កម្លាំងចិត្តសាស្ត្រទាំង ៦ ចំណុចដែលកំណត់ពីភាពជោគជ័យរបស់អ្នក​



តើអ្នកឲ្យនិយមន័យនៃភាពជោគជ័យយ៉ាងដូចម្តេច? មនុស្សភាគច្រើនយល់ឃើញថា ភាពជោគជ័យគឺមានដូចជា រៀនចប់ថ្នាក់មហាវិទ្យាល័យហើយទទួលបានសញ្ញាប័ត្រ មានការងារល្អធ្វើល្អ ឬរកបានប្រពន្ធស្អាតគ្រប់លក្ខណៈជាដើម​។ ប៉ុន្តែជាទូទៅ មានបុគ្គលជាច្រើនដែលតែងតែមានការយល់ច្រឡំនិងមិនស្គាល់ពីនិយមន័យពិតនៃភាពជោគជ័យដោយសារតែពីមួយថ្ងៃទៅមួយថ្ងៃគឺមនុស្សម្នាក់ៗតែងតែជួបប្រទះនូវរបត់គំនិតជាច្រើនតាមរយៈទំនាក់ទំនងជាមួយបុគ្គលផ្សេងៗទៀតក្នុងសង្គម។

ទោះជាយ៉ាងណាក៏ដោយ ពេលដែលអ្នកធ្វើការផ្សងព្រេង ជីវិតរបស់លោកអ្នកដោយមានការអភិវឌ្ឍខ្លួនឯងនិងតាមរយៈបទពិសោធន៍ អ្នកនឹងស្វែងយល់ពីនិយមន័យពិតនិងត្រឹមត្រូវបំផុតរបស់ភាពជោគជ័យតាមរយៈការចោទសួរខ្លួនឯងជាញឹកញាប់អំពីតម្លៃនៃចក្ខុវិស័យរបស់ខ្លួនឯង។ តួយ៉ាងដូចនិយមន័យរបស់លោក Tony Robbins គឺលោកយល់ថាជោគជ័យពិតគឺលុះត្រាតែមានការពេញចិត្តជាមួយនឹងលទ្ធផលនោះ តែបើសិនជាអ្នកគ្មានការពេញចិត្តជាមួយនឹងលទ្ធផលនោះទេ គឺនោះមានន័យថាវាលទ្ធផលនោះជាការបរាជ័យរបស់អ្នក។

ខាងក្រោមនេះគឺជាកម្លាំងចិត្តសាស្ត្រទាំង៦ចំណុច ដែលកំណត់ពីវិសាលភាពនៃភាពជោគជ័យរបស់អ្នកក៏ដូចជាសមត្ថភាពរបស់អ្នកក្នុងការទ្រទ្រង់សកម្មភាពប្រចាំថ្ងៃធំៗ ឲ្យមានអំណោយផល៖

១) កម្រិតស្តង់ដារ

ស្ដង់ដារគឺជាអ្វីដែលអ្នកចង់រស់នៅជាមួយ។ រាប់ចាប់តាំងពីស្ថានភាពហិរញ្ញវត្ថុរហូតដល់ទំហំខ្លួនប្រាណរបស់អ្នកគឺជាអ្វីដែលកំណត់ដោយស្ដង់ដារទាំងអស់។ ត្រូវយល់ដឹងថា ការព្យាយាមសម្រេចលើរឿងអ្វីមួយមិនថាតូចឬធំក្ដី គឺអ្នកត្រូវព្យាយាមប្រយុទ្ធយកជ័យជំនះរឿងនោះដោយមិនរាថយនិងដើរខុសបទដ្ធានរបស់អ្នកឡើយ។ បទដ្ឋានរបស់អ្នកគឺប្រៀបបានដូចជាគោលដៅសំខាន់ក្នុងការកំណត់ពីជោគវាសនាដែលអ្នកនឹងទទួលបានក្នុងពេលអនាគត។ ដូចនេះហើយ ដើម្បីសម្រេចបាននូវគោលដៅរបស់អ្នក គឺអ្នកត្រូវតែកែលំអគោលដៅទាំងនោះទៅជាបទដ្ឋានច្បាស់លាស់ និងមានគ្រឹះរឹងមាំ។

