តើអ្វីជាក្រុមហ៊ុនបណ្ដាក់ទុនរួម (Joint Venture)?​



ភាពរីកចម្រើននៃសេដ្ឋកិច្ច ក៏អាចឆ្លុះបញ្ចាំងឲ្យឃើញពីការកើនឡើងនៃទំហំវិនិយោគក្នុងប្រទេសមួយនោះដែរ។ ស្របពេលជាមួយគ្នានោះការអាជីវកម្មដែលបង្កើតឡើងតែងចង់ពង្រីកខ្លួនឲ្យកាន់តែធំជាងមុន ប៉ុន្តែអាជីវកម្មមួយចំនួនមិនបានលូតលាស់ដូចបំណង ក៏ឈានដល់ការក្ស័យធន។ ក្រុមហ៊ុនដែលមានសក្តានុពលខ្ពស់អាចសម្លឹងឃើញពីឱកាសនៃក្រុមហ៊ុនដែលមានវិបត្តិ ឬក្រុមហ៊ុនដែលចង់ពង្រីកអាជីវកម្មខ្លួនបានសម្រេចទិញឬចូលរួមគ្នាជាអាជីវកម្មធំមួយ ដើម្បីកេរ្តិ៍ឈ្មោះក៏ដូចជាពង្រីកសក្តានុពលរបស់ខ្លួនបន្ថែមទៀត។

ដូច្នេះតើអ្វីទៅដែលជា ក្រុមហ៊ុនបណ្ដាក់ទុនរួម Joint Venture?

១) និយមន័យ

អាជីវកម្មរួមគ្នា ឬ joint venture គឺជាកិច្ចព្រមព្រៀងអាជីវកម្មរវាងពីរឬច្រើនក្រុមហ៊ុនក្នុងការជំរុញគោលដៅអាជីវកម្មរបស់ពួកគេឲ្យបានសម្រេចនូវកិច្ចការជាក់លាក់មួយ ដែលកិច្ចការនោះអាចជាគម្រោងថ្មី ឬសកម្មភាពសេដ្ឋកិច្ចនានា។ នៅក្នុងអាជីវកម្មរួមគ្នានេះភាគីដែលចូលរួមគឺត្រូវទទួលខុសត្រូវលើប្រាក់ចំនេញ ការខាតបង់ និងថ្លៃចំណាយផ្សេងៗជាមួយគ្នា។ តែទោះជាយ៉ាងណាក៏ដោយ ការចូលរួមគ្នានេះត្រូវចែកឲ្យដាច់ពីមុខជំនួញដទៃទៀតរបស់ភាគីចូលរួមនីមួយៗ។

២) កិច្ចព្រមព្រៀងក្រុមហ៊ុនបណ្ដាក់ទុនរួម

ដោយមិនគិតពីរចនាសម្ព័ន្ធច្បាប់ប្រើសម្រាប់អាជីវកម្មរូមគ្នា ឯកសារសំខាន់បំផុតគឺជាកិច្ចព្រមព្រៀងអាជីវកម្ម ដែលកំណត់ចេញនូវសិទ្ធិ និងកាតព្វកិច្ចដៃគូទាំងអស់។ កម្មវត្ថុនៃអាជីវកម្មរួមគ្នាដែលមានចែកក្នុងកិច្ចព្រមព្រៀងនេះមានដូចជា វិភាគទានដំបូងនៃដៃគូទាំងអស់ ប្រតិបត្តការប្រចាំថ្ងៃ និងសិទ្ធិទទួលប្រាក់ចំនេញ ក៏ដូចជាទំនួលខុសត្រូវទាំងអស់។ ឯកសារនេះសំខាន់ខ្លាំងណាស់ដែលយើងត្រូវធ្វើពង្រៀងដោយប្រុងប្រយ័ត្នជាមុនដើម្បីចៀសវាងវិវាទកើតឡើង។

