អាកាសចរស៊ីវិលកម្ពុជា៖ ទីតាំងទាំងនេះ ហាមដាច់ខាតចំពោះការបង្ហោះដ្រូន​



អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានសាលារាជធានីភ្នំពេញ និងស្ថាបនពាក់ព័ន្ធ ហាមផ្តាច់មិនអោយមានការបង្ហោះដ្រូនជាដាច់ខាត ដើម្បីរក្សាភាពឯកជន។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យដឹងថា ការប្រើប្រាស់ដ្រូនជារឿងមួយថ្មីដែលកម្ពុជាត្រូវគិតគូររៀបចំច្បាប់ពី ប្រទេសដទៃដើម្បីឈានទៅគ្រប់គ្រងឱ្យបានត្រឹមត្រូវបំផុត។ «ដ្រូនគឺជារឿងថ្មីមួយទៀត យើងកំពុងតែរៀបចំបទបញ្ញត្តិសិក្សាស្តីពីការគ្រប់គ្រងឬធ្វើនិយ័តកម្មរឿងដ្រូននឹង យើងកំពុងធ្វើហើយ ប៉ុន្តែទាមទារពេលវេលា»។ អំឡុងស្ថាប័នជំនាញកំពុងសិក្សានិងរៀបចំច្បាប់ស្តីពីការគ្រប់គ្រងដ្រូននេះ អាកាសចរណ៍ស៊ីវិលបានណែនាំបន្ថែមទៅអ្នកនាំចូលនិងអ្នកប្រើប្រាស់ដ្រូនកុំឱ្យបង្ហោះនៅជុំវិញតំបន់ហាមឃាត់ដូចជា ព្រលានយន្តហោះ ជុំវិញព្រះបរមរាជវាំង ផ្ទះនាយករដ្ឋមន្ត្រី និងតំបន់យោធា។

ប៉ុន្តែការហាមប្រាមមួយចំនួនទៀត ជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ដោយអាកាសចរណ៍ស៊ីវិលមិនលូកលាន់ទេ។ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា ការគ្រប់គ្រងដ្រូនជាបញ្ហាស្មុគស្មាញបំផុតដែលត្រូវដកស្រង់បទពិសោធន៍ពីប្រទេសរីកចម្រើនមួយចំនួនដើម្បីគ្រប់គ្រងដ្រូនឱ្យបានហ្មត់ចត់បំផុតនៅថ្ងៃអនាគត។ ពាក់ព័ន្ធរឿងបង្ហោះដ្រូននេះ លោកមេធាវី ឌឹម សុខហេង ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាកិច្ចការអន្តរជាតិ(CIA)បានបកស្រាយថា បើសិនជាអ្នកបង្ហោះនោះប្រព្រឹត្តិនៅតំបន់ហាមឃាត់មានចេតនាធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់របស់ជាតិ ជននោះនឹងត្រូវជាប់ទោសព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយលោកមេធាវីរូបនេះបានបញ្ជាក់ថា ការបង្ហោះសម្រាប់ថតការដ្ឋានសំណង់ឬកម្មវិធីអ្វីមួយនោះម្ចាស់ដ្រូនត្រូវជូនដំណឹងទៅអាជ្ញាធរសិនមុននឹងបង្ហោះ បើអាជ្ញាធរអនុញ្ញាតហើយ ការបង្ហោះដ្រូននោះមិនមានទោសពៃអ្វីនោះទេ។ លោកមេធាវីបានរំឭកថា ទីស្តីការគណៈរដ្ឋមន្ត្រីធ្លាប់បានចេញសេចក្តីប្រកាសស្តីពីបម្រាមនៃការបង្ហោះដ្រូននេះនិងបានបញ្ជូនសេចក្តីប្រកាសនេះទៅតាមសាលារាជធានីខេត្តនិងអាជ្ញាធរតំបន់ដែលបានហាមឃាត់រួចរាល់អស់ហើយ។ ដូច្នេះពលរដ្ឋគួរពិនិត្យមើលឱ្យបានច្បាល់មុននឹងបង្ហោះដ្រូននៅតំបន់ណាមួយ ជៀសវាងការប៉ះពាលដល់ការសម្ងាត់របស់ជាតិ៕

ដោយ៖ ស្រីពេជ្រ

X
5s