មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើបតម្លៃ២០០លានដុល្លារ កំពុងចាប់ផ្តើមសាងសង់ នៅតំបន់បឹងស្នោរ​



អគារមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនិងលំនៅដ្ឋានដ៏ទំនើប ទាន់សម័យ កម្ពស់ ៣៨ជាន់ ដែលមានតម្លៃរហូត២០០លានដុល្លារសហរដ្ឋអាមេរិក នឹងផុសរូបរាងឡើងនៅក្នុងតំបន់បឹងស្នោរក្បែរផ្លូវជាតិលេខ ១ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។ 

នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ អគារពាណិជ្ជកម្មចម្រុះ One Central Tower ដែលមានកម្ពស់៣៨ជាន់ នៅលើផ្ទៃដី ២៤,០០០ម៉ែត្រការ៉េ ក្នុងទំហំទឹកប្រាក់ វិនិយោគ២០០លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានចាប់ផ្តើមសម្ពោធ បុកគ្រឹះចាប់ផ្តើមធ្វើ ការសាងសង់ហើយ។ 

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន B.I.C Group លោក យឹម ល័ក្ខណ៍ បានមានប្រសាសន៍ថា ៖ «ការរៀបចំពិធីបញ្ចុះបឋមសិលានៅព្រឹកនេះ គឺជាការចាប់ផ្តើមសាងសង់នូវគម្រោងអចលនទ្រព្យដំបូងបង្អស់របស់ B.I.C Group នៅក្នុងរាជធានីភ្នំពេញ។ សម្រាប់ការសាងសង់ One Central ដែលមានរយៈពេល ២ ឆ្នាំកន្លះ ក្នុងទឹកប្រាក់វិនិយោគដំបូងរហូតដល់ទៅ ២០០ លានដុល្លារអាមេរិក។ នេះគឺជាជំហានដំបូងនៃការអភិវឌ្ឍជាច្រើន ដើម្បីអភិវឌ្ឍតំបន់បឹងស្នោ ឱ្យទៅជាតំបន់សេដ្ឋកិច្ចលូតលាស់ថ្មីមួយទៀតដែលផ្តល់នូវការរស់នៅ ការងារ និងការកម្សាន្ត ដ៏ទំនើបសម្បូរបែបលំដាប់ពិភពលោក។ 

One Central គឺជាការរួមបញ្ចូលគ្នានូវការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ និងជាតំបន់ធម្មជាតិបៃតង នៅក្នុងទំហំដីប្រមាណ ២៤,០០០ ម៉ែត្រការ៉េ»។ One Central Tower មានចំនួន៥អាគារ ដែលក្នុងនោះ អាគារចំនួន៤ នឹងដើរតួជា មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ រួមមានអាគារការិយាល័យ ផ្សារទំនើប មន្ទីរពេទ្យទំនើប ភោជនីយដ្ឋានជាដើម ហើយអគារចំនួន១ ជាប្រភេទលំនៅដ្ឋានសហកម្មសិទ្ធិដ៏ទាន់សម័យ ។ 

អគ្គនាយកប្រតិបត្តិក្រុមហ៊ុន B.I.C Groupលោក យឹម ល័ក្ខណ៍ បានមានប្រសាសន៍បញ្ជាក់ទៀតថា ៖ «ក្រុមហ៊ុនយើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរៀបចំកម្មវិធីបញ្ចុះបឋមសិលានាព្រឹកនេះ ដើម្បីជាការ បង្ហាញថាយើងចាប់ផ្តើម ការសាងសង់ One Centralតាមផែនការអភិវឌ្ឍរបស់យើង ដែលជាការចាប់ផ្តើម អភិវឌ្ឍតំបន់សក្តានុពលដ៏ខ្លាំងក្លាមួយទៀត និងចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ យើងចង់ក្លាយជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុង ដែលអាចបង្កើតតំបន់សេដ្ឋកិច្ចថ្មី លំដាប់ ពិភពលោក ជាមួយនឹងការទាក់ទាញការវិនិយោគធំៗលើការរស់នៅ និងការធ្វើពាណិជ្ជកម្មធំៗ។ ចាប់តាំងពីដំណាក់កាលដំបូងនៃការរៀបចំផែនការ ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នូវការធានាមួយដែលត្រូវតែអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ សេដ្ឋកិច្ច ដ៏មានសក្តានុពលខ្លាំងក្លារួមជាមួយការផ្តល់នូវបរិស្ថានរស់នៅល្អបំផុតដល់ប្រជាពលរដ្ឋ»។ 

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានបង្ហាញពីការសាទរចំពោះវត្តមានថ្មីនៃអគារពាណិជ្ជកម្មចំរុះមួយនេះ ដោយលោក បាន មានប្រសាសន៍ថា ៖ «វាជារឿងល្អចំពោះការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើវិស័យសំណង់ទំនើបៗ។ បច្ចុប្បន្ននេះ ចំពោះតំបន់បឹងស្នោរ បាននិងកំពុងតែមានភាពទាក់ទាញខ្លាំង ដោយសារតែវានៅមិនឆ្ងាយពីក្រុង ហើយមានលំហូរនៃចំនួនប្រជាសាស្ត្រដែលកម្រិតជីវភាពមធ្យម និងលើមធ្យមចូលទៅរស់នៅទីនេះច្រើន ជាពិសេសជាបណ្តុំនៃបុរី សំណង់លំនៅដ្ឋានច្រើន ហើយមិនលើសពីរយៈពេល៣ទៅ៤ឆ្នាំទៀតនោះទេ តំបន់បឹងស្នោរ នឹងកាន់តែមានភាពទាក់ទាញខ្លាំងជាងនេះទៀត»៕

ដោយ៖ ស្រីពេជ្រ

X
5s