ក្រុមហ៊ុន​ Google ប្រាប់​ថា ​​ចៅហ្វាយ​ល្អ​បំផុត​លើ​លោក​​ធ្វើ​រឿង ១០​នេះ ធ្វើការ​ជាមួយ​ទៅ​មិន​ខុស​ទេ!​



អស់​រយៈពេល ១០ ឆ្នាំ ក្រុមហ៊ុន Google បាន​ស្រាវជ្រាវ​លើ​ប្រធានបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា "Project Oxygen”។ គោលដៅ​សំខាន់​នៃ​គម្រោង​នេះ​ គឺ​ដើម្បី​​ស្វែងរក​ឲ្យ​ឃើញ​​ថា តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ដ៏​ល្អ​ម្នាក់។ ជា​លទ្ធផល​ក្រុមហ៊ុន​នេះ​បាន​ចម្លើយ​ពិតប្រាកដ​ជា​ច្រើន ហើយ​ចម្លើយ​ដែល​សុក្រឹត​បំផុត​ខ្លួន​ទទួល​បាន​គឺ​ថា អ្នកដឹកនាំ​ឬ ចៅហ្វាយ​ល្អ​ម្នាក់ ត្រូវ​មាន​បុគ្គលិកលក្ខណៈ ១០ ចំណុច​ខាងក្រោម​នេះ៖ 

១.ជា​គ្រូបង្វឹក​ដ៏​ល្អ​មួយ​រូប
ជា​ជាង​ដោះស្រាយ​បញ្ហា​ទាំងអស់​ភ្លាមៗ ​ អ្នក​គ្រប់គ្រង​​ល្អ​បំផុត​​មួយ​រូប​​ចេះ​​ប្រែក្លាយ​បញ្ហា​​ឲ្យ​ទៅ​ជា​ឱកាស​ដ៏​​ល្អ​មួយ​សម្រាប់​បង្រៀន​កូនចៅ​របស់​ខ្លួន​។ ពួកគេ​ដឹកនាំ​ក្រុមការងារ​របស់​ខ្លួន​​ និង​ចែករំលែក​​ចំណេះដឹង​នៅ​ពេល​​ដែល​ត្រូវការ។ នេះ​ជា​​ចំណុច​ដ៏​ពិសេស​មួយ​ អាច​អនុញ្ញាត​ឲ្យ​ក្រុមការងារ​​ទាំងមូល​ទទួល​បាន​បទពិសោធន៍​ដ៏​មាន​តម្លៃ និង​រីកចម្រើន​សម្រាប់​មនុស្ស​គ្រប់គ្នា​។ 

២.ផ្តល់​អំណាច​ដល់​ក្រុមការងារ និង​មិន​ប្រើ​​អំណាច​គ្រប់គ្រង​បែប​​រិតត្បិត​​
សាកសួរ​ទៅ​បុគ្គលិក​​​គ្រប់គ្នា​ទៅ​មើល តើ​មាន​អ្នកណា​ម្នាក់​ដែល​និយាយ​ថា ខ្លួន​ចូលចិត្ត​ការ​គ្រប់គ្រង​បែប​​រិតត្បិត ឬ​បែប​ភ្នែកម្នាស់​​នោះ? យ៉ាងណាមិញ​ ក្នុង​នាម​ជា​អ្នក​​ទទួលខុសត្រូវ​ដឹកនាំ​​ស្ថាប័ន​ចៅហ្វាយ​ដែល​គេ​ចាត់​ទុក​ថា​ អស្ចារ្យ​លុះត្រា​តែ​ចេះ​ផ្តល់​​សេរីភាព​ដល់​ក្រុម​ការងារ​ក្នុង​ការ​ស្វែងរក ឬ​បង្កើត​គំនិត​​ផ្សេងៗ​របស់​ពួកគេ​ រៀន​ប្រឈម​ទៅ​នឹង​​ហានិភ័យ និង​ការ​បង្កើត​កំហុស​ជាដើម។  នេះ​ញាំង​ឲ្យ​បរិយាកាស​ការងារ​មាន​ភាព​បត់បែន និង​ប្រកបដោយ​ភាព​​ជឿជាក់​​គ្នា​ទៅ​វិញ​ទៅ​មក​។ 