២) ផ្នត់គំនិត

លោកស្រី Carol Dweck គឺជាអ្នកស្រាវជ្រាវនិងសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Stanford ដែលបានចំណាយពេលស្វែងយល់និងបែងចែកអំពីលក្ខណៈរបស់បុគ្គលដែលអាចសម្រេចបានគោលដៅពីពពួកបុគ្គលដែលមិនអាចសម្រេចបាន។ ហើយលោកស្រីក៍បានយល់ឃើញថាការដែលមានផ្នត់គំនិតរីកចម្រើន(Growth mindset) ឬផ្នត់គំនិតមិនផ្លាស់ប្ដូរ (fixed mindset) ក្នុងខួរក្បាលគឺអាចសិទ្ធតែអាចកំណត់ពីវិសាលភាពដែលមនុស្សម្នាក់ៗបំពេញតាមសក្តានុពលរបស់ពួកគេ។ អ្នកដែលមានផ្នត់គំនិតមិនផ្លាស់ប្ដូរគឺតែងតែយល់ឃើញថាសមត្ថភាពគឺមានកំណត់ដែលមិនអាចអភិវឌ្ឍទៅមុខអោយមានភាពល្អប្រសើរបានជាងមុនបានទេ។ ហើយមនុស្សបែបនេះតែងតែមានការភ័យខ្លាចចំពោះឧបសគ្គទាំងឡាយណាដែលរត់មករកពួកគេ។ ហេតុនេះហើយបានជាបុគ្គលដែលមានផ្នត់គំនិតបែបនេះតែងតែទទួលស្គាល់សមត្ថភាពដែលពួកគេមាន ប៉ុន្តែមិនដែលនឹកដល់ថាពួកគេអាចអភិវឌ្ឍសមត្ថភាពពួកគេអោយមានការរីកចម្រើននោះឡើយ។ ផ្ទុយពីផ្នត់គំនិតមិនផ្លាស់ប្ដូរ អ្នកដែលមានផ្នត់គំនិតរីកចម្រើនតែងតែយល់ថាពួកគេអាចពង្រឹងសមត្ថភាពរបស់ពួកគេអោយខ្លាំងនិងល្អប្រសើរជាងមុន។ ជាទូទៅពេលមានឧបសគ្គណាមួយគឺពួកគេមិនដែលមានការភ័យខ្លាចទេព្រោះគេពួកគេយល់ឃើញថានោះជាឱកាសដ៍ល្អរបស់ពួកគេក្នុងការធ្វើយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហានោះដែលអាចជួយអោយពួកគេធ្វើការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។ ដូចនេះហើយបានជាពួកគេសុខចិត្តចំណាយពេល ពង្រីកចំណេះដឹងនិងបង្កើនវឌ្ឍនភាពនៃស្មារតីរបស់ពួកគេ។ ហេតុនេះ ផ្លូវតែមួយគត់ដែលអាចនាំមកនូវភាពជោគជ័យបាន គឺអ្នកត្រូវតែកែលំអនិងអភិវឌ្ឍខ្លួនឯងហើយត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកមកជឿលើផ្នត់គំនិតរីកចម្រើនវិញ។

3) កម្លាំងកាយ

កម្លាំងកាយគឺសំដៅទៅលើសមត្ថភាពក្នុងការបំពេញកិច្ចការណាមួយ។ ហើយកិច្ចការគឺជាស្ពានដែលស្ថិតនៅចន្លោះពីបច្ចុប្បន្នភាពរបស់អ្នកនិងអនាគតរបស់អ្នក។ កម្រិតនៃកម្លាំងកាយរបស់អ្នកគឺចង្អុលប្រាប់ថា តើអ្នកអាចឈានជើងដើរទៅមុខក្នុងការប្រកបកិច្ចការប្រចាំថ្ងៃរបស់អ្នកបានដល់កម្រិតណា។ ដើម្បីរក្សានូវកម្រិតកម្លាំងកាយអោយបានខ្ពស់ គឺអ្នកត្រូវតែមានបែបបទរស់នៅត្រឹមត្រូវដូចជា​ ការហូបចុក ដើរ ដែក អង្គុយជាដើម។ លើសពីនេះទៅទៀត អ្នកត្រូវចោទសួរខ្លួនឯងថា សកម្មភាពមួយណាដែលតែងតែត្រូវការចំណាយកម្លាំងកាយរបស់អ្នកយ៉ាងខ្លាំងដើម្បីរកវិធីកាត់បន្ថយសកម្មភាពនោះក្នុងការរក្សាកម្លាំងរបស់អ្នកអោយមានប្រសិទ្ធភាព។

៤) ជំនាញ

ដើម្បីទទួលបានលទ្ធផលមួយចំនួន គឺអ្នកត្រូវការមានជំនាញមួយចំនួនសិន។ លោក Elon Musk បានបង្ហើបប្រាប់ថា ប្រព័ន្ធអប់រំសព្វថ្ងៃគឺមានលក្ខណៈហួសសម័យដោយសារមិនអាចផ្ដល់នូវជំនាញសំខាន់ៗមួយចំនួនដែលជួយឲ្យមនុស្សរត់តាមទាន់សម័យបច្ចេកវិទ្យាបានទេ។ ដូចនេះត្រូវតែស្វែងយល់អំពីមុខជំនាញណាដែលអាចមានអត្ថប្រយោជន៍ក្នុងពេលអនាគតនៃបច្ចេកវិទ្យាហើយត្រូវតែព្យាយាមពង្រឹងមុខជំនាញនោះឲ្យបានច្រើនដើម្បីត្រៀមខ្លួននឹងឈោងចាប់ឱកាសនៅពេលខាងមុខ។ ហេតុនេះហើយបានជាសព្វថ្ងៃ លោកកំពុងតែព្យាយាមពង្រឹងមុខជំនាញរបស់លោកលើជំនាញការនិយាយតាមសាធារណៈ ការសរសេរ និងការធ្វើទីផ្សារតាមអ៊ីម៉ែលជាដើម។

