ព្រីនស៍ រៀលអ៊ីស្ទេតគ្រុប នឹងសង់កន្ត្រកវិលខ្នាតធំកំពស់៨៨ម៉ែត្រដំបូងគេលើទឹកដីស្រុកកៀនស្វាយ​



កន្ត្រក់វិលខ្នាតធំកំពស់៨៨ម៉ែត្រដំបូងគេ នឹងលេចរូបរាងឡើងនៅលើទឹកដីស្រុកកៀនស្វាយ ស្ថិតក្នុងគម្រោងវិនិយោគមជ្ឍមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី២ របស់ក្រុមហ៊ុនចិន ព្រីនស៍ រៀលអ៊ីស្ទេត គ្រុប លើផ្ទៃដីជាង១៤ហិតា។

លោកលី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប បានឲ្យដឹងថា ក្នុងជំហានបន្ទាប់នៃការវិនិយោគទៅលើគម្រោងខ្នាតធំនៅក្នុងស្រុកកៀនស្វាយមួយនេះ ក្រុមហ៊ុន នឹងសាងសង់អោយបាននូវ  កន្ត្រក់វិលខ្នាតធំកំពស់៨៨ម៉ែត្រ ដែលអាចអោយភ្ញៀវទេសចរណ៍ដែលមកលេង នឹងអាចមើលឃើញទិដ្ឋភាពមជ្ឍមណ្ឌលកម្សាន្តនេះទាំងមូល ព្រមទាំងមើលឃើញទិដ្ឋភាពជាយទីក្រុងផងដែរ។

លោកបន្តថា បច្ចុប្បន្នមជ្ឍមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ បានបើកដំណើរការគម្រោងនេះ ក្នុងដំណើរការទី១រួចរាល់ហើយ កាលពីខែមេសា កន្លងមកនេះ ដោយបានបើកដំណើរការនូវឧទ្យានធំៗចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និងឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងផ្តល់ជូន អតិថិជនជាពិសេសនូវបទពិសោធន៍សេវាកម្ម ដ៏សម្បូបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហោល VRដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា ជាច្រើនផ្សេងទៀត។

លោកបន្តថា មជ្ឍមណ្ឌលកម្សាន្តថ្មីនេះ នឹងអាចចូលរួម ចំណែកឆ្លើយតប ទៅនឹង តម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់សំរាក ជាពិសេសទេសចរចិន ដែរកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា ព្រោះមជ្ឍមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែប អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូលើជញ្ជាំងប្រវែង១គីឡូ ដែលជា គំនូជញ្ជំង ដ៏វែង ជាង គេ នៅក្នុងតំបន់អាស៊ីផងដែរ។

លោកបានគូសបញ្ជាក់ថា ក្រៅពីការអភិវឌ្ឍន៍គម្រោងនេះ  ក្រុមហ៊ុនក៏បានមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមផងដែរ ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវស្ថេរភាពនយោបាយ ក្នុងស្រុក ។ ដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ទើបក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគអោយបាន២០ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយផ្តោតសំខាន់ទៅលើខេត្តព្រះសីហនុ  ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុង បណ្ដាក់ទុនវិនិយោគបន្ថែម ។ 

គួរបញ្ជាក់ផងដែរថា ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប គឺជាក្រុមហ៊ុនវិនិយោគរបស់ចិនដ៏ធំមួយនៅកម្ពុជា ដែលបានវិនិយោគលើគម្រោងខ្នាតធំៗជាច្រើននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ហើយរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បាន វិនិយោគទុនសរុបជាង១២០០លានដុល្លារអាមេរិកលើវិស័យអចលនទ្រព្យនៅកម្ពុជា៕

ដោយ៖ ស្រីពេជ្រ

X
5s