ក្រុមហ៊ុន Huawei ប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកលើការដាក់កំហិតនៃការលក់មិនស្របតាមរដ្ឋធម្មនុញ្ញនៅថ្ងៃនេះ​



ក្រុមហ៊ុន Huawei ប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិកលើការដាក់កំហិតនៃការលក់មិនស្របតាមរដ្ឋធម្មនុញ្ញដែលដាក់ដោយសភានៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ប្រឆាំងនឹងធម្មនុញ្ញភាពនៃមាត្រា 889 នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ 2019​ (NDAA) ។ តាមរយៈសកម្មភាពនេះ ក្រុមហ៊ុន Huawei ស្វែងរកសាលក្រមប្រកាសថាការដាក់កំហិតទៅលើក្រុមហ៊ុន Huawei គឺមិនសមស្របតាមរដ្ឋធម្មនុញ្ញ និងការបង្គាប់បញ្ជាជាអចិន្ត្រៃយ៍ប្រឆាំងនឹងការរឹតត្បិតទាំងនេះ។ លោក Guo Ping ប្រធានប្តូរវេននៃក្រុមហ៊ុន Huawei បានថ្លែងថា "សភាសហរដ្ឋអាមេរិកបានបរាជ័យក្នុងការបង្កើតភស្តុតាងដើម្បីគាំទ្រការរឹតបន្តឹងរបស់ខ្លួន ចំពោះផលិតផលរបស់ក្រុមហ៊ុន Huawei ។ យើងត្រូវបានបង្ខំឱ្យចាត់វិធានការផ្លូវច្បាប់នេះជាមធ្យោបាយត្រឹមត្រូវ និងចុងក្រោយលោកបានបន្ថែមថា "ការហាមឃាត់នេះ មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ​ បវាក៏ជាការហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់អតិថិជនអាមេរិកផងដែរ។​ យើងទន្ទឹងរង់ចាំសាលក្រមរបស់តុលាការហើយជឿជាក់ថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Huawei និងប្រជាជនអាមេរិក"។ ពាក្យបណ្តឹងនេះត្រូវបានដាក់នៅកាន់តុលាការទីក្រុង Plano នៃរដ្ឋតិចសាស់។ យោងទៅតាមពាក្យបណ្តឹងនេះ មាត្រា 889 នៃ NDAA 2019 គឺមិនត្រឹមតែរារាំងភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់ពីការទិញឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ ថែមទាំងរារាំងពួកគេមិនឱ្យចុះកិច្ចសន្យាជាមួយ ឬផ្តល់ជំនួយ ឬប្រាក់កម្ចីដល់ភាគីទីបីដែលទិញឧបករណ៍ ឬសេវាកម្មរបស់ក្រុមហ៊ុន Huawei ដោយគ្មានដំណើរការ ឬនីតិវិធីតុលាការ។ វាក៏បានរំលោភលើគោលការណ៍នៃបែកចែកអំណាចដែលបានដាក់តម្កល់នៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផងដែរ ពីព្រោះសភាបង្កើតច្បាប់ហើយព្យាយាមធ្វើការវិនិច្ឆ័យ និងកាត់សេចក្តីតែម្តង។ លោក Song Liuping ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានសង្កត់ធ្ងន់ថា "មាត្រា 889 គឺផ្អែកលើការណ៍មិនពិតជាច្រើន មិនមានភស្តុតាង និងមិនទាន់ផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ទាល់តែសោះ។ ផ្ទុយពីបរិយាកាសរបស់ច្បាប់ ក្រុមហ៊ុន Huawei មិនត្រូវបានគ្រប់គ្រង ឬរងឥទ្ធិពលពីសំណាក់រដ្ឋាភិបាលចិនទេ។ លើសពីនេះទៀត ក្រុមហ៊ុន Huawei