៥) ចក្ខុវិស័យ

ការបង្កើតការរីកចម្រើនគឺជារឿងល្អប្រសើរ ប៉ុន្តែសំណួរសំខាន់ដែលអ្នកត្រូវសួរខ្លួនឯង “តើការអភិវឌ្ឍនោះត្រូវបន្តកើតឡើងដល់ពេលណា?” ការដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការកំណត់ពេលវេលាបញ្ចប់គោលដៅរបស់អ្នក គឺជួយឲ្យអ្នកអាចរៀបចំគោលជំហររបស់អ្នកឲ្យដើរស្របជាមួយគោលដៅរបស់អ្នក។ ទោះបីជាអ្នកជាមនុស្សដែលពូកែក្នុងការប្រកបកិច្ចការណាមួយក៍ដោយ ប៉ុន្តែលទ្ធផលរបស់លោកអ្នកនឹងគ្មានន័យពេលដែលអ្នកមិនអាចកំណត់គោលដៅរបស់អ្នកឲ្យចប់នៅពេលណាពិតប្រាកដ។ ដូចនេះហើយ ដើម្បីកំណត់ចក្ខុវិស័យរបស់អ្នកឲ្យបានច្បាស់លាស់ អ្នកគួរតែចំណាយពេលវេលាកសាងជីវប្រវត្តិឲ្យពពេញទៅដោយកិត្តិយស។ មនុស្សមួយចំនួនធំមានការភ័យខ្លាចចំពោះការស្លាប់ ប៉ុន្តែអវសានរបស់មនុស្សគឺប្រៀបបានដូចជាវាំងននមួយដែលគ្រប់ដណ្ដប់អ្វីៗដែលអស់តម្លៃ ហើយការភ័យខ្លាចនៃភាពបរាជ័យ មោទនភាព មហិច្ឆតាជាដើមនឹងរលាយសាបសូន្យ។

៦) ឥទ្ធិពលសតិអារម្មណ៍

ក្នុងការធ្វើអ្វីមួយឬមានទំនាក់ទំនងជាមួយអ្នកណាក៍ដោយ អ្នកគួរតែចំណាយពេលគិតអំពីរឿងទាំងអស់នោះព្រោះការមានទំនាក់ទំនងទាំងអស់គឺសុទ្ធតែមានឥទ្ធិពលដល់អនាគតរបស់អ្នក។ អ្នកទាំងអស់គ្នាសុទ្ធតែមានទម្លាប់ក្នុងការសង្កេតនិងស្វែងយល់ពីទម្លាប់ ជំនឿ និងគំនិតរបស់មនុស្សនៅជុំវិញខ្លួនរបស់អ្នក។ ហើយមនុស្សដែលនៅជុំវិញខ្លួនអ្នកតែងតែបង្ហាញប្រាប់ពីគោលដៅរបស់យើង។ អ្នកត្រូវចងចាំថា មនុស្សដែលនៅជុំវិញខ្លួនអ្នកគឺមានឥទ្ធិពលទៅលើភាពជោគជ័យរបស់អ្នក។ និយមន័យនៃភាពជោគជ័យមានន័យចំពោះអ្នកបែបណាក៍ដោយ តែវានឹងមានឥទ្ធិពលដល់ការគិតនិងគោលជំហររបស់អ្នក។ ដូចនេះហើយត្រូវតែស្រមើស្រមៃពីអនាគតរបស់អ្នក ស្វែងយល់ពីតម្លៃនៃភាពជោគជ័យនោះ ហើយបង្កើតភាពអំណត់អត់ធ្មត់ក្នុងការទាញយកផលជោគជ័យនោះ។ ហើយនៅពេលដែលអ្នកស្វែងយល់ពីចំណុចទាំង ៦ ចំណុចនៃកម្លាំងចិត្តសាស្ត្រនេះហើយ គឺអ្នកនឹងអាចស្វែងរកភាពជោគជ័យបានយ៉ាងងាយស្រួលជាងមុនជាក់ជាមិនខាន៕

ដោយ៖ នឿន វណ្ណៈ

X
5s