អាណាព្យាបាលស្ថិតក្នុងសមាសភាពតួអង្គទាំង៤ដ៏មានឥទ្ធិពលជួយឱ្យគុណភាពនិស្សិតទទួលបានលទ្ធផលល្អ​



វិទ្យាស្ថានស៊ីអ៊ីអូចាត់ទុកអាណាព្យាបាលនិស្សិតជាគ្រូបង្វឹកមួយដ៏មានឥទ្ធិពលក្នុងចំណោមសមាសភាពគ្រូបង្វឹកផ្សេងទៀតរួមមាននិយោកជក សាស្រ្ដាចារ្យ និងថ្នាក់ដឹកនាំវិទ្យាស្ថានដែលបានចូលរួមកែច្នៃគុណភាពជីវិតរបស់ពួកគេឱ្យទទួលបានលទ្ធផលល្អទាំងការសិក្សានិងការងារ។

ក្នុងជំនួបសំណេះសំណាលរវាងអាណាព្យាបាលនិស្សិតជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានស៊ីអ៊ីអូនាថ្ងៃទី២៨ ឧសភា កន្លងទៅនេះ លោកបណ្ឌិត អោម សេង បូរ៉ា ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស៊ីអ៊ីអូ កោតសរសើនិងមានមោទកភាពចំពោះទឹកចិត្តអាណាព្យាបាលទាំងអស់ដែលបានចូលរួមចំណែកកសាងគុណភាពធនធានមនុស្ស និងផ្តល់ទំនុកចិត្តចំពោះវិទ្យាស្ថានស៊ីអ៊ីអូបានបញ្ជូនកូនឱ្យបន្តការសិក្សានៅទីនេះ។ លោកទទួលស្គាល់ថាការទំនុកបម្រុងផ្នែកហិរញ្ញវត្ថុលើការសិក្សារបស់កូនគឺជាកាតព្វកិច្ចរបស់អាណាព្យាបាលគ្រប់រូប ហើយអ្វីដែលពិសេសជាងនេះទៅទៀតគឺការចូលរួមក្រើនរំឮក ណែនាំ ជម្រុញលើកទឹកចិត្ត ត្រួតពិនិត្យតាមដាន និងវាយតម្លៃពីអាណាព្យាបាល​លើលទ្ធផលសិក្សារបស់កូនគឺពិតជាបានចូលរួមពង្រឹងគុណភាពអប់រំរបស់ពួកគេ។

ក្នុងនាមជាអាណាព្យាបាលទី២លើការបង្វឹកនិស្សិតឱ្យមានគុណភាពនៅក្នុងអាជីពការងារ និងក្លាយទៅជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព លោកបណ្ឌិតបានកំណត់យកសមាសភាពតួអង្គ៤ រួមមានអាណាព្យាបាល និយោជក សាស្រ្ដាចារ្យ និងថ្នាក់ដឹកនាំវិទ្យាស្ថានជាគ្រូបង្វឹកដ៏សំខាន់ក្នុងការ​ជួយ​តម្រង់ផ្លូវនិស្សិត លើកទឹកចិត្តនិស្សិត បង្វឹកនិស្សិត ផ្តល់ឱកាសដល់និស្សិត កែតម្រូវនិស្សិត និងជួយនិស្សិតឱ្យ​ទទួលបានភាពជោគជ័យ​ឆាប់រហ័ស។

ការចាត់ទុកអាណាព្យាបាលជាសមាសភាព១ក្នុងចំណោមតួអង្គទាំង៤ខាងលើនេះ ទទួលបានការគាំទ្រនិងកោតសសើរពីអាណាព្យាបាលនិស្សិត។ លោកអ៊ុំ ម៉ាច ម៉ុយ ត្រូវជាឪពុកបង្កើតរបស់និស្សិត ម៉ុយ ប៊ុនលាប មានភាពកក់ក្ដៅចំពោះវិទ្យាស្ថានដែលបានរៀបចំកម្មវិធីសិក្សាបែបនេះនិងពេញចិត្តចំពោះការរាយការណ៍ព័ត៌មានភ្លាមៗនៅពេលកូនរបស់គាត់អវត្តមាន ឬមានបញ្ហាសុខភាពក្នុងម៉ោងសិក្សានាពេលកន្លងមក។

នៅក្នុងជំនួបលើកទី២នេះមានអាណាព្យាបាលនិស្សិតជំនាន់ទី៤ចំនួន៣០នាក់បានចូលរួម ខណៈដែលជំនួបលើកទី១មានអាណាព្យាបាលនិស្សិតជំនាន់ទី៣ចំនួន២៩នាក់ចូលរួម ហើយជំនួបលើកទី៣នឹងប្រព្រឹត្តិទៅនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។ ក្រៅពីការជួបជុំជាមួយអាណាព្យាបាល វិទ្យាស្ថានស៊ីអ៊ីអូក៏មានរៀបចំការជួបជុំសាស្រ្ដាចារ្យ​ និងនិយោជកផងដែរ ដើម្បីអនុវត្តទៅតាមកម្មវីធីសិក្សាដែលបានកំណត់។

វិទ្យាស្ថានស៊ីអ៊ីអូគឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុង​ការបង្វឹក​អ្នកដឹកនាំធុរកិច្ចកំពូល អ្នកអាជីព និងយុវជនឱ្យមានគុណភាពខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរឹងមាំនិងប្រទេសកម្ពុជាក្លាយជាប្រទេសអ្នកមានបានឆាប់រហ័ស៕

X
5s