មានកំណត់ត្រាប្រព័ន្ធសុវត្ថិភាព និងកម្មវិធីល្អបំផុត។​ មិនមានភស្តុតាងផ្ទុយពីច្បាប់ណាមួយដែលត្រូវបានរកឃើញឡើយ"។ លោក John Suffolk បុគ្គលិកផ្នែកសុវត្ថិភាពតាមអ៊ីនធឺណេតនៃក្រុមហ៊ុន Huawei បានបន្ថែមថា" យើងមានមោទនភាពដែលយើងជាក្រុមហ៊ុនបើកចំហ មានតម្លាភាព បានទទួលការគាំទ្រ និងមានការចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក"។ ហើយយើងបានបង្កើតប្រព័ន្ធសុវត្ថិភាពដែលមានស្តង់ដារខ្ពស់មួយ ដែលមានតែក្រុមហ៊ុនតែប៉ុន្មានប៉ុណ្ណោះដែលអាចធ្វើបាន។ សម្រាប់ Huawei ការដាក់កំហិតដែលបានចែងនៅក្នុង NDAA គឺបានរារាំងក្រុមហ៊ុនពីការផ្គត់ផ្គង់​បច្ចេកវិទ្យា 5G ឈានមុនគេ ដល់ប្រជាជនអាមេរិក ដែលការដាក់កំហិតនេះនឹងពន្យារពេលដល់ការដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G ហើយនិងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អដំណើរការ​បច្ចេកវិទ្យា 5G នៅសហរដ្ឋអាមេរិកទៀតផង។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់បណ្តាញសេវានៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលនៅអាមេរិក នឹងត្រូវបង្ខំឲ្យជ្រើសរើសរវាងជំនួយផ្នែកហរិញ្ញវត្ថុរបស់រដ្ឋាភិបាល និងផលិតផលដែលមានគុណភាពខ្ពស់តែមានតម្លៃសមរម្យ។ សកម្មភាពនេះ នឹងធ្វើឲ្យរាំងស្ទះដល់ដំណើរការក្នុងការធ្វើឲ្យបណ្តាញសេវាកាន់តែល្អប្រសើរ ក៏ដូចជាការពង្រីកវិសាលភាពនៃបច្ចេកវិទ្យាឌីជីថល។ កាន់តែអាក្រក់ជាងនេះទៅទៀត ការដាក់កំហិតទាំងនេះលើក្រុមហ៊ុន Huawei នឹងធ្វើឲ្យការប្រកួតប្រជែងកាន់តែមានភាពតានតឹង ដែលធ្វើឲ្យប្រជាជនអាមេរិចត្រូវចំណាយកាន់តែច្រើនលើផលិតផលដែលមិនសូវមានគុណភាពខ្ពស់។ ការប៉ាន់ស្មានពីប្រភពជាច្រើននៅក្នុងឧស្សាហកម្មនេះ​​ បានបង្ហាញថា ការអនុញ្ញាតឲ្យ Huawei ហក់ចូលក្នុងការប្រកួតប្រជែង នឹងអាចកាត់បន្ថយតម្លៃក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែពី​ 15% ទៅ 40%ឯណោះ។ នេះអាចជួយអាមេរិកខាងជើងសន្សំការចំណាយ​បានយ៉ាងហោចណាស់ក៏ 20 ពាន់លានដុល្លាដែរនៅក្នុងរយៈពេលបួនឆ្នាំខាងមុខ។​ លោក Guo Ping បានបន្ថែមទៀតថា "ប្រសិនបើច្បាប់នេះត្រូវបានគេច្រានចោល ក្រុមហ៊ុន Huawei អាចនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខកាន់តែច្រើនទៅកាន់អាមេរិក ​និងជួយកសាងបណ្តាញសេវា​ 5G បានយ៉ាងល្អជាទីបំផុត។ ក្រុមហ៊ុន Huawei មានបំណងចង់ជួយដោះស្រាយរាល់ការព្រួយបារម្ភទាំង​ឡាយរបស់រដ្ឋាភិបាលលើបញ្ហាសន្តិសុខ។ ការលើកលែងលើបម្រាមដែលមាននៅក្នុង NDAAនឹងធ្វើឲ្យរដ្ឋាភិបាលអាមេរិកងាយស្រួលក្នុងការធ្វើការជាមួយ Huawei និងដើម្បីដោះស្រាយបញ្ហាសន្តិសុខដ៏ពិតប្រាកដ។ https://youtu.be/7X72zN3E-pQ
X
5s