ទីតាំងអគារស្នូលសម្រាប់អភវិឌ្ឍអលចនទ្រព្យក្នុងតំបន់របស់ ព្រីនស៍ នឹងបើកដំណើរការជាផ្លូវការនាចុងខែនេះ​



ភ្នំពេញ៖ ក្រោយប្រកាសពីការពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនជាមួយនឹងទុនបំរុងបន្ថែមយ៉ាងតិច ២០ ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុនអចលនទ្រព្យយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្រកាសនឹងបើកដំណើរការទីតាំងអគារស្នូល  សម្រាប់ការអភវិឌ្ឍអលចនទ្រព្យក្នុងតំបន់ ជាផ្លូវការនាចុងខែនេះ ក្រោយជ្រើសយកប្រទេសកម្ពុជា ធ្វើជាទីតាំងយុទ្ធសាស្រ្តស្នូល ។ 

លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ក្រុមហ៊ុននឹងយកប្រទេសកម្ពុជាជាទីតាំងយុទ្ធសាស្ត្រស្នូលក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ដោយក្រុមហ៊ុននឹងបន្តបណ្តាក់ទុនយ៉ាងតិចចំនួន ២0 ពាន់លានដុល្លារអាមេរិកបន្ថែម ដើម្បីពង្រីកវិសាលភាពក្រុមហ៊ុន ទៅកាន់ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ហើយនឹងក្លាយខ្លួនទៅជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនខ្នាតអន្តរជាតិ ដែលមានឥទ្ធិពលជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈលោកមើលឃើញថា កម្ពុជា ជាប្រទេសមួយស្ថិតនៅចំកណ្ដាលនៃប្រទេសជាសមាជិកអាស៊ាន។

លោកបន្ថែមថា វត្តមានរយៈពេលបួនឆ្នាំ ក្នុងប្រទេសកម្ពុជា  ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានស្ថាប័ន និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៣០ ក្រុមហ៊ុន ដែលបានវិនិយោគទុនជាទឹប្រាក់សរុបលើសពី ៤ពាន់លានដុល្លារអាមេរិក និងមានដីបម្រុងសរុបជាង ១០ លាន ម៉ែត្រការ៉េសម្រាប់ធ្វើការអភិវឌ្ឍ ដែលស្មើនឹងទំហំគម្រោងអភិវឌ្ឍន៍សរុបចំនួន ១៥ លាន ម៉ែត្រការ៉េ។

លោកបន្ថែមថា ដើម្បីបង្កភាពងាយស្រួល និងទំនុកចិត្ត លើការវិនិយោគនៅកម្ពុជា ក្រុមហ៊ុន បានសាងសង់អគារទីស្នាក់ការកណ្តាលរួមមួយរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ដើម្បី ប្រមូលផ្តុំក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់របស់ខ្លួនទាំងអស់ក្នុងប្រទេសកម្ពុជា អាចធ្វើការជារួមជុំគ្នានៅទីតាំងតែមួយដោយអគារទាំងមូលបានប្រើប្រាស់រចនាបថបែបថ្មីទំនើប ដោយរួមបញ្ចូលគ្នា ជាមួយនិងការិយាល័យលក្ខណៈអេកូឡូស៊ី និងសន្សំសំចៃថាមពល ដែលជាកាត់បន្ថយការបំពុលបរិស្ថាន។

គម្រោងអគារទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុបនេះ ស្ថិតក្រោម ការវិនិយោគពី ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប  និងទទួលការសាងសង់ដោយ ក្រុមហ៊ុន ឆាយណា ខនស្ទ្រាក់សិន នៅលើផ្ទៃដីសរុបទំហំ ៥ពាន់៥រយម៉ែត្រការ៉េ កម្ពស់៥ជាន់ ស្ថិតក្នុងទីតាំងកោះពេជ្រ ដោយនឹងអាចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាចុងខែឧសភា ឆ្នាំ2019ខាងមុខនេះ។

គួរបញ្ជាក់ថា រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន បាន បោះទុនវិនិយោគសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយ ក្នុងនោះ គម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ៕

ដោយ៖ ស្រីពេជ្រ

X
5s