៣.​បង្ហាញ​ការ​យកចិត្ត​ទុកដាក់​លើ​ភាព​ជោគជ័យ និង​សុវត្ថិភាព​ផ្លូវចិត្ត​​របស់​ក្រុម​ការងារ​ទាំងមូល​​​
ការ​ស្រាវជ្រាវ​មួយ​របស់​​ក្រុមហ៊ុន Google បាន​រក​ឃើញ​ថា កូនសោ​ដ៏​អស្ចារ្យ​តែមួយគត់​ដែល​អាច​លើក​កម្ពស់​សមត្ថភាព​​របស់​ក្រុម​ការងារ គឺ​​ធ្វើ​ឲ្យ​បរិយាកាស​ផ្លូវចិត្ត​របស់​ពួកគេ​មាន​សុវត្ថិភាព។ ក្រុមហ៊ុន​នេះ​បាន​​ពន្យល់​ថា ភាព​សុវត្ថិភាព​នៅ​កន្លែង​នេះ​គឺ​​ចង់​សំដៅ​ថា ក្រុមការងារ​ម្នាក់ៗ​មាន​អារម្មណ៍​កក់ក្តៅ​ជាមួយ​ក្រុម​ការងារ​បើ​ទោះបី​ជា​កំពុង​ជួប​ឧបសគ្គ​ក៏ដោយ។ ​ក្រុម​ការងារ​ទាំងមូល​មាន​ទំនុកចិត្ត​ខ្ពស់​ គ្មាន​អ្នកណា​ម្នាក់​នៅ​ក្នុង​ក្រុម​អង្គុយ​ចាំ​ប៉ែង​ជើង​គ្នា ​​​រុញ​ឲ្យ​អ្នកណា​ម្នាក់​ធ្លាក់​ទឹក​នៅ​ពេល​មាន​កំហុស ឬ​យក​រួចខ្លួន​ពេល​មាន​បញ្ហា​នោះ​ឡើយ។   វ

៤.ផ្ដោត​លើ​ផលិតភាព​ការងារ​ និង​លទ្ធផល​ស្រប​តាម​គោលដៅ
អ្នក​គ្រប់គ្រង ឬ​ចៅហ្វាយ​ដ៏​ល្អ​ម្នាក់ មិនមែន​ត្រឹមតែ​ជា​មនុស្ស​ដែល​ត្រឹមតែ​ពូកែ​សម្ដែង​នោះ​ទេ ក៏ប៉ុន្តែ​ក៏​ជា​អ្នក​ដែល​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំងមូល​មាន​ការ​អភិវឌ្ឍ​កាន់តែ​ល្អ​​ប្រសើរ​ឡើង​។ អ្នកដឹកនាំ​បែប​នេះ​ដើរតួ​ជា​អ្នក​​នាំ​ផ្លូវ​អនុវត្ត​ការងារ​ មិន​ភ័យខ្លាច និង​លើកទឹកចិត្ត​ក្រុម​ការងារ​ទាំងមូល​ឲ្យ​បន្ត​អនុវត្ត​ការងារ​កាន់តែ​​​មាន​ផលិតភាព​ឆ្ពោះ​ទៅ​កាន់​ផែនការ​ដែល​បាន​កំណត់។

៥.ជា​អ្នក​ទំនាក់ទំនង អ្នក​ស្តាប់ និង​អ្នក​ចែករំលែក​ព័ត៌មាន​ដ៏​ល្អ​មួយ​រូប
អ្នក​គ្រប់គ្រង​ដ៏​ល្អ​បំផុត​ គឺ​ជា​អ្នក​ពូកែ​ស្តាប់​ដ៏​អស្ចារ្យ។ នេះ​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​​ទាំងមូល​អាច​ស្វែងយល់​ពី​​​គ្នា​កាន់តែ​ល្អ​ប្រសើរ​ឡើង និង​បង្ហាញ​ពី​ការ​យល់ចិត្ត​យល់​ថ្លើម​គ្នា​​ប្រកបដោយ​ការ​គោរព​​គ្នា​ទៅវិញទៅមក។ ក្រៅ​ពី​នេះ អ្នក​គ្រប់គ្រង​ដ៏​ល្អ​ដឹង​ថា ចំណេះដឹង​គឺ​ជា​អំណាច។ ហេតុដូច្នេះ​ហើយ​​ទើប​ពួកគេ​រីករាយ​ក្នុង​ការ​ចែករំលែក​ព័ត៌មាន ឬ​ចំណេះដឹង​ដល់​ក្រុម​ការងារ​ទាំងមូល​ដោយ​បើកចំហ។ ​​​​

