សុភាសិតម៉ិកស៊ិក៖ «ការរៀនចេះជិះតែម្យ៉ាងនៅមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវចេះរៀនដួលផងដែរ។»​



អត្ថន័យនៃរូបភាពគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗជាអ្នកបកស្រាយ។ ហេតុការណ៍ទាំងឡាយដែលកើតឡើងនៅក្នុងជីវិតក៏អាស្រ័យទៅលើវ៉ែនតាដែលបុគ្គលម្នាក់ៗបានពាក់សម្រាប់សម្លឹងមើលវាដែរ។ មនុស្សភាគច្រើនមើលឃើញថាការបរាជ័យគឺជាអកុសល ជារឿងអវិជ្ជមាន តែអ្វីៗគឺអាស្រ័យទៅលើវ៉ែនតាដែលអ្នកបានពាក់សម្រាប់យកមកសម្លឹងមើលទៅលើស្ថានការណ៍ដែលបានកើតឡើងនោះទេ។

រឿងល្អអាចប្រែជារឿងអាក្រក់ ឯរឿងអាក្រក់អាចប្រែមកជារឿងល្អបាន។ រឿងអាក្រក់បង្កប់នៅក្នុងរឿងល្អ ឯរឿងល្អបង្កប់នៅក្នុងរឿងអាក្រក់។ តាមពិតទៅរឿងល្អនិងរឿងអាក្រក់ចេញមកពីឫសគល់តែមួយនោះទេ។ សុភាសិតមួយរបស់ជនជាតិម៉ិកស៊ីកូបានពោលថា «ការរៀនចេះជិះតែម្យ៉ាងនៅមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវចេះរៀនដួលផងដែរ។» នេះគឺជាសុភាសិតមួយឃ្លាដែលមានអត្ថន័យជ្រាលជ្រៅជាខ្លាំង។

ផ្អែកទៅលើបទពិសោធន៍បរាជ័យ អ្នកនឹងរៀនសូត្របាននូវមេរៀនដ៏មានតម្លៃជាច្រើនដែលអ្នកអាចមិនធ្លាប់នឹកស្មានដល់ច្រើនជាងបទពិសោធន៍ពីភាពជោគជ័យ។ មនុស្សដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ជូរចត់ ធ្លាប់ដើរដួលជាច្រើនដងនៅក្នុងជីវិត ធ្លាប់ធ្លាក់ដល់ទីបាតបំផុតនៃជីវិត ពួកគេច្រើនតែមានការយល់ដឹងស៊ីជម្រៅអំពីជីវិត ហើយចិត្តគំនិត និងអត្តចរិតរបស់ពួកគេត្រូវបានហាត់ពត់លត់ដំឲ្យក្លាយជាមនុស្សរឹងមាំ និងមិនចុះញ៉មនឹងការលំបាកទាំងឡាយ។ បន្ទាប់ពីពួកគេបានឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងជីវិត ពួកគេនឹងមានការយល់ឃើញខុសពីមុនទៅលើជីវិតរបស់ពួកគេនិងមនុស្សនៅជុំវិញខ្លួន។ ពួកគេឲ្យតម្លៃទៅលើសេចក្ដីសុខតិចតួចនៅក្នុងជីវិត និងចេះយល់ពីទុក្ខលំបាករបស់អ្នកដទៃ។

ដូចមានអ្នកច្នៃប្រឌិតលោក ថូម៉ាស់ អេឌីសាន់ ជាឧទាហរណ៍ជាក់ស្ដែង។ បើសិនជាគាត់មិនបានបរាជ័យជាច្រើនដងនោះទេ នោះគាត់ក៏គ្មានថ្ងៃអាចស្វែងរកថាតើផ្លូវណាដែលមិនអាចប្រើការបាន ផ្លូវណាដែលអាចប្រើការបាន ហើយចុងក្រោយបង្កើតបានជាអំពូលភ្លើងបានជោគជ័យនោះដែរ។

មនុស្សយើងគ្មាននរណាម្នាក់ចាប់ធ្វើអ្វីមួយភ្លាម អាចក្លាយជាអ្នកជំនាញក្នុងផ្នែកនោះភ្លាមទេ។ ម្នាក់ៗបានឆ្លងកាត់អស់រឿងរ៉ាវជាច្រើនទម្រាំតែក្លាយជាអ្នកជំនាញយល់ដឹងរឿងរាក់ជ្រៅទៅលើរឿងរ៉ាវអ្វីមួយ។ ទាល់តែធ្លាប់ខុសទើបដឹងថាត្រូវយ៉ាងម៉េច បើមិនធ្លាប់ខុសទេតើអ្នកនឹងដឹងអ្វីត្រូវយ៉ាងដូចម្ដេចកើត។ ប៉ុន្តែ ពិតណាស់ថាវាគឺជារឿងល្អដែលមានពេលខ្លះមានមនុស្សដែលធ្លាប់ដឹងខុសជាអ្វីហើយត្រូវជាអ្វីហើយមកប្រាប់អ្នកអំពីផ្លូវត្រូវនិងផ្លូវខុស ប៉ុន្តែក្នុងពេលជាមួយគ្នានោះវាក៏ជាការល្អដែរបើសិនជាអ្នកធ្វើការពិសោធន៍មើលវាដោយខ្លួនឯងថាតើខុសជាអ្វីហើយត្រូវជាអ្វី ព្រោះជួនកាលអ្នកអាចរៀនសូត្របានអ្វីដែលមានខ្លឹមសារស៊ីជម្រៅបន្ថែមលើសពីអ្វីដែលគេបានណែនាំប្រាប់អ្នក។

សរុបមកអ្វីដែលអ្នកត្រូវចងចាំក្នុងចិត្តមិនថាមានភាពជោគជ័យឬភាពបរាជ័យកើតឡើងក៏ដោយគឺ ល្អនិងអាក្រក់តែងនៅជាមួយគ្នាជានិច្ច។ មួយអាចផ្លាស់ប្ដូរប្រែជាមួយទៀតបានគ្រប់ពេល៕

ដោយ៖ ស្រីពៅ

 

X
5s