កាន់​ក្នុង​ដៃ។ ក៏ប៉ុន្តែ​នៅ​ក្នុង​ជីវិត​ជាក់ស្តែង ហិរញ្ញវត្ថុ​គឺ​ជា​បញ្ហា​ចម្បង​មួយ​របស់​អ្នក។ ហេតុដូច្នេះ​ហើយ អ្នក​រៀន​យល់​ដោយ​ខ្លួន​ឯង​ថា មាន​របស់​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អ្នក​អាច​​​មាន​លទ្ធភាព​ចំណាយ​លុយ​​ទិញ​វា​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​អ្នក មិនមែន​អ្វី​គ្រប់យ៉ាង​នោះ​ឡើយ។

៤. តាមដាន​គ្រប់​ចរន្ត​ចំណូល​ចំណាយ
នៅ​ពេល​និយាយ​ពី​ការ​សន្សំ និង​ការ​វិនិយោគ អ្នក​គឺ​ជា​សត្រូវ​ដ៏​សាហាវ​បំផុត​សម្រាប់​ខ្លួន​ឯង។ ម្ល៉ោះហើយ​អ្នក​ត្រូវ​រំដោះ​ខ្លួន​​ឈប់​ធ្វើ​ជា​សត្រូវ​​ដែល​រារាំង​ដល់​ការ​សន្សំ​ និង​ការ​វិនិយោគ​លុយ​របស់​អ្នក​ដូច​មុន​ទៀត​ទៅ។ ត្រូវ​ចាប់​ផ្តើម​តាមដាន​ការ​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ល្អិតល្អន់​ថា តើ​អ្នក​ចំណាយ​លើ​អ្វី​ខ្លះ? មាន​ប្រសិទ្ធភាព​ឬ​អត់? ត្រូវ​​រក​ច្រក​ផ្លូវ​មួយ​ដែល​​អាច​ធ្វើ​ឲ្យ​លុយ​របស់​អ្នក​ដើរ​រក​លុយ​ជំនួស​អ្នក ពោល​គឺ​​ចេះ​ទាំង​សន្សំ និង​ការ​វិនិយោគ​ឲ្យ​បាន​ច្រើន។

៥. កុំ​រង់ចាំ​ភាព​ល្អ​ឥតខ្ចោះ​ចូល​មក​ដល់
មនុស្ស​ជា​ច្រើន​យល់​ថា ទាល់តែ​មាន​លុយ​ច្រើន​ទើប​រក​ស៊ី​បាន ឬ​ថា ឱកាស​ល្អ​មិន​ទាន់​មក​ដល់។ អ្នក​ត្រូវ​ដឹង​ថា ការ​រង់ចាំ​លុយ​ច្រើន ឬ​ឱកាស​ល្អ​ចូល​មក​ដល់​គឺ​ជា​សត្រូវ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​បាន​ភាព​ជោគជ័យ​​ហិរញ្ញវត្ថុ។ ផ្ទុយ​មក​វិញ អ្នក​អាច​រៀន​ចាប់​ផ្តើម​សន្សំ​ និង​វិនិយោគ​បន្តិច​ម្តងៗ​ពី​តូច​ទៅ​ធំ ហើយ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​ភ្ញាក់ផ្អើល​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ។

៦. ឈប់​យកលេស​បន្ត​ទៀត​
​​​នៅ​ពេល​អ្នក​បរាជ័យ​ហិរញ្ញវត្ថុ ឈប់​ទម្លាក់​កំហុស​ទៅ​អ្នកដទៃ គ្រួសារ​អ្នក ឬ​ដៃគូ​ជំនួញ​របស់​អ្នក។ រឿង​សំខាន់​នៅ​ទី នេះ គឺ​អ្នក​ត្រូវ​រៀន​ទទួល​ខុសត្រូវ​​បើ​ទោះ​បី​ជា​វា​មិនមែន​ជា​កំហុស​ទាំងស្រុង​របស់​អ្នក​ក៏ដោយ​។ ការ​ឆ្លើយតប​ដ៏​ល្អ​​បំផុត​​ដើម្បី​លុបបំបាត់​ចោល​​ការ​យក​លេស​​មិន​ចេះ​ចប់​​របស់​អ្នក​គឺ​ការ​រក​គន្លឹះ​ និង​​​វិធីសាស្ត្រ​​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។

៧. គ្មាន​អ្នកណា​ម្នាក់​យកចិត្ត​ទុកដាក់​លើ​រឿង​លុយ​កាក់​របស់​អ្នក​ជាង​អ្នក​នោះ​ទេ
សូម​ចាំ​ថា កុំ​ចំណាយ​ពេល​រង់ចាំ​អ្នកណា​ម្នាក់​មក​ប្រាប់​អ្នក​​គ្រប់​ពេល​ថា តើ​អ្នក​គួរ​សន្សំ វិនិយោគ ឬ​ដោះ​បំណុល​ដោយ​របៀបណា​? មានតែ​អ្នក​ប៉ុណ្ណោះ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​លើ​​​អនាគត​ភាព​ជោគជ័យ​​ហិរញ្ញវត្ថុ​របស់​អ្នក។ អ្នក​ត្រូវ​​គ្រប់គ្រង​វា​ដោយ​ខ្លួន​ឯង​​ឲ្យ​បាន​​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន៕

ប្រភព៖ entrepreneur ​​​
​​