៦.គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​អាជីព​ការងារ និង​ពិភាក្សា​អំពី​​ការ​អនុវត្ត​ការងារ​
ជា​ទូទៅ​​ចៅហ្វាយ​ដ៏​ល្អ​​ចេះ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​​ទាំងមូល​តាមរយៈ​​ការ​ចែករំលែក​ក្តី​ស្រលាញ់ ការ​យកចិត្ត​ទុកដាក់ ការ​សរសើរ​ពី​ស្នាដៃ​ខិតខំ​ប្រឹងប្រែង និង​ការ​គោរព​ឲ្យ​តម្លៃ​​។ ប៉ុន្តែ​​ទន្ទឹម​នឹង​នោះ អ្នកដឹកនាំ​ល្អ​ក៏​មិន​ភ័យខ្លាច​​ក្នុង​ការ​ចែក​រំលែក​មតិ​រិះគន់​នូវ​ចំណុច​ខ្វះខាត​របស់​កូនចៅ​នោះ​ដែរ​ក្នុង​ន័យ​មួយ​គឺ​ដើម្បី​ស្ថាបនា និង​ជួយ​ណែនាំ​ឲ្យ​​ពួកគេ​ធ្វើ​បាន​​កាន់តែ​ល្អ​ជាង​មុន។ ​  បន្ថែម​លើ​នេះ ពួកគេ​ក៏​ហ៊ាន​លះបង់​ការ​ចំណាយ​ផ្សេងៗ​ដើម្បី​វិនិយោគ​លើ​​ការ​បណ្តុះបណ្តាល​​ដល់​​កូនចៅ​​ឲ្យ​ទទួល​ចំណេះដឹង​ថ្មីៗ និង​សម្រេច​បាន​គោលដៅ​ជីវិត​របស់​ពួកគេ។ 

៧.មាន​ចក្ខុវិស័យ ឬ​ យុទ្ធសាស្ត្រ​ច្បាស់លាស់​សម្រាប់​ក្រុមការងារ​​ទាំងមូល​
ក្នុងនាម​ជា​​ចៅហ្វាយ​គ្រប់គ្រង​ដ៏​ល្អ​មួយ​រូប​ ខ្លួន​ត្រូវ​ដឹង​ថា តើ​ក្រុម​ការងារ​របស់​ខ្លួន​នៅ​កន្លែង​ណា​នៅ​ពេល​ឥឡូវ​នេះ? តើ​ពួកគេ​កំពុង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា? និង​ថា​តើ​ពួកគេ​​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​​អាច​ដើរ​ទៅ​ដល់​កន្លែង​នោះ? តាម​រយៈ​ការ​ទំនាក់ទំនង​ដ៏​ប៉ិនប្រសព្វ​មួយ ក្រុមការងារ​ទាំងមូល​អាច​​បោះជំហាន​ដើរ​ទៅ​មុខ​​​ឆ្ពោះ​ទៅ​កាន់​គោលដៅ​យ៉ាង​ពិតប្រាកដ។ បន្ថែម​លើ​នេះ អ្នកដឹកនាំ​​ក៏​ត្រូវ​ប្រាកដ​ថា សមាជិក​ក្រុមការងារ​ម្នាក់ៗ​ដឹង​ពី​តួនាទី និង​ភារកិច្ច​ដែល​ពួកគេ​ត្រូវ​ធ្វើ​រៀងៗ​ខ្លួន​​ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ដែល​មាន​ស្រាប់។ ​