|៣) ដំណើរការនៃក្រុមហ៊ុនបណ្ដាក់ទុនរួម

ដើម្បីចូលជាអាជីវកម្មរួមគ្នាត្រូវមានធាតុសំខាន់ចូលរួមមានដូចជា÷ ក) ចំនួននៃអ្នកចូលរួមពាក់ព័ន្ធ ខ) ដែនកំណត់ដែលអាជីវកម្មរួមគ្នានឹងត្រូវប្រត្តិបត្តិការវាង (ភូមិសាស្រ្ត ផលិតផល បច្ចេកវិទ្យា) គ) តើអ្វី ដែលភាគីនីមួយៗត្រូវចូលរួមគ្នា ហើយចំនួនប៉ុន្មាន? ឃ) រចនាសម្ព័ន្ធនៃអាជីវកម្មរួមគ្នាមួយនោះផ្ទាល់ ង) វិភាគទានដំបូង និងការបំបែកនៃភាពជាម្ចាស់នីមួយៗ ច) ប្រភេទនៃកិច្ចព្រមព្រៀងដែលបានបង្កើតត្រូវសម្រេច ឆ) តើអាជីវកម្មរួមគ្នាគ្រប់គ្រងនិងរៀបចំដោយរបៀបណា? ជ) តើបុគ្គលិកត្រូវរៀបចំយ៉ាងណា (បុគ្គលិកក្រុមហ៊ុនទាំងពីរ ឬច្រើនដែលបានចូលគ្នានោះ ថាតើត្រូវបញ្ចូលទាំងបុគ្គលិកទៀតឬកាត់បន្ថយបុគ្គលិកខាងណា)

៤) ការបែងចែកនៃប្រភេទក្រុមហ៊ុនបណ្ដាក់ទុនរួម

ជាទូទៅការកំណត់ពាក្យថា អាជីវកម្មរួមគ្នា ខាងលើត្រូវបានកំណត់ជា ៤ផ្នែកគឺ÷ ក) អាជីវកម្មជាលក្ខណៈជាតិ (National Joint Venture)÷ ជាការលាយបញ្ចូលគ្នារវាងក្រុមហ៊ុនពីរ ឬច្រើនក្នុងប្រទេសតែមួយ។ ខ) អាជីវកម្មជាលក្ខណៈអន្តរជាតិ (Foreign International Joint Venture)÷ ជាការលាយបញ្ចូលគ្នារវាងភាគីទាំងឡាយ ដែលមានសញ្ជាតិខុសៗគ្នាហើយដែលមិនបានចូលដោយរដ្ឋាភិបាលនៃប្រទេសដែលទទួលយកនោះទេ។ គ) អាជីវកម្មជាលក្ខណៈអន្តរជាតិ (International Joint Venture)÷ ជាការរួមបញ្ចូលគ្នារវាងភាគហ៊ុនបរទេសនិងភាគហ៊ុនក្នុងស្រុក ហើយដែលមិនបានរាប់បញ្ចូលភាគហ៊ុន ឬភាគីរបស់រដ្ឋាភិបាលក្នុងស្រុក។ ឃ) អាជីវកម្មជាលក្ខណៈអន្តរជាតិចំរុះ (Mixed International Joint Venture)÷ ជាអាជីវកម្មរួមគ្នាមូយដែលយ៉ាងហោចណាស់ក៏ផ្នែកខ្លះៗនៃទុនបានដាក់ចូលដោយរដ្ឋ និងចំណែកដែលនៅសល់ត្រូវបានដាក់ដោយភាគីបរទេស។

៥) ការបង់ពន្ធសម្រាប់ក្រុមហ៊ុនបណ្ដាក់ទុនរួម

ពេលចូលជាអាជីវកម្មរួមគ្នា អ្វីដែលសំខាន់បំផុតដែលភាគីទាំងអស់អាចធ្វើបានគឺបង្កើតអង្គភាពថ្មីមួយ តែដោយសារអាជីវកម្មរួមគ្នាខ្លួនឯងមិនបានទទួលស្គាល់ដោយ Internal Revenue Service (IRS) ទម្រង់អាជីវកម្មរវាងភាគីទាំងពីរជួយកំណត់ថាតើពន្ធត្រូវបង់យ៉ាងដូចម្តេច បើពួកគេប្រកបអាជីវកម្មជាលក្ខណៈបែកពីគ្នា ពន្ធនឹងត្រូវបង់ដូចអាជីវកម្ម ឬសាជីវកម្មដទៃទៀត។ បើប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត LLC (Limited Liabilities Company) នឹងត្រូវបង់ដូចក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត កិច្ចព្រមព្រៀងអាជីវកម្មរួមគ្នានឹងបញ្ជាក់ថា ប្រាក់ចំណេញឬខាតត្រូវបង់ពន្ធដោយរបៀបណា។ តែបើកិច្ចព្រមព្រៀងអាជីវកម្មរួមគ្នាគ្រាន់តែជាទំនាក់ទំនងកិច្ចសន្យារវាងភាគីទាំងពីរ កិច្ចព្រមព្រៀងនោះនឹងកំណត់ថាពន្ធត្រូវបែកចែករវាងគ្នា៕

ដោយ÷ យ៉ាយ៉ា

X
5s