សហស្ថាបនិក​ក្រុម​មាគ៌ា​ឆ្ពោះ​ទៅ​អនាគតកញ្ញា ចាន់ ស្រីហ៊ុច​៖ ពួក​យើង​មិន​ចង់​ឲ្យ​យុវជន​បាន​ត្រឹម​តែLike និងShare​នៅ​ពេល​បាត់​បង់​វីរសិល្បៈករ​ជើង​ចាស់នោះ​ទេ​



កញ្ញា​ ចាន់ ស្រីហ៊ុច សហស្ថាបនិក​នៃ​ក្រុម​មាគ៌ា​ឆ្នោះ​ទៅ​អនាគត​ឬ​ហៅ​កាត់​ថាA2F បាន​លើក​ឡើង​ថា​ យុវជន​ខ្មែរ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​បាន​យល់​ដឹង​ទេ​អំពី​ការ​លះ​បង់​របស់​សិល្បៈករ​ចាស់​ព្រឹទ្ធាចារ្យ​ ជាក់​ស្ដែង​លោក​តា ប្រាជ្ញ ឈួន នៅ​ពេល​ដែល​លោក​តា​នៅ​មាន​ជីវិត​ មិន​សូវ​មាន​​យុវជន​ណា​ចូល​រួម​ស្ដាប់​ចាប៉ី​លោក​តា​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​តា​អនិច្ចកម្ម​ទើប​ឃើញ​មាន​យុវជន​ជា​ច្រើន​នាំ​គ្នា ​Like និង Share នៅ​តាម​បណ្ដាញ​សង្គម ដូច្នេះ​ក្រុម​មាគ៌ា​ឆ្ពោះ​ទៅ​អនាគត​មិន​ចង់​ឃើញ​យុវជន​នៅ​តែ​បន្ត​បង្ហាញ​ទម្លាប់​បែប​នេះ​ឡើយ។

សហស្ថាបនិក​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា ដោយ​សារ​តែ​មិន​ចង់​ឃើញ​យុវជន​នៅ​តែ​បន្ត​សកម្ម​ភាព​បែប​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ទើប​ក្រុម​មាគ៌ា​ឆ្ពោះ​ទៅ​អនាគត​បាន​រួម​គ្នា​បង្កើត​កម្មវិធី «មាគ៌ាបញ្ញាវន្ត» ឡើង​ដើម្បី​លើក​កម្ពស់​វីរសិល្បៈករ​ចាស់​ព្រឹទ្ធាចារ្យ។ បន្ថែម​ពី​លើ​មូល​ហេតុ​សំខាន់​មួយ​នេះ កញ្ញា​ក៏​បាន​លើក​ឡើង​នៅ​មូល​ហេតុ​ចម្បង​ពីរ​បន្ថែម​ទៀត​នៃ​កម្មវិធី​សិក្ខា​សាលា​នេះ​គឺ​ទី​មួយ ការ​ចែក​រំលែក​នូវ​បំណិន​ជីវិត​ផ្សារ​ភ្ជាប់​និង​ជំនាញ​។

កញ្ញា ចាន់ ស្រីហុ៊ច ក៏បានបន្តទៀត​ថា​ ចំណុច​នេះ​គឺ​ជា​ការ​បង្ហាញ​និង​បើក​បេះ​ដូង​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​អំពី​ដំណើរ​នៃ​ជីវិត​របស់​គាត់ ក៏​ដូច​ជា​តម្លៃ​នៃ​ការ​ងារ​របស់​ពួកគាត់​។ ចំណុច​មួយ​ទៀត​គឺ​យុវជន​និង​ទទួល​បាន​នូវ​បទពិសោធន៍​ជីវិត​ល្អៗ​ពី​វាគ្មិន​សម្រាប់​ជា​ជំនួយ​ដល់​ការ​ពិចារណា​របស់​ពួកគាត់​ និង​ជា​ផ្លូវ​សម្រាប់​ពួកគាត់​អាច​យក​មក​ប្រើ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់​ដើម្បី​ស្វែង​រក​គោល​ដៅ​ពិត​ប្រាកដ​នៃ​ជីវិត​របស់​ខ្លួន។

ក្នុង​ទឹក​មុខ​ញញឹម​សហស្ថាបនិក​វ័យក្មេង​រូប​នេះ​បាន​ប្រាប់​ថា ការ​រំពឹង​ទុក​សម្រាប់​អ្នក​ចូល​រួម​នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​គឺ​ពួក​យើង​សង្ឃឹម​ថា​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ច្រើន​កុះករ ប៉ុន្តែ​ជាក់​ស្ដែង​អ្វី​ដែល​យើង​ទទួល​បាន​គឺ​មិន​ត្រឹម​តែ​មាន​អ្នក​ចូល​រួម​ច្រើន​កុះករ​ទេ ប៉ុន្តែ​ថែម​ទាំង​អត់​មាន​កៅ​អី​អង្គុយ​ថែម​ទៀត​ ដែល​នេះ​គឺ​ហួស​ពី​អ្វី​ដែល​ពួកយើង​រំពឹង​ទុក​ទៅ​ទៀត​ ព្រោះ​ថា​អ្នក​ចូល​រួម​បើ​ទោះ​ជា​គ្មាន​កៅអី​ក៏​គាត់​នៅ​តែ​បន្ត​ទិញ​សំបុត្រ​ចូល​រួម​ដែរ៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

X
5s