៨.មាន​ជំនាញ​បច្ចេកទេស​ដើម្បី​ជួយ​ផ្តល់​យោបល់​ដល់​ក្រុមការងារ
មាន​ត្រឹមតែ​ចក្ខុវិស័យ ឬ​យុទ្ធសាស្ត្រ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អ្នក​គ្រប់គ្រង​ដ៏​ល្អ​យល់​ពី​​ស្ថានភាព​ការងារ​របស់​ក្រុមការងារ ទាំងមូល រួម​ទាំង​ភារកិច្ច និង​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​របស់​ពួកគេ​​ម្នាក់ៗ​។ ប្រសិន​បើ​អ្នក​គ្រប់គ្រង​នោះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅ​ធ្វើ​នៅ​ប្រធាន​ផ្នែក​ថ្មី ​​​ខ្លួន​ត្រូវ​ ចំណាយ​ពេល​​យូរ​បន្តិច​ដើម្បី​ដឹង​ថា​  តើ​អ្វីៗ​ខ្លះ​ត្រូវ​បាន​​ធ្វើ​រួចរាល់​ហើយ?  ហើយ​ចាប់​ផ្តើម​​​​កសាង​ទំនុកចិត្ត​​​មុន​ពេល​ធ្វើ​ការ​ផ្លាស់ប្ដូរ​​ដ៏​ធំ​មួយ ឬ​ផ្តល់​ដំបូន្មាន​​ជាដើម​។

៩.មាន​ការ​សហការ​ប្រកបដោយ​ប្រសិទ្ធភាព
អ្នកគ្រប់គ្រង​មិនល្អ​ជា​រឿយៗ​មើល​ទៅ​ក្រុម​ការងារ​របស់​ខ្លួន​ដូចជា​ទាសករ ចូលចិត្ត​បញ្ជា ប្រឆាំង ឬ​ជំទាស់​ក្រុម​ការងារ​ផ្សេងទៀត​នៅ​ក្នុង​​ស្ថាប័ន​តែមួយ​។ ផ្ទុយទៅវិញ​ អ្នក​គ្រប់គ្រង​ដ៏​អស្ចារ្យ​​ម្នាក់​អាច​មើលឃើញ​បាន​វែងឆ្ងាយ​ពី​នេះ។  ពួកគេ​ធ្វើការ​ដើម្បី​ផលប្រយោជន៍​របស់​ស្ថាប័ន​ទាំងមូល ហើយ​លើកទឹកចិត្ត​ក្រុមការងារ​​ផ្សេងៗ​ទៀត​ឲ្យ​សម្រេច​បាន​លទ្ធផល​ដូច​ក្រុមការងារ​របស់​ខ្លួន​ដែរ​។

១០.ជា​អ្នក​​សម្រេចចិត្ត​ដ៏​ពូកែ​មួយ​រូប
ចៅហ្វាយ​​ល្អ មិន​មែន​ធ្វើ​អ្វី​មួយ​ភ្លាមៗ​​តាមតែ​នឹកឃើញ​ដោយ​​មិន​បាន​ឆ្លងកាត់​ការ​ពិភាក្សា​​វែកញែក​មួយ​​ដ៏​ត្រឹមត្រូវ​នោះ​ទេ។ ​ ជា​ទូទៅ បន្ទាប់​ពី​បាន​​សិក្សា​ស្វែងយល់​​ការពិត ​ពិចារណា​គំនិត និង​ទស្សនៈ​របស់​ក្រុម​ការងារ​ហើយ អ្នកដឹកនាំ​​ល្អ​មួយ​រូប​ត្រូវ​ហ៊ាន​សម្រេចចិត្ត​​ធ្វើ​ការងារ​នោះ​ និង​ប្ដេជ្ញាចិត្ត​ថា ត្រូវតែ​​សម្រេច​ធ្វើ​វា​​ឲ្យ​បាន​។ 

ប្រសិន​បើ​នៅ​ក្នុង​ស្ថាប័ន​របស់​អ្នក​ អាច​បណ្តុះបណ្តាល និង​​លើក​កម្ពស់​​​សមត្ថភាព​របស់​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ ១០ នេះ​ ​អ្នក​នឹង​កសាង​ទំនុកចិត្ត និង​ជំរុញ​ឲ្យ​ក្រុមការងារ​របស់​អ្នក​ក្លាយជា​​អ្នក​នាំ​ផ្លូវ​មួយ​សម្រាប់​អនាគត​ពួកគេ។ សូម​ចាំ​ថា ពួកគេ​ធ្វើ​តាម​អ្វី​ដែល​អ្នក​ចង់​បាន​មិនមែន​ដោយសារតែ​ពួកគេ​ត្រូវធ្វើ​ការងារ​នោះ​ជា​ចាំបាច់​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារតែ​ពួកគេ​ស្រលាញ់ និង​​ចង់​ធ្វើ​ការងារ​នោះ​ដែរ៕ 

ប្រភព៖ Inc