KW Cambodia ទទួលបានសិទ្ធផ្ដាច់មុខ២ឆ្នាំក្នុងការទិញលក់គម្រោង Urban Village សម្រាប់ភ្ញៀវថៃ-វៀតណាម​



ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា-អាមេរិក KW Cambodia ចុះកិច្ចសន្យាផ្តាច់មុខរយៈពេល២ឆ្នាំ ដើម្បីនាំអ្នកមានថៃ និងវៀតណាម មកទិញគម្រោង Urban Village និងនាំអ្នកមានខ្មែរទៅទិញអចលនទ្រព្យនៅថៃ និងវៀតណាមវិញ។

ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី របស់អាមេរិកនៅកម្ពុជា Keller Williams Cambodia (KW-កម្ពុជា) បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Urban Village Phnom Penh លក់គម្រោងខុនដូនៅប្រទេសកម្ពុជា ដោយលក់ផ្ដាច់មុខ សម្រាប់អ្នកទិញដែលកាន់លិខិតឆ្លងដែនថៃ និងវៀតណាម។

ក្នុងពិធីចុះ MoU នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា ការសហការគ្នារវាង KW-កម្ពុជា និង Urban Village គឺដើម្បីលក់គម្រោងខុនដូ Urban Village ទៅដល់អ្នកប្រើប្រាស់លិខិតឆ្លងដែនថៃ និងវៀតណាម ឬជនជាតិវៀតណាម និងជនជាតិថៃ។ Urban Village ជាគម្រោងស្ថិតនៅលើទីតាំងដ៏ល្អ លើផ្លូវជាតិលេខ២ និងខាងក្រោយជាប់ផ្លូវ៦០ម៉ែត្រ។

លោកបណ្ឌិតបានបន្ដថា «ជាក់ស្ដែងសម្រាប់ថ្ងៃនេះក្រុមហ៊ុន KW-កម្ពុជា បានចុះហត្ថលេខាលក់ផ្ដាច់មុខ គម្រោងខុនដូ Urban Village រយៈពេល២ឆ្នាំដោយលក់ ដល់អ្នកទិញដែលប្រើប្រាស់ប៉ាស្ព័រថៃ និងវៀតណាមមានន័យថា ពីពេលនេះរហូតដល់២ឆ្នាំខាងមុខអ្នកណាក៏ដោយ ឲ្យតែប្រើប្រាស់ប៉ាស្ព័រថៃ និងវៀតណាម ជាភ្ញៀវរបស់ KW-កម្ពុជា»។

លោកបណ្ឌិតបន្ដថា ការសហការគ្នាបែបនេះ គឺដើម្បីផ្សព្វផ្សាយពីគម្រោងអចលនទ្រព្យនៅកម្ពុជា ទៅដល់បណ្ដាប្រទេសជិតៗខាង ខណៈបច្ចុប្បន្ននេះ KW-កម្ពុជាមានដៃគូរសហការនៅវៀតណាម, ថៃ និងកម្ពុជា។

លោកបណ្ឌិតបញ្ជាក់ថា បច្ចុប្បន្ននេះ KW-កម្ពុជា បានសហការជាមួយគម្រោង៥នៅកម្ពុជា និងបន្ដសហការជាមួយក្រុមហ៊ុនអចលនទ្រព្យផ្សេងៗបន្ដបន្ទាប់ទៀត។

លោក Ben Li បានឲ្យដឹងថា ការសម្រេចចិត្តសហការជាមួយនឹង KW-កម្ពុជា ព្រោះជឿជាក់លើ KW ដែលជាក្រុមហ៊ុនដ៏ធំនៅនៅសហរដ្ឋអាមេរិក និងជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេ ដោយមានសមាជិក២១ម៉ឺននាក់ និងមានប្រតិបត្តិការ៤១ប្រទេសនៅលើពិភពលោក។

លោកបានបង្ហាញក្ដីសង្ឃឹមថា ការសហការគ្នារវាងKW-កម្ពុជា និងក្រុមហ៊ុន Urban Village នេះនឹងទទួលបានជោគជ័យ និងការគាំទ្រច្រើនពីអតិថិជន ដោយទីផ្សារបន្ទាប់របស់ KW Cambodia គឺការទិញលក់អចលនទ្រព្យ ជាមួយម៉ាឡេស៊ី សិង្ហបុរី កូរ៉េ ជប៉ុន ចិន ហុងកុង អូស្រ្តាលី អឺរ៉ុប និងអាមេរិកជាដើម៕

ដោយ៖ ស្រីពេជ្រ